Tuesday, August 3, 2021

កាសែត The New York Times បំភាន់សាធារណៈមតិពីកិច្ចខិតខំប្រយុទ្ធនឹងកូវីដរបស់កម្ពុជា

Freshnews, ថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២១ (តំណភ្ជាប់)

(ភ្នំពេញ)៖ អត្ថបទនេះគឺជាការឆ្លើយតបទៅនឹងអត្ថបទរបស់លោក Charles McDermid ដែលបានចុះផ្សាយនៅក្នុងកាសែត The New York Times នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដែលមានចំណងជើងថា «ទីនោះធ្លាប់ជាកន្លែងប្រណីត។ ឥឡូវកន្លែងទាំងនោះបានក្លាយជាមណ្ឌលឃុំឃាំងកូវីដដ៏អាណោចអាធម (grim Covid camps)» ដែលការបរិយាយបែបនេះគឺប្រាសចាកពីតថភាពពិតនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ។

កាសែតនេះកំពុងប្រាប់ពិភពលោកថា កម្ពុជាកំពុងឃុំឃាំងប្រជាជានខ្លួនឯង ក្នុងកាលៈទេសៈនៃជំងឺរាតត្បាតដោយមិនមានការព្យាបាល។ វាជាការពិតដែលថា កម្ពុជាជាប្រទេសតូច និងទន់ខ្សោយ។ ប្រជាជនកម្ពុជាក៏ដឹងច្បាស់ពីការពិតនេះដែរ ហើយយើងគ្មានការលាក់លៀមអ្វីទាំងអស់។ នរណាក៏អាចមើលឃើញ និងដឹងលឺពីស្ថានភាពខ្វះខាតនៃទីតាំងព្យាបាល និងចត្តាឡីស័កកូវីដ ហើយអ្នកនៅក្នុងទីតាំងនោះផ្ទាល់តែងតែចែករំលែករូបថត និងវីដេអូជាក់ស្តែង នៅលើបណ្តាញផ្សព្វផ្សាយសង្គម។

វាគឺជាការពិតដែលកម្ពុជាកំពុងស្ថិតនៅក្នុង «បន្ទាត់ក្រហម» ហើយការរអ៊ូរទាំគឺជាការចៀសមិនផុត ហើយរាជរដ្ឋាភិបាលក៏បានប្រកាសជាសាធារណៈដោយ គ្មានលាក់លៀមអំពី ស្ថានភាពធ្ងន់ធ្ងរនៃការរាតត្បាតនេះដែរ។

រាជរដ្ឋាភិបាលថែមទាំងបានអនុញ្ញាតឱ្យមានការព្យាបាលនៅតាមផ្ទះ ដោយសារបុគ្គលិកសុខាភិបាលកំពុងព្យាយាមទប់ទល់នឹងការកើនឡើងនៃករណីឆ្លង ដូច្នេះ ហើយបានជាការធ្វើតេស្តិ៍មានភាពយឺតយ៉ាវខ្លះ ហើយការពិនិត្យថែទាំអ្នកជំងឺ ឬពលរដ្ឋដែលជាប់ចត្តាឡីស័ក អាចមានការខ្វះចន្លោះ។

ដោយសារតែខ្វះបុគ្គលិកសុខាភិបាល កម្ពុជាបានចលនាពេទ្យយោធា និងពេទ្យស្ម័គ្រចិត្ត ឱ្យចូលរួមជួយគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំង និងព្យាបាលអ្នកជំងឺថែមទៀត។
ប៉ុន្តែកាសែត New York Times កំពុងតែបំភាន់សាធារណៈមតិនៅពេលដែលកាសែតនេះបរិយាយថា កម្ពុជាបានធ្លាក់ដល់កម្រិតក្លាយជា «មណ្ឌលឃុំឃាំងកូវីដដ៏អាណោចអាធម» ហើយថា អាជ្ញាធរកម្ពុជាកំពុងឃុំឃាំងពលរដ្ឋខ្លួនឯង។

ជាមួយនឹងធនធានដែលកម្ពុជាមាននៅក្នុងការទប់ស្កាត់ជំងឺរាតត្បាតដ៏កាចសាហាវនេះ ហេតុអ្វីបានជាកាសែតនេះហ៊ានបរិយាយថា ស្រុកខ្មែរ «អាណោចអាធម» នៅពេលដែលរដ្ឋញូវយ៉កខ្លួនឯងមានករណីឆ្លងជាងពីរលាននាក់ និងស្លាប់៥ម៉ឺន៣ពាន់នាក់ បើទោះបីជារដ្ឋញូវយ៉កខ្លួនឯងមានធនធានហិរញ្ញវត្ថុដ៏ធំមហិមា និងមានបុគ្គលិកសុខាភិបាល និងប្រព័ន្ធសុខាភិបាលដ៏ទំនើបផុតលេខនោះ?

ឥឡូវយើងប្រៀបធៀបទាំងអស់គ្នាលើតួលេខជាក់ស្តែង។ រដ្ឋញូវយ៉កមានប្រជាជន ១៩លាននាក់ គឺមិនសូវខុសគ្នាប៉ុន្មានជាមួយនឹងកម្ពុជាដែលមានប្រជាជន ១៦លាននាក់នោះទេ។ តែបើគិតពីទំហំសេដ្ឋកិច្ច រដ្ឋញូវយ៉កមានផលិតផលក្នុងស្រុកសរុប (ផសស) លើសពី ១,៥ទ្រីលានដុល្លារ ហើយស្រុកខ្មែរមានតែប្រមាណ ២៥ប៊ីលានដុល្លារប៉ុណ្ណោះ គឺធំលើសកម្ពុជា ៦០ដង។ បើមើលពីអត្រាចាក់វ៉ាក់សាំងនៅញូវយ៉កមានលើស ៧០% ហើយកម្ពុជាក៏មានប្រហែល ៧០%ដែរ។ ហើយគិតត្រឹមពេលបច្ចុប្បន្ននេះ កម្ពុជាមានករណីឆ្លងលើសពី៧ម៉ឺននាក់ និងស្លាប់ជាង ១ពាន់៣រយនាក់។ នេះគឺវាខុសគ្នាឆ្ងាយណាស់ជាមួយនឹងករណីឆ្លង និងការស្លាប់ដោយសារកូវីដនៅរដ្ឋញូវយ៉ក។