ភាពជ្រុលនិយមគឺជាការគិត ឬសកម្មភាព
ដោយយោងទៅលើគុណតម្លៃដែលត្រូវបានគិតថាល្អក្រៃលែង
ដែលមិនអាចនឹងតតាំងបាន។
ការប្រកាន់ភាពជ្រុលនិយមនឹងធ្វើឲ្យយើងបដិសេធចោលនូវរាល់គុណតម្លៃផ្សេងទៀត
ដោយពុំមានការវិនិច្ឆ័យឬវិភាគ។
ភាពជ្រុលនិយមគឺជាការបិទផ្នត់គំនិត។
ពេលខ្លះនិន្នាការសង្គមគឺជាអ្នកជំរុញផ្នត់គំនិតបែបនេះ
ដោយម្នាក់ៗគិតថា “ឡូយ”
នៅពេលដែលគេប្រកាន់យកគុណតម្លៃណាមួយដល់កម្រិតស៊ប់
និងជ្រុលហួសហេតុ ព្រោះវាងាយនឹងអាចសង្គមមើលឃើញ
វាងាយនឹងលេចធ្លោ។
មិនថា ស្តាំនិយមឬឆ្វេងនិយម ឲ្យតែជ្រុលគឺសុទ្ធតែមានគ្រោះថ្នាក់ដល់ភាពសុខដុមនៃសង្គម។ ការឲ្យតម្លៃខ្ពស់ហួសហេតុលើការផ្លាស់ប្តូរនិងភាពជាសកម្មជន ដែលគ្មានការពិចារណាលើភាពជាក់ស្តែងនៃការវិវត្តនៃសង្គម និងដំណាក់កាលអភិវឌ្ឍទៅតាមបរិបទដោយឡែកនៃប្រទេសមួយៗ គឺពុំមានផលវិជ្ជមានចំពោះសង្គមនោះទេហើយថែមទាំងមានគ្រោះថ្នាក់ទៀតផង។
ភាពជ្រុលនិយម និងប្រជាកលនិយម (populism) ដែលកំពុងកើតមាននៅអឺរ៉ុប គឺជាមេរៀនដែលកម្ពុជាត្រូវចៀសវាង។ វារឹតតែគ្រោះថ្នាក់ថែមទៀតសម្រាប់សង្គមមួយដែលផុយស្រួយងាយបែកបាក់ដូចកម្ពុជា ហើយងាយនឹងត្រូវបានគេបញ្ឆេះហិង្សា។ សង្គមយើងគួរជំរុញការអនុវត្តភាពនិយមកណ្តាលដោយលើកទឹកចិត្តឲ្យពលរដ្ឋប្រកាន់យកភាពកណ្តាលរវាងគុណតម្លៃផ្សេងៗ ជាជាងការប្រកាន់នូវគុណតម្លៃ ឬជំនឿអ្វីមួយស៊ប់ហួសហេតុ។
អ្នកដឹកនាំសាធារណមតិ អ្នកជំនាញ និងអ្នកវិភាគគឺជាជនគំរូដែលត្រូវដើរនាំមុខក្នុងកិច្ចការនេះ។ អ្នកជំនាញ និងអ្នកវិភាគ គឺសំដៅលើបុគ្គលទាំងឡាយ ដែលបានធ្វើការស្រាវជ្រាវជ្រៅជ្រះ សរសេរអត្ថបទសិក្សាច្រើន ឬបានធ្វើការងារ និងមានបទពិសោធច្រើន ក្នុងវិស័យណាមួយ។
តាមរយៈការសិក្សាស្រាវជ្រាវធ្វើឲ្យអ្នកជំនាញ និងអ្នកវិភាគ តែងតែប្រកាន់ភាពនិយមកណ្តាល ព្រោះពួកគេតែងតែពិចារណា និងវិភាគពីមុំ និងទស្សនៈជាច្រើនមុននឹងគេអាចអះអាងលើសេចក្តីសន្និដ្ឋានណាមួយ ដោយមានការថ្លឹងថ្លែងរវាងទស្សនៈផ្ទុយផ្សេងៗ។
ការថ្លឹងថ្លែងរវាងគុណតម្លៃ និងផលប្រយោជន៍ផ្ទុយផ្សេងៗ នឹងធានាឲ្យមានភាពនិយមកណ្តាលនៅក្នុងការគិត និងសកម្មភាព។ គុណតម្លៃតែងតែយោងទៅលើការវិនិច្ឆ័យជាអត្តនោម័ត ដូច្នេះពេលខ្លះយើ ងពិបាកនឹងកំណត់ឲ្យដាច់ណាត់រវាងត្រូវ និងខុស។ ឥឡូវខ្ញុំសូមលើកនូវសំណួរមួយចំនួនដើម្បីប្រជែងនឹងផ្នត់គំនិតរបស់យើង។
អ្វីទៅដែលហៅថាយុត្តិធម៌? បើមាននរណាម្នាក់សម្លាប់ក្រុមគ្រួសារអ្នកតើអ្នកនឹងសម្លាប់គេ វិញដើម្បីយុត្តិធម៌ឬ? តើយុត្តិធម៌មានអត្ថន័យដូចម្តេច ចំពោះជនរងគ្រោះ ចំពោះច្បាប់ ចំពោះសង្គម និងចំពោះសន្តិភាព?
នៅពេលដែលសាធារណមតិគិតថា ស្ពានឫស្សីដ៏ល្បីល្បាញ គួរតែត្រូវបានអភិរក្ស ប៉ុន្តែម្ចាស់អ្នកសាងស្ពានត្រូវខាតរៀងរាល់ឆ្នាំ អ៊ីចឹងតើយើងគួរជំរុញឲ្យរក្សា “ផលប្រយោជន៍សាធារណៈ” ដែរឬទេ?
នៅពេលដែលយើងគិតថា មតិភាគច្រើនគឺសំខាន់ អ៊ីចឹងចុះបើយើងទាំងអស់ចង់ធ្វើការតិច ចង់បានលុយច្រើន ហើយមិនចង់បង់ពន្ធ តើយើងត្រូវធ្វើដូចម្តេច? អ្វីទៅដែលកំណត់ថា ជាមតិភាគច្រើននោះ?
នៅពេលដែលយើងគិតថា ការរក្សាអត្តសញ្ញាណវប្បធម៌មានសារៈសំខាន់ អ៊ីចឹងតើយើងគួរតែបង្កើត “សារមន្ទីរតាំងមនុស្ស” ដើម្បីបង្ហាញភ្ញៀវទេសចរឬ?
នៅពេលដែលយើងជំរុញសមភាពយេនឌ័រ តើមានន័យថា យើងត្រូវបំបាត់ចោល “ច្បាប់ស្រី” ឬរំលាយក្រសួងកិច្ចការនារីឬដើម្បីបង្ហាញថាយើងបានសម្រេចសមភាពយេនឌ័រហើយឬនៅ? ប្រសិនបើប្រព័ន្ធប៉ុស្តិ៍ប៉ូលិស “កូបាំង” របស់ជប៉ុនមានជោគជ័យ ហើយកីឡាបេសបលពេញនិយម អ៊ីចឹងតើវាត្រូវតែជោគជ័យនៅកម្ពុជាដែរមែនទេ? ប្រសិនបើបាល់ទាត់ពេញនិយមពេញពិភពលោក អ៊ីចឹងតើវាត្រូវតែពេញនិយមនៅអាមេរិកដែរមែនទេ?
ប្រសិនបើចំណូលរបស់ម្ចាស់អូតែលអេកូទេសចរណ៍ មិនអាចទាំងដើរលេងបានមួយអាទិត្យនៅអឺរ៉ុបផង ហើយប្រាក់ខែអ្នកធ្វើការរោងចក្រ I-phone អាចដើរលេងបាន ១ ខែនៅតំបន់អេកូទេសចរណ៍ តើប្រជាជនគួរជ្រើសយកមួយណា? ប្រសិនបើធ្វើស្រែ ១ ឆ្នាំ ទិញ I-phone បាន ១ គ្រឿង ហើយបើធ្វើ I-phone ១ គ្រឿងក្នុង ១ ថ្ងៃ ហើយអាចទិញអង្ករញ៉ាំបាន ១ ឆ្នាំ តើយើងគួរជ្រើសយកមួយណា?
តើការការពារពូជអណ្តើកដ៏កម្រប្រហែល ១០០ ក្បាល ពិតជាមានសារៈសំខាន់ជាងការសាងសង់ស្ពានអ្នកលឿងដែលប្រជាជនរាប់លាននាក់ពឹងអាស្រ័យឬ?
ប្រសិនបើគេប្រាប់យើងថា កុំឲ្យអភិវឌ្ឍវារីអគ្គិសនី ហើយបុគ្គលនោះមកពីប្រទេសដែលមានទំនប់វារីអគ្គិសនី មានរោងចក្រអគ្គិសនីប្រើធ្យូងថ្ម និងថាមពលនុយក្លេអែររាប់ទសវត្សរ៍ ឬសតវត្សរ៍មកហើយ តើយើងត្រូវបម្រើផលប្រយោជន៍ឲ្យនរណា? បើយើងប្រាប់ឲ្យប្រទេសទាំងនោះបិទវារីអគ្គិសនីរបស់ខ្លួន តើពួកគេនឹងយំដើម្បីបរិស្ថាន ឬក៏គេសើចចំអកឲ្យយើង? នៅពេលដែលយើងត្អូញត្អែររាល់ថ្ងៃអំពីអសមត្ថភាពនៃអាជ្ញាធរមូលដ្ឋាន តើយើងដែលជាអ្នកមានសមត្ថភាព និងអ្នកដែលរៀនចប់បរិញ្ញាបត្រប៉ុន្មាននាក់ដែលមានចិត្តចង់ទៅចូលរួមអភិវឌ្ឍសង្គមនៅថ្នាក់រដ្ឋបាលមូលដ្ឋាន?
ទាំងនេះគឺជាសំណួរដែលអាចខ្ទាស់នឹងការគិតរបស់យើងម្នាក់ៗដែលពិបាកនឹងមានចម្លើយថា ត្រូវ ឬខុស ល្អឬអាក្រក់។ នៅពេលដែលយើងធ្វើការកាន់តែច្រើន យើងនឹងរឹតតែឃើញបញ្ហាប្រឈមកាន់តែច្រើន និងតថភាពជាក់ស្តែងដែលផ្ទុយនឹងការគិតរបស់យើងកាន់តែច្រើន។ សម្រាប់ប្រទេសមួយដែលកំពុងស្ថិតនៅក្នុងកម្រិតអភិវឌ្ឍបែបយ៉ាងកម្ពុជា គឺជាការធម្មតាដែលប្រជាជនតែងតែមានការធុញទ្រាន់ និងការមិនពេញចិត្តចំពោះសង្គម។ សួរថាតើប្រទេសអភិវឌ្ឍមួយណាដែលគ្មានបញ្ហាសង្គមនោះ? វាជាការងាយស្រួលបំផុត ក្នុងការកេងចំណេញ និងបញ្ឆេះភាពជ្រុលនិយមរបស់ប្រជាពលរដ្ឋដោយយោងលើកង្វះខាតរាប់មិនអស់របស់សង្គម។ ប៉ុន្តែ ភាពជ្រុលនិយមមិនអាចក្លាយជាកម្លាំងចលករក្នុងការជំរុញការអភិវឌ្ឍជាវិជ្ជមានរបស់សង្គមបានឡើយ ព្រោះថា ភាពជ្រុលនិយមមិនបានព្យាយាមស្វែងរកភាពសុខដុមរមនារបស់សង្គមនោះទេ៕
No comments:
Post a Comment