ភ្នំពេញប៉ុស្តិ៍ (ថ្ងៃទី ២៤ ខែមេសា
ឆ្នាំ២០១៩)
ក្រុងព្រះសីហនុលែងជាតំបន់ដែលគ្មានការអភិវឌ្ឍ និងជាឆ្នេរដ៏ស្ងប់ស្ងាត់សម្រាប់ភ្ញៀវទេសចរសាក់កាដូទៀតហើយ។ តថភាពថ្មីនេះ គឺជាអ្វីដែលយើងគ្រប់គ្នាស្វាគមន៍។ ប៉ុន្តែការវិវត្តយ៉ាងលឿន នៃទីក្រុងបានជះឥទ្ធិពលសង្គមនិងបរិស្ថានដែលមិនអាចមើលរំលងបាន។ កង្វះខាត “អត្តសញ្ញាណខ្មែរ” និង “បរិយាប័ន្ន” គឺជាបញ្ហាដែលយើងគួរតែពិចារណា។
ទីក្រុងទាំងមូលស្ថិតនៅក្នុងស្ថានភាពកំពុងសាងសង់
ជាមួយនឹងឡានដឹកស៊ីម៉ងត៍ជាច្រើនបរចុះឡើងលើផ្លូវដែលមិនទាន់ធ្វើរួច។ គ្រឿងយន្តស្ទូចនៅពាសពេញទីក្រុង
ហាក់កំពុងត្រៀមរៀបបន្តុបអគារខ្ពស់ៗពីមួយទៅមួយ។
ទីក្រុងព្រះសីហនុបានកែប្រែដល់កម្រិតមើលលែងស្គាល់
ទៅជាទីក្រុងដែលផុសផុលដោយឧស្សាហកម្មសំណង់ និងកាស៊ីណូ។
សម្រាប់ប្រជាជនខ្មែរគ្រប់រូប នៅពេលដែលទៅទស្សនាក្រុងព្រះសីហនុ
យើងតែងតែចោទសួរខ្លួនឯងអំពីអត្តសញ្ញាណជាតិរបស់ខ្លួន។ ភាពអន្ទះអន្ទែងកើតឡើងដោយសារសមត្ថភាពគ្រប់គ្រងកំណើនយ៉ាងគំហុកនៅមានកម្រិត
និងកង្វះខាតអត្តសញ្ញាណខ្មែរនៅក្នុងដំណើរការអភិវឌ្ឍ។ ក្រុងព្រះសីហនុត្រូវទទួលការហូរចូលយ៉ាងគំហុកនូវមូលធននៅពេលដែលហេដ្ឋារចនាសម្ព័ន្ធរូបវន្តមូលដ្ឋាននៅពុំទាន់មានលទ្ធភាពគ្រប់គ្រាន់នៅឡើយ។
ទីក្រុងហុយដីនៅខែប្រាំង
និងមានភក់ជ្រាំនៅខែវស្សា ជាមួយនឹងផ្លូវដែលធ្វើមិនទាន់រួច។ ផ្លូវខ្លះពុំទាន់ត្រូវបានរៀបចំដោយសារតែការអភិវឌ្ឍថ្មីពេក
និងលឿនពេក។ តម្រូវការមូលដ្ឋានដូចជាការគ្រប់គ្រងសំរាម លូទឹកកខ្វក់
និងប្រព័ន្ធទឹកស្អាត បានកើនហួសពីកម្រិតសមត្ថភាពដើមរបស់ទីក្រុង។
ផលប៉ះពាល់អវិជ្ជមានដែលផ្សារភ្ជាប់ជាមួយនឹងឧស្សាហកម្មកាស៊ីណូ
ក៏ជាបញ្ហាកង្វល់រួម ដែលសូម្បីតែស្ថានទូតចិន នៅកម្ពុជា ក៏ជារឿយៗតែងតែអំពាវនាវឲ្យមានការពង្រឹងការអនុវត្តច្បាប់
ដើម្បីការពារមុខមាត់ចិន ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា។
កង្វះខាតអត្តសញ្ញាណខ្មែរគឺបានស្តែងចេញយ៉ាងច្បាស់។
ស្លាកសញ្ញានានា ត្រូវបានសរសេរលើផ្ទាំងពណ៌ក្រហម ហើយចាប់ផ្តើមដោយពាក្យ
“ចុងគ័រ” ដែលប្រែថា “ប្រទេស ចិន”។ ស្លាកសញ្ញាខ្លះបានសរសេរខុសអក្ខរាវិរុទ្ធខ្មែរ
ដោយចម្លងចេញទាំងស្រុងពី Google-translate
ដោយគ្មានការផ្ទៀងផ្ទាត់ ហើយឈ្មោះទាំងនោះបែរទៅជាមានន័យផ្សេង
និងចម្លែក។
ទោះបីជាឆ្នេរសមុទ្រគឺជាសម្បត្តិសាធារណៈក្តីប៉ុន្តែពុំមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដើម្បីឲ្យប្រជាជនខ្មែរជាច្រើនស្រទាប់
អាចមកលំហែកាយបាន ឧទាហរណ៍ដូចជាកង្វះខាតសណ្ឋាគារ ផ្ទះសំណាក់និងភោជនីយដ្ឋានខ្មែរ
ដែលមានតម្លៃសមរម្យសម្រាប់ប្រជាជនក្នុងស្រុកជាដើម។
ការវិនិយោគជាច្រើនសន្ធឹកសន្ធាប់របស់ចិន
មានធាតុចូលរបស់កម្ពុជាតិចតួច។ ប្រជាជនខ្មែរទទួលផលប្រយោជន៍តែអំពីការជួល
ឬទិញលក់អចលនវត្ថុ ហើយផលទាំងនេះទៀតសោត មានតែប្រជាជនដែលមានអចលនវត្ថុប៉ុណ្ណោះដែលអាចទទួលបាន។
ផលប្រយោជន៍ចេញពីតម្លៃបន្ថែមនៃការអភិវឌ្ឍ ក្រៅពីការជួល និងទិញលក់អចលនវត្ថុ
ហាក់ពុំទាន់បានរីកសាយភាយដល់ស្រទាប់ប្រជាជនទូលំទូលាយនៅឡើយ។
ក្រៅពីការងារដែលមិនត្រូវការជំនាញ
យើងក៏ត្រូវចោទសួរថា តើប្រជាជនខ្មែរមានឱកាសទទួលការងារកម្រិតគ្រប់គ្រង
ឬការងារជំនាញ ឬការងារវិស្វកម្ម បានកម្រិតប៉ុនណាពីការវិនិយោគរបស់ចិននៅក្រុងព្រះសីហនុ? តើផលិតកម្មក្នុងស្រុក ទាំងផ្នែកទន់
និងផ្នែករឹង ត្រូវបានប្រើប្រាស់ជាធាតុចូលបានច្រើនប៉ុនណានៅក្នុងដំណើរការអភិវឌ្ឍទីក្រុងព្រះសីហនុ?
ចំពោះសំណួរខាងលើ អាចមានចម្លើយថា
មកពីកម្ពុជាខ្វះខាតកម្មករជំនាញ ប៉ុន្តែ ការលើកឡើងបែបនេះមិនអាចផ្តល់ទឡ្ហីករណ៍គ្រប់គ្រាន់ចំពោះតថភាពបច្ចុប្បន្ន
ដែលចិនគ្រប់-គ្រងសកម្មភាពសេដ្ឋកិច្ចមូលដ្ឋានតាំងពីការលក់គ្រឿងទេសកំប៉ិកកំប៉ុក
រហូតដល់ជាងកាត់សក់ អាហារដ្ឋានតាមផ្លូវ និងគ្លីនិកសុខភាពនោះទេ។
ពិតណាស់ថា
យើងស្វាគមន៍ការវិនិយោគរបស់ចិន ដែលបានមកដាស់ទីក្រុងមួយ ដែលធ្លាប់តែដេកលក់ដោយគ្មានសកម្មភាពសេដ្ឋកិច្ច
ប៉ុន្តែ ដំណើរការវិវត្តហាក់ផ្តេកផ្តួលទាំងស្រុងទៅលើយន្តការទីផ្សារសេរីឬដែលសេដ្ឋវិទូលោក
អាដាម ស្មុីត ហៅថា “បាតដៃអរូបីរបស់ព្រះ”។ ប្រសិនបើយើងគ្មាន ការគ្រប់គ្រងបានល្អ
និងគ្មានការបញ្ចូលឲ្យបានគ្រប់គ្រាន់នូវទស្សនវិស័យរបស់កម្ពុជា យន្តការទីផ្សារសេរី
ឬ “បាតដៃអរូបីរបស់ព្រះ" ក៏អាចប្រែក្លាយទៅជាផលប៉ះពាល់មិនល្អដល់ផលប្រយោជន៍ប្រជាជនមូលដ្ឋានដែរ។
យ៉ាងណាមិញ បញ្ហាដែលបានលើកឡើងខាងលើពុំមែនជាការពិភាក្សាអំពីការបាត់បង់អធិបតេយ្យភាពជាតិនោះទេ
ព្រោះថា សិទ្ធិសម្រេច និងអំណាចអនុវត្តច្បាប់ គឺស្ថិតនៅលើដៃកម្ពុជាទាំងស្រុង
ហើយបន្ថែមលើនេះ ស្ថានទូតចិននៅកម្ពុជាក៏តែងតែថ្កោលទោសជាសាធារណៈ ចំពោះរាល់សកម្មភាពខុសច្បាប់របស់ចិននៅកម្ពុជា
និងបានស្នើឲ្យកម្ពុជាពង្រឹងការអនុវត្តច្បាប់ដើម្បីជួយការពារមុខមាត់ចិន
ដែលខំជួយអភិវឌ្ឍកម្ពុជា។