Friday, October 17, 2014

វារីអគ្គិសនី: ឥទ្ធិពលចិន និង បញ្ហាបរិស្ថាន?



វារី​អគ្គិសនី: ឥទ្ធិពល​ចិន និង បញ្ហា​បរិស្ថាន?
ដោយស៊ឹម វីរៈ
កាសែត​ប៉ុស្តិ៍ខ្មែរ  លិខិត​មិត្តអ្នកអាន ចុះថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៤​


តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​គឺ​មាន​តម្លៃ​ថ្លៃ​ជាង​គេ​នៅ​ក្នុង​តំបន់​ដែល​ជា​របាំង​មួយ​ក្នុង​ការ​ទាក់​ទាញ​វិនិយោគិន​បរទេស។ រដ្ឋាភិបាល​រំពឹង​ថា បញ្ហា​នេះ​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ពេល​ថាមពល​ពី​វារី​អគ្គិសនី​ចាប់​ដំណើរការ។

នៅ​ក្នុង​ការ​ពិភាក្សា​ទាក់​ទង​ទៅ​នឹង​រោងចក្រ​ថាមពល​វារី​អគ្គិសនី​យើង​សង្កេត​ឃើញ​មាន​លក្ខណ​ពិសេស​ពីរ​យ៉ាង ទី១ គឺការ​បន្ទោស​ប្រទេស​ចិននិង ទី២ ការ​ផ្តោត​អារម្មណ៍​ខ្លាំង​ទៅ​លើ​ផល​ប៉ះពាល់​បរិស្ថាន ពោល​គឺ​សុទ្ធ​តែ​ជា​ទ្រឹស្តី​អវិជ្ជមាន។

លក្ខណ​ពិសេស ទី១ ការ​បន្ទោស​ប្រទេស​ចិនចំណុច​នេះ​កើត​ឡើង​ដោយ​សារ​ថា ភាគ​ច្រើន​នៃ​គម្រោង​រោងចក្រ​ថាមពល​វារី​អគ្គិសនី​សុទ្ធ​តែ​ពាក់​ព័ន្ធ​ជាមួយ​នឹង ប្រទេស​ចិន។ យោង​តាម​ក្រសួង​រ៉ែ និង​ថាមពល ក្រុម​ហ៊ុន​របស់​ចិន បាន​វិនិយោគ​ជាង ១៦០០ លាន​ដុល្លារ លើ​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ចំនួន ៦ ដែល​អាច​ផ្គត់​ផ្គង់​ថាមពល​បាន ៩២៨ មេហ្គាវ៉ាត់។ តួលេខ​នេះ​ហាក់​ក្លាយ​ជា​មូលដ្ឋាន​ចម្បង​ក្នុង​ការ​ទាញ​សេចក្តី​សន្និដ្ឋាន​ថា កម្ពុជា​ប្រហែល​ជា​ផ្តល់​អភ័យ​ឯកសិទ្ធិ​ពិសេស​ផ្តាច់​មុខ​ដល់ ប្រទេស​ចិន។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ យើង​ក៏​គួរ​តែ​ឆ្ងល់​ដែរ​ថា ហេតុ​អ្វី​បាន​ជា​ប្រទេស​ដទៃ​ទៀត​មិន​ធ្វើ ឬ មិន​ចង់​ធ្វើ​គម្រោង​បែប​នេះ។

ជប៉ុន ដែល​ជា​ប្រទេស​ផ្តល់​ជំនួយ​ធំ​បំផុត​មួយ​របស់​កម្ពុជា​មិន​ដែល​មាន​គម្រោង​ទាក់​ទង​នឹង​រោងចក្រ​ថាមពល​វារី​អគ្គិសនី​ទ្រង់​ទ្រាយ​ធំ​នៅ​កម្ពុជា​នោះ​ឡើយ តាំង​ពី​ជប៉ុន​ចាប់​ផ្តើម​ឡើង​វិញ​នូវ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ​ដល់​កម្ពុជា​នៅ ឆ្នាំ​១៩៩២។ តើ​នេះ​បណ្ដាល​មក​ពី​មូល​ហេតុ​អ្វី?

គម្រោង​ទំនប់​វារី​អគ្គិសនី ណាម៉ាដា នៅ ឥណ្ឌា និង កូតូប៉ានចាំង នៅ​ឥណ្ឌូនេស៊ី គឺជា​ចម្លើយ​ចំពោះ​សំណួរ​ខាង​លើ។ គម្រោង​ទាំង​នេះ​គឺជា​បទ​ពិសោធ​ដ៏​ជូរ​ចត់​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​ធ្វើ​ឲ្យ​ជប៉ុន​មាន​ការ​រារែក​ក្នុង​ការ​ប្រឡូក​ជាមួយ​នឹង​គម្រោង​បែប​នេះ ដែល​តែង​តែ​បញ្ឆេះ​នូវ​ការ​ប្រទូស​រ៉ាយ​មិន​ចេះ​ចប់​រវាង​ក្រុម​ដែល​ការពារ​បរិស្ថាន និង​អាជ្ញាធរ ហើយ​នៅ​ទីបញ្ចប់​គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ខ្លួន​ដែល​ជា​ម្ចាស់​ជំនួយ​ទៅ​វិញ។

ប្រទេស​អភិវឌ្ឍន៍​ដែល​ជា​សមាជិក​នៃ​អង្គការ​ដើម្បី​កិច្ច​សហ​ប្រតិបត្តិការ និង​អភិវឌ្ឍន៍ (OECD) បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​សរុប​ប្រហែល ២០០ លាន​ដុល្លារ​ពី ឆ្នាំ​២០០០ ដល់ ឆ្នាំ​២០១២ នៅ​ក្នុង​វិស័យ​ថាមពល។ ពិត​ណាស់​ថា ប្រទេស​ទាំង​នេះ​អាច​ជួយ​លើ​គម្រោង​ធំៗ​ដូចជា​រោងចក្រ​ថាមពល​វារី​អគ្គិសនី ដោយ​ប្រើ​ប្រាស់​ប្រាក់​កម្ចី​បាន ប៉ុន្តែ ស្ថិតិ​កន្លង​មក​បាន​បង្ហាញ​ថា ជប៉ុន អាល្លឺម៉ង់ អូស្ត្រាលី និង បារាំង ជាដើម បាន​ជ្រើស​រើស​ការ​ជួយ​លើ​គម្រោង​ដែល​មាន​លក្ខណៈ​មិន​សូវ​រសើប ដូច​ជា ការ​ជួយ​ទៅ​លើ​ខ្សែ​បញ្ជូន​ចរន្ត និង​ប្រព័ន្ធ​ចែក​ចាយ​អគ្គិសនី​វិញ ។ ឧទាហរណ៍​ជាក់​ស្តែង ជប៉ុន ទើប​តែ​ផ្តល់​ប្រាក់​កម្ចី​ប្រហែល ៦៥ លាន​ដុល្លារ កាល​ពី ខែ​មិថុនា កន្លង​មក​នេះ​ដើម្បី​ជួយ​ពង្រីក​ប្រព័ន្ធ​ចែក​ចាយ​អគ្គិសនី​នៅ ទីក្រុង​ភ្នំពេញ។

ការ​បកស្រាយ​ខាង​លើ​គឺ​ចង់​បញ្ជាក់​ថា ទោះ​បី​ជា​ប្រទេស​នោះ​ជា​ប្រទេស​ដែល​មាន​បច្ចេកវិទ្យា​ជឿន​លឿន និង​គិត​គូរ​ពី​បរិស្ថាន​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​ប្រទេស​ណា​ដែល​អាច​ធ្វើ​វារី​អគ្គិសនី​ដោយ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​បាន​ដែរ។

ដូច្នេះ ជា​ជាង​ការ​បន្ទោស​ប្រទេស​ចិន យើង​គួរ​សួរ​ទៅ​វិញ​ថា បើ​ចិន​មិន​ធ្វើ​រោងចក្រ​ថាមពល​វារី​អគ្គិសនី តើ​មាន​ប្រទេស​ណា​ដែល​អាច​ជួយ​កម្ពុជា​លើ​វិស័យ​នេះ?

លក្ខណ​ពិសេស ទី២ ការ​ផ្តោត​អារម្មណ៍​ខ្លាំង​ទៅ​លើ​ផល​ប៉ះពាល់​បរិស្ថាន។

ការ​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​កម្ពុជា​កាល​ពី ឆ្នាំ​២០១៣ មាន​ចំនួន ៤២៩៧ លាន​គីឡូវ៉ាត់​ម៉ោង ហើយ​កម្ពុជា​ពឹង​ផ្អែក​លើ​អគ្គិសនី​នាំ​ចូល​ពី វៀតណាម និង ថៃ ជាង ៦០ ភាគរយ។ អគ្គិសនី​នៅ​កម្ពុជា​មាន​តម្លៃ​ខ្ពស់​ជាង​គេ​ក្នុង​តំបន់ ដោយ​សារ​កម្ពុជា​ខ្វះ​ប្រព័ន្ធ​ចែក​ចាយ​ចរន្ត​អគ្គិសនី តង់ស្យុង ខ្ពស់​ហើយ ៩០ ភាគ​រយ​នៃ​ការ​ផលិត​អគ្គិសនី​ក្នុង​ស្រុក​គឺ​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

យោង​តាម​ការ​ប្រៀប​ធៀប​សោហ៊ុយ​វិនិយោគ​របស់​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ជប៉ុន (JETRO) តម្លៃ​អគ្គិសនី​នៅ​ភ្នំពេញ គឺ​ប្រហែល ៧២០ រៀល​ដែល​ជា​តម្លៃ​ខ្ពស់​បើ​ប្រៀប​ធៀប​នឹង ក្រុង​បាងកក (ថៃ) ដែល​មាន​តម្លៃ ៤០០ រៀល ហាណូយ និង ហូជីមិញ (វៀតណាម) តម្លៃ ៣៦០ រៀល យ៉ាំងហ្គោន (មីយ៉ាន់ម៉ា) ៤៨០ រៀល និង វៀងចន្ទន៍ (ឡាវ) ២០០ រៀល។

វិនិយោគិន​ជប៉ុន ភាគ​ច្រើន​គឺ​មក​បោះ​ទីតាំង​រោងចក្រ​របស់​ខ្លួន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស។ បើ​យើង​ប្រៀប​ធៀប​តម្លៃ​អគ្គិសនី​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស យោង​តាម​ការ​ស្ទាប​ស្ទង់​ដោយ​ធនាគារ​មួយ​របស់ ជប៉ុន បាន​បង្ហាញ​ថា អគ្គិសនី​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​ភ្នំពេញ មាន​តម្លៃ​ប្រហែល ៨០០ រៀល។ តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ ក្រុង​បាវិត មាន​តម្លៃ​តែ ៦០០ រៀល​ទេ ប៉ុន្តែ​ក្នុង ១ ថ្ងៃ​ដាច់​ភ្លើង​ជាង ២០​ដង។ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​ព្រះ​សីហនុ វិញ​អគ្គិសនី​មាន​តម្លៃ ៩៦០ រៀល។

សម្រាប់​វិនិយោគិន​ភាគ​ច្រើន​តម្លៃ​អគ្គិសនី និង​ការ​ផ្គត់​ផ្គង់​ប្រកប​ដោយ​ស្ថិរភាព គឺជា​បញ្ហា​ប្រឈម​មួយ​ដែល​រារាំង​ការ​វិនិយោគ​នៅ​កម្ពុជា ជា​ពិសេស​ចំពោះ​ក្រុម​ហ៊ុន​ផលិតកម្ម​ដែល​ត្រូវ​ការ​ប្រើ​ប្រាស់​អគ្គិសនី​ច្រើន។

រាជ​រដ្ឋាភិបាល​ដឹង​ច្បាស់​ថា វិស័យ​ឯកជន​ដើរ​តួនាទី​ស្នូល​ក្នុង​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​បង្កើត​ការងារ ដូច្នេះ គឺជា​រឿង​ធម្មតា​ដែល​រាជ​រដ្ឋាភិបាល​ខិតខំ​ប្រឹង​ប្រែង​បង្កើន​ការ​ផលិត​អគ្គិសនី​ក្នុង​ស្រុក​ដើម្បី​ឆ្លើយ​តប​ឲ្យ​បាន​គ្រប់​គ្រាន់​ទៅ​នឹង​តម្រូវ​ការ។ ការ​ទាម​ទារ​ឲ្យ​មាន​ការ​ផ្គត់ផ្គង់​គ្រប់​គ្រាន់​គឺ​មិន​មែន​ដើម្បី​តែ​ទាក់​ទាញ​វិនិយោគ​មួយ​មុខ​ទេ ប៉ុន្តែ បញ្ហា​នេះ​ក៏​សំខាន់​ផង​ដែរ​ចំពោះ​បញ្ហា​សន្តិសុខ​ជាតិ។ នរណា​ក៏​អាច​យល់​បាន​ដែរ​ថា គ្មាន​នរណា​ស្រណុក​ចិត្ត ស្រណុក​កាយ​ជាមួយ​នឹង​ការ​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​ថាមពល​ពី​ប្រទេស​ជិត​ខាង​ដល់​ទៅ​ជាង ៦០ ភាគ​រយ​នោះ​ទេ។

មាន​ជម្រើស​ច្រើន​ក្នុង​ការ​បង្កើន​ផលិតកម្ម​អគ្គិសនី ប៉ុន្តែ​បើ​គិត​លើ​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា បច្ចុប្បន្ន ថាមពល​វារី​អគ្គិសនី​គឺ​ជា​ជម្រើស​ដែល​អំណោយ​ផល​ជាង​គេ​បើ​ប្រៀប​ធៀប​ទៅ​លើ​តម្លៃ និង​ប្រសិទ្ធភាព​ហើយ​ថែម​ទាំង​គ្មាន​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​បំពុល​បរិយាកាស​ទៀត​ផង។ ក្រៅ​ពី​ការ​ផលិត​អគ្គិសនី ប្រសិន​បើ​មាន​ការ​គិត​គូរ​ត្រឹម​ត្រូវ ទំនប់​វារី​អគ្គិសនី​ក៏​មាន​តួនាទី​គ្រប់​គ្រង​ការ​ផ្គត់​ផ្គង់​ទឹក​គ្រប់​គ្រង​ទឹក​ជំនន់ និង​ជួយ​សម្រួល​ដល់​ការ​ស្រោច​ស្រព​ផង​ដែរ។

ថាមពល​កកើត​ឡើង​វិញ​ផ្សេង ទៀត​ដូច​ជា ជីវ​ឥន្ធនៈ ខ្យល់ ពន្លឺ​ព្រះ​អាទិត្យ ជាដើម ក៏​អាច​ជា​ជម្រើស​មួយ​ដែរ​សម្រាប់​ការ​ផ្គត់​ផ្គង់​ខ្នាត​តូច ប៉ុន្តែ ដើម្បី​ផ្គត់​ផ្គង់​តម្រូវ​ការ​ឧស្សាហកម្ម ថាមពល​ទាំង​នោះ​មាន​ចំណុច​ខ្សោយ​នៅ​ត្រង់​ស្ថិរភាព​នៃ​ការ​ផ្គត់​ផ្គង់ និង​ការ​ចំណាយ​ទុន​ខ្ពស់ ដូច្នេះ តម្លៃ​ក៏​ឡើង​ខ្ពស់​ដែល​ធ្វើ​ឲ្យ​ជម្រើស​ទាំង​នេះ​បាត់​បង់​ភាព​ទាក់​ទាញ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ទូទៅ ក៏​ដូច​ជា​ក្រុម​ហ៊ុន​ឧស្សាហកម្ម។ មក​ទល់​ពេល​នេះ មាន​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​បាន​ខិតខំ​អភិវឌ្ឍ ថាមពល​បែប​នេះ​ដែរ ប៉ុន្តែ​យើង​ពុំ​ទាន់​ឃើញ​មាន​ជោគ​ជ័យ​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ បើ​គិត​ទៅ​លើ​ទុន​វិនិយោគ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដែល ពួក​គេ​បាន​ចំណាយ។

ជា​រួម​ការ​ពិចារណា​លើ​ផល​ប៉ះពាល់​បរិស្ថាន​គឺ​ត្រូវ​តែ​មាន​ដោយ​ខាន​មិន​បាន ប៉ុន្តែ​ក្នុង​ការ​ពិភាក្សា​ប្រៀប​ធៀប យើង​ក៏​គួរ​សម្លឹង​មើល​ទៅ​លើ​គុណ​ប្រយោជន៍​របស់​រោងចក្រ​វារី​អគ្គិសនី​ផង​ដែរ ក្នុង​បរិបទ​នៃ​ស្ថានភាព និង​សុខុមាលភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ទាំង​មូល។

ជាក់​ស្តែង ក្រៅ​ពី​ការ​វិភាគ​លើ​ផល​ប៉ះពាល់​បរិស្ថាន យើង​ក៏​គួរ​មាន​ការ​សិក្សា​វិភាគ​សមរម្យ​មួយ ទៅ​លើ​លទ្ធផល​សេដ្ឋកិច្ច​ដែល​រោងចក្រ​វារី​អគ្គិសនី​បាន​បង្កើត​ឡើង​ផង​ដែរ។ ឧទាហរណ៍ តើ​គ្រួសារ​ចំនួន​ប៉ុន្មាន​ដែល​ទទួល​បាន​អគ្គិសនី​ប្រើ​ប្រាស់? តើ​ថ្លៃ​អគ្គិសនី​ថយ​ចុះ​ប៉ុន្មាន? តើ​ការ​ចំណាយ​របស់​ប្រជាជន និង​ក្រុម​ហ៊ុន​ថយ​ចុះ​ប៉ុន្មាន​ដែរ? តើ​ក្រុម​ហ៊ុន​ប៉ុន្មាន​ដែល​ចូល​មក​វិនិយោគ​ក្រោយ​មាន​រោងចក្រ​វារី​អគ្គិសនី? តើ​ក្រុមហ៊ុន​នោះ​បង្កើត​ការងារ​បាន​ប៉ុន្មាន? បង្កើត​ចំណូល​បាន​ប៉ុន្មាន? ទ្រទ្រង់​ជីវភាព​ប្រជាជន​ប៉ុន្មាន​គ្រួសារ។ល។

ដូច្នេះ ប្រសិន​បើ​យើង​ពិចារណា​លើ​កត្តា​គុណ​ប្រយោជន៍​សេដ្ឋកិច្ច និង​សន្តិសុខ​ជាតិ វា​ជា​ការ​សមរម្យ​ដែល​យើង​ទាញ​សេចក្តី​សន្និដ្ឋាន​ថា ក្នុង​ស្ថានភាព​អភិវឌ្ឍ​បច្ចុប្បន្ន​របស់​កម្ពុជា រោងចក្រ​ថាមពល វារី​អគ្គិសនី​មិន​មែន​ជា​បញ្ហា «ចង់ បាន ឬ មិន​ចង់​បាន» នោះ​ទេ ប៉ុន្តែ វា​ជា​តម្រូវ​ការ​ដែល «ចាំ​បាច់»៕ 

ដោយ ស៊ឹម វីរៈ មន្ត្រី​ការ​ទូត តូក្យូ

No comments: