(ភ្នំពេញ)៖ អត្ថបទនេះគឺជាការឆ្លើយតបទៅនឹងអត្ថបទរបស់លោក Charles
McDermid ដែលបានចុះផ្សាយនៅក្នុងកាសែត The New
York Times នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដែលមានចំណងជើងថា «ទីនោះធ្លាប់ជាកន្លែងប្រណីត។
ឥឡូវកន្លែងទាំងនោះបានក្លាយជាមណ្ឌលឃុំឃាំងកូវីដដ៏អាណោចអាធម (grim Covid
camps)» ដែលការបរិយាយបែបនេះគឺប្រាសចាកពីតថភាពពិតនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា
ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ។
កាសែតនេះកំពុងប្រាប់ពិភពលោកថា
កម្ពុជាកំពុងឃុំឃាំងប្រជាជានខ្លួនឯង
ក្នុងកាលៈទេសៈនៃជំងឺរាតត្បាតដោយមិនមានការព្យាបាល។ វាជាការពិតដែលថា
កម្ពុជាជាប្រទេសតូច និងទន់ខ្សោយ។ ប្រជាជនកម្ពុជាក៏ដឹងច្បាស់ពីការពិតនេះដែរ
ហើយយើងគ្មានការលាក់លៀមអ្វីទាំងអស់។ នរណាក៏អាចមើលឃើញ
និងដឹងលឺពីស្ថានភាពខ្វះខាតនៃទីតាំងព្យាបាល និងចត្តាឡីស័កកូវីដ
ហើយអ្នកនៅក្នុងទីតាំងនោះផ្ទាល់តែងតែចែករំលែករូបថត និងវីដេអូជាក់ស្តែង
នៅលើបណ្តាញផ្សព្វផ្សាយសង្គម។
វាគឺជាការពិតដែលកម្ពុជាកំពុងស្ថិតនៅក្នុង «បន្ទាត់ក្រហម» ហើយការរអ៊ូរទាំគឺជាការចៀសមិនផុត
ហើយរាជរដ្ឋាភិបាលក៏បានប្រកាសជាសាធារណៈដោយ គ្មានលាក់លៀមអំពី
ស្ថានភាពធ្ងន់ធ្ងរនៃការរាតត្បាតនេះដែរ។
រាជរដ្ឋាភិបាលថែមទាំងបានអនុញ្ញាតឱ្យមានការព្យាបាលនៅតាមផ្ទះ
ដោយសារបុគ្គលិកសុខាភិបាលកំពុងព្យាយាមទប់ទល់នឹងការកើនឡើងនៃករណីឆ្លង ដូច្នេះ
ហើយបានជាការធ្វើតេស្តិ៍មានភាពយឺតយ៉ាវខ្លះ ហើយការពិនិត្យថែទាំអ្នកជំងឺ
ឬពលរដ្ឋដែលជាប់ចត្តាឡីស័ក អាចមានការខ្វះចន្លោះ។
ដោយសារតែខ្វះបុគ្គលិកសុខាភិបាល
កម្ពុជាបានចលនាពេទ្យយោធា និងពេទ្យស្ម័គ្រចិត្ត
ឱ្យចូលរួមជួយគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំង និងព្យាបាលអ្នកជំងឺថែមទៀត។
ប៉ុន្តែកាសែត New York Times កំពុងតែបំភាន់សាធារណៈមតិនៅពេលដែលកាសែតនេះបរិយាយថា
កម្ពុជាបានធ្លាក់ដល់កម្រិតក្លាយជា «មណ្ឌលឃុំឃាំងកូវីដដ៏អាណោចអាធម» ហើយថា អាជ្ញាធរកម្ពុជាកំពុងឃុំឃាំងពលរដ្ឋខ្លួនឯង។
ជាមួយនឹងធនធានដែលកម្ពុជាមាននៅក្នុងការទប់ស្កាត់ជំងឺរាតត្បាតដ៏កាចសាហាវនេះ
ហេតុអ្វីបានជាកាសែតនេះហ៊ានបរិយាយថា ស្រុកខ្មែរ «អាណោចអាធម» នៅពេលដែលរដ្ឋញូវយ៉កខ្លួនឯងមានករណីឆ្លងជាងពីរលាននាក់
និងស្លាប់៥ម៉ឺន៣ពាន់នាក់ បើទោះបីជារដ្ឋញូវយ៉កខ្លួនឯងមានធនធានហិរញ្ញវត្ថុដ៏ធំមហិមា
និងមានបុគ្គលិកសុខាភិបាល និងប្រព័ន្ធសុខាភិបាលដ៏ទំនើបផុតលេខនោះ?
ឥឡូវយើងប្រៀបធៀបទាំងអស់គ្នាលើតួលេខជាក់ស្តែង។ រដ្ឋញូវយ៉កមានប្រជាជន ១៩លាននាក់ គឺមិនសូវខុសគ្នាប៉ុន្មានជាមួយនឹងកម្ពុជាដែលមានប្រជាជន ១៦លាននាក់នោះទេ។ តែបើគិតពីទំហំសេដ្ឋកិច្ច រដ្ឋញូវយ៉កមានផលិតផលក្នុងស្រុកសរុប (ផសស) លើសពី ១,៥ទ្រីលានដុល្លារ ហើយស្រុកខ្មែរមានតែប្រមាណ ២៥ប៊ីលានដុល្លារប៉ុណ្ណោះ គឺធំលើសកម្ពុជា ៦០ដង។ បើមើលពីអត្រាចាក់វ៉ាក់សាំងនៅញូវយ៉កមានលើស ៧០% ហើយកម្ពុជាក៏មានប្រហែល ៧០%ដែរ។ ហើយគិតត្រឹមពេលបច្ចុប្បន្ននេះ កម្ពុជាមានករណីឆ្លងលើសពី៧ម៉ឺននាក់ និងស្លាប់ជាង ១ពាន់៣រយនាក់។ នេះគឺវាខុសគ្នាឆ្ងាយណាស់ជាមួយនឹងករណីឆ្លង និងការស្លាប់ដោយសារកូវីដនៅរដ្ឋញូវយ៉ក។