ទស្សនៈមិត្តអ្នកអាន, Freshnews, ថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០២២ (តំណភ្ជាប់)
(ភ្នំពេញ)៖ ពាក្យថា « ខ្មែរក្រទៅក្រទៅ» នរណាក៏ធ្លាប់ស្តាប់លឺពាក្យនេះដែរ ហើយដល់ស្តាប់យូរទៅ
ហើយថែមទាំងឃើញឡានលុចស៊ីស រ៉ូលរ៉យ ជិះពេញផ្លូវនៅក្រុងភ្នំពេញ
ទន្ទឹមគ្នានឹងអ្នកដើរសុំទាននៅតាមភ្លើងស្តុប យើងក៏ប្រហែលជាអាចនឹកភ្នកក្នុងចិត្តថា
តិចដូចគេថាមែនទៅ។ តើយើងគួរជឿតាមគេថា ឬគួរជឿតាមអារម្មណ៍ ដោយគ្មានការពិចារណាឬយ៉ាងណា?
ប្រាកដជាអត់ហើយ។
បើដូច្នេះ តើយើងមានអំណះអំណាង ឬសូចនាករអ្វីដើម្បីធ្វើជាមូលដ្ឋានវាស់វែងភាពមានក្រ
និងដើម្បីវែកញែក ដោយសត្យានុម័តទៅលើសំណួរខាងលើនេះ?
ឥឡូវយើងពិភាក្សា
និងពិចារណាលើបញ្ហានេះទាំងអស់គ្នា។
ដំបូង យើងយកតួលេខវិទ្យាសាស្ត្រមកពិនិត្យ។ ដើម្បីដឹងថាប្រទេសមួយក្រ
ឬមាន ជាទូទៅគឺគេពិនិត្យមើលលើអត្រាភាពក្រីក្រ
ពោលគឺភាគរយនៃចំនួនប្រជាជនដែលរស់នៅក្រោមបន្ទាត់ក្រីក្រ ដែលមានចំណូលតិចជាង១,៩ដុល្លារក្នុងមួយថ្ងៃ។
សូចនាករមួយទៀតគឺការពិនិត្យមើលទំហំនៃផលិតផលសរុបក្នុងស្រុក (ផ.ស.ស ឬ GDP) ឬចំណូលជាតិដុល (GNI) ក្នុងប្រជាជនម្នាក់ៗ។
តួលេខរបស់ធនាគារពិភពលោកបានបង្ហាញថា
អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះពី ពី ៥៣% ក្នុងឆ្នាំ២០០៤, មកនៅ ៤៧,៨% នៅឆ្នាំ២០០៧ និងមកនៅត្រឹម ១៣,៥%នៅឆ្នាំ២០១៤។
តួលេខនេះបានបន្តធ្លាក់ចុះនៅក្រោមកម្រិត ១០% នៅមុនពេលវិបត្តិជំងឺកូវីដ-១៩ វាយលុក។
ដើម្បីទប់កុំឱ្យពលរដ្ឋជាច្រើនធ្លាក់ក្នុងស្ថានភាពក្រីក្រសាជាថ្មី
ដោយសារវិបត្តិជំងឺកូវីដ
រាជរដ្ឋាភិបាលបានបញ្ចេញសាច់ប្រាក់ជាង៤០លានដុល្លារក្នុងមួយខែ
ដើម្បីឧបត្ថម្ភជីវភាពដល់ក្រុមគ្រួសារក្រីក្រជាង ៧សែនគ្រួសារ ឬស្មើនឹងប្រជាជនជាង
៣លាននាក់។
យ៉ាងណាក្តី
យោងតាមការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច និងសង្គម ថ្មីៗនេះ
កម្ពុជាបានកំណត់ខ្សែបន្ទាត់ភាពក្រីក្រឡើងវិញ
តាមរយៈការប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកម្ពុជាថ្មីបំផុត ឆ្នាំ
២០១៩/២០២០ ហើយខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិនៅកម្ពុជា បច្ចុប្បន្នគឺស្មើនឹង
១០.៩៥១ រៀល ឬស្មើនឹង ២,៧ ដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ
។ ជាមួយនឹងខ្សែបន្ទាត់ភាពក្រីក្រថ្មីនេះ ប្រហែល ១៨%
នៃប្រជាជនកម្ពុជាត្រូវបានកំណត់ថាជាអ្នកក្រីក្រ។
បើគ្មានវិបត្តិកូវីដកើតឡើងទេ
អត្រាភាពក្រីក្ររបស់កម្ពុជាគឺធ្លាក់ថយចុះជាលំដាប់ ដូច្នេះ ការនិយាយថា
ខ្មែរក្រទៅក្រទៅគឺមិនត្រឹមត្រូវនោះទេ។ កំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យម ៧,៧%
ក្នុងចន្លោះពីឆ្នាំ១៩៩៨ ដល់ឆ្នាំ ២០១៩
បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានកំណើនលឿនបំផុតមួយនៅក្នុងពិភពលោក
និងបានចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រផងដែរ។ ក្នុងចំណោម ៦៩ ប្រទេស
ដែលមានទិន្នន័យអាចប្រៀបធៀបគ្នាបាន ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៨
កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទីបួនលើការកាត់បន្ថយភាពក្រីក្រលឿនបំផុតក្នុងពិភពលោក។