Phnom Penh
Post | Publication date 16 December 2019
ក្នុងនាមជាក្រសួងនយោបាយ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រហែលជាក្រសួងដែលពិបាកវាស់ស្ទង់ទិន្នផលការងារជាងគេ។
បើប្រៀបធៀបក្រសួងសាធារណការដែលធ្វើផ្លូវឃើញផ្លូវធ្វើស្ពានឃើញស្ពានតើយើងវាស់ទិន្នផលការងារការបរទេសដោយរបៀបណា? តើការងារការបរទេសគឺជាការងារប្រជុំពាក់ក្រវាត់ក
ជល់កែវស្រាក្រហម ហើយថតរូប ឬយ៉ាងណា? តើទៅប្រជុំបានលទ្ធផលអ្វីក្រៅពីសេចក្តីថ្លែងការណ៍
៤-១០ ទំព័រនោះ?
ទិន្នផលការងារការបរទេសពឹងអាស្រ័យភាគច្រើនលើទស្សនៈយល់ឃើញរបស់សាធារណៈ (public perception) ហើយក្នុងអត្ថបទនេះ
ខ្ញុំសូមលើកយកនូវទិដ្ឋភាព ៣ យ៉ាងដែលជាកត្តាវាស់ស្ទង់ទិន្នផលការងារការបរទេស។
ទី១
ក្រសួងការបរទេសគឺជា “អ្នកបើកទ្វារកាលានុវត្តភាព”។ ក្រសួងការបរទេស
គឺជាអ្នកស្វែងរកជាអ្នកគោះទ្វារ និងអ្នកបើកទ្វារកាលានុវត្តភាព
លើវិស័យវិនិយោគពាណិជ្ជកម្ម ជំនួយអភិវឌ្ឍន៍អាហារូបករណ៍វគ្គបណ្តុះបណ្តាល
ការងារកម្មសិក្សា កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងយុវជន។ល។
បើការបរទេសមិនអាចចរចាដាក់បញ្ចូលក្នុងរបៀបវារៈនូវគម្រោងផែនការសកម្មភាព
ដែលមានប្រយោជន៍ដល់ខ្មែរ ឬដាក់បញ្ចូលអាទិភាពអភិវឌ្ឍជាតិក្នុងរបៀបវារៈអន្តរជាតិនោះ
ក៏ពុំមានការចាប់កកើតនូវសកម្មភាពការវិយោគសាធារណៈ និងឯកជនលើហេដ្ឋារចនាសម្ព័ន្ធទន់
និងរឹងរបស់កម្ពុជាដែរ។ ពិតណាស់ថា ក្រសួងការបរទេសមិនមែនជាតួអង្គឯកតួអង្គទោលនោះទេ
តែយើងអាចនិយាយបានថា ជាតួអង្គដែលបើកទ្វារដំបូងគេ។
ថ្វីដ្បិតតែក្រសួងជំនាញជាអ្នកទទួលធនធាន
និងទទួលខុសត្រូវ អនុវត្តផ្ទាល់ក៏ដោយ ក៏ការស្នើគម្រោងអភិវឌ្ឍន៍មួយចំនួនត្រូវធ្វើឡើងតាមក្រសួងការបរទេស
ហើយជាមួយប្រទេសខ្លះគឺត្រូវមានការចុះហត្ថលេខាលើលិខិតប្តូរសាររវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាជាមួយនឹងទូត
ឬតំណាងការបរទេសនៃប្រទេសដៃគូជាមុនសិនមុននឹងក្រសួងជំនាញឈានដល់ដំណាក់កាលអនុវត្តគម្រោង។
វេទិកានៃសំណើរាល់គម្រោងសំខាន់ៗនានាគឺធ្វើឡើងនៅក្នុងជំនួបអន្តររដ្ឋាភិបាលដែលមានក្រសួងការបរទេសជាសេនាធិការសម្របសម្រួល។
ជាឧទាហរណ៍ជាក់ស្តែង
សេចក្តីថ្លែងការណ៍ក្រុងភ្នំពេញ និងផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
គឺជាឯកសារយោងដ៏សំខាន់សម្រាប់ក្រសួងជំនាញលើកជាសំណើគម្រោងដែលពាក់ព័ន្ធនឹងវិស័យអាទិភាព
ដើម្បីសុំថវិកាទ្រទ្រង់ពីមូលនិធិពិសេសនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងហើយតួអង្គចម្បងក្នុងការចរចាខ្លឹមសារនៃសេចក្តីថ្លែងការណ៍
និងផែនការសកម្មភាពនេះគឺក្រសួងការបរទេសគឺជាអ្នកចរចាបញ្ចូលទិសដៅអាទិភាពនៃការអភិវឌ្ឍរបស់កម្ពុជា
និងប្រមែប្រមូលធាតុចូលនានាពីក្រសួងជំនាញ។
គម្រោងអភិវឌ្ឍន៍ទាំងអស់សុទ្ធតែលើកឡើងដោយយោងទៅលើខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួម
ឬផែនការសកម្មភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការណាមួយ។
ការសាងសង់ស្ពានអ្នកលឿងត្រូវឆ្លងកាត់ការចរចាជិត
១០ ឆ្នាំហើយអ្នកការទូតកម្ពុជាត្រូវទៅជួបពន្យល់សមាជិកសភាជប៉ុនដែលប្រឆាំងនឹងគម្រោងនេះ
ហើយក្រសួងការបរទេសតែងតែបញ្ចូលក្នុងចំណុចពិភាក្សារបស់ថ្នាក់ដឹកនាំកម្ពុជាអំពីសារៈសំខាន់នៃស្ពានអ្នកលឿងស្ទើរតែគ្រប់វេទិកាទាំងកម្រិតទ្វេភាគី
អនុតំបន់មេគង្គ និងក្របខ័ណ្ឌអាស៊ាន ទម្រាំយើងទទួលបានគម្រោងអភិវឌ្ឍន៍ដ៏ធំសម្បើមមួយនេះ។
បើនិយាយឲ្យងាយយល់ជាងនេះឧបមាថា
បើយើងគ្មានទូត តើនរណាជាបង្អួចចរចាស្នើសុំការបង្កើតឱកាសការងារដល់ពលករខ្មែរ? តើនរណាដែលបរទេសត្រូវទាក់ទងដំបូង
ដើម្បីសាកសួរពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគ?
ថ្វីដ្បិតតែការរីកចម្រើននៃបច្ចេកវិទ្យាអាចឲ្យគេស្វែងរកព័ត៌មានបានច្រើនពីកម្ពុជាក៏ដោយ
ក៏អន្តរជាតិនៅតែត្រូវការស្តាប់សំឡេងផ្ទាល់របស់តំណាងកម្ពុជា ដើម្បីថ្លឹងថ្លែងវិនិច្ឆ័យពីសភាពការណ៍ពិតនៅក្នុងប្រទេស។
ម្យ៉ាងក៏ព្រោះថា ព័ត៌មានដ៏ច្រើនលើសលប់ក៏មិនប្រាកដថា សុទ្ធតែជាព័ត៌មានពិតទាំងស្រុងមានប្រយោជន៍ចំពោះកម្ពុជា
ឬគ្មានរបៀបវារៈនយោបាយបរទេសដែរ។
ត្រង់នេះគឺយើងចូលដល់ចំណុច
ទី២ ដែលក្រសួងការបរទេសមានតួនាទីជា “អ្នកបង្ការទប់ស្កាត់វិបត្តិ”។ ការការពារវិបត្តិគឺពិបាកនឹងមើលឃើញ
ព្រោះពេលខ្លះ ការឡបប៊ីត្រូវធ្វើឡើងក្រោយឆាកចៀសវាងទទួលរងការរិះគន់ពីតួអង្គដែលប្រឆាំងនឹងភាពល្អូកល្អិននៃទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា
ជាមួយនឹងប្រទេសដៃគូ។
នៅពេលដែលមានវិបត្តិកើតឡើងមានការវាយប្រហារលើភាពស្របច្បាប់របស់រាជរដ្ឋាភិបាលកិត្យានុភាពជាតិ
និងសមិទ្ធផលជាក់ស្តែងរបស់រដ្ឋាភិបាល និងប្រជាជន ឬមានការរំលោភបំពានលើអធិបតេយ្យភាព
និងបូរណភាពទឹកដីរបស់កម្ពុជា ក្រសួងការបរទេសគឺជាទាហានឈានមុខដែលមិនមែនជាកងប្រដាប់អាវុធដែលធ្វើជាខែលការពារដំបូងគេ។
វិបត្តិនយោបាយរបស់កម្ពុជាមិនមែនកើតឡើងដោយសារតែតួអង្គក្នុងប្រទេសនោះទេ
គឺមានការលូកដៃចូលយ៉ាងជ្រាលជ្រៅពីតួអង្គនៅក្រៅប្រទេសទាំងជនជាតិខ្មែរ និងបរទេស។
ប្រឈមនឹងការវាយប្រហារបែបនេះ
តួនាទីការងារការបរទេសមានសារៈសំខាន់ខ្លាំងក្នុងការការពារស្ថិរភាពម៉ាក្រូទាំងសេដ្ឋកិច្ច
និងនយោបាយ និងសេចក្តីថ្លៃថ្នូរ និងកិត្តិនាមរបស់ប្រជាជន និងប្រជាជាតិខ្មែរ។
បើគ្មានតំណាងឯក្រៅប្រទេសទេ
បរទេសភាគច្រើនដែលគ្មានព័ត៌មានអ្វីក្រៅពីអ៊ីនធឺណិតប្រាកដជាគិតថាខ្មែរវេទនាដូចឋាននរកស្រមៃឃើញតែរបបប្រល័យពូជសាសន៍
គ្រាប់មីន អសន្តិសុខ គ្មានស្ថិរភាព។ល។ ហើយងាយនឹងយល់ច្រឡំថា កម្ពុជាមិនមែនជាទីស្ថាននៃការវិនិយោគ
ឬជាដៃគូពាណិជ្ជកម្មដែលមានប្រយោជន៍។
នៅពេលមានការឈ្លានពានពីប្រទេសដទៃ
តើមាននរណាដែលជាអ្នកចរចាព្រំដែន ដើរពន្យល់ប្រទេសដទៃថា កម្ពុជាជាជនរងគ្រោះ
នៅពេលដែលភាគីម្ខាងទៀតនៃជម្លោះអាចមានស្ថានទូតលើសពី ១០០ មានមន្ត្រីទូតដែលមានសមត្ថភាពអាចពន្យល់គ្រប់ទិដ្ឋភាពច្បាប់
និងនយោបាយហើយថែមទាំងមានទំនាក់ទំនងពាណិជ្ជកម្មរឹងមាំជាងកម្ពុជាទៀតនោះ?
ទិដ្ឋភាពចុងក្រោយគឺអ្នកការទូតប្រៀបបានដូចជា “ទែរម៉ូម៉ែត្រមនុស្ស”
(human thermometer)។ អ្នកការទូតគឺជាអ្នកស្ទង់ដឹងមុនគេនូវស្ថានភាពក្តៅត្រជាក់នៃទំនាក់ទំនងជាមួយប្រទេសដៃគូ
ឬស្ថានភាពតំបន់ និងសកលដែលអាចប៉ះពាល់ដល់ផលប្រយោជន៍ជាតិកម្ពុជា។
អ្នកការទូត គឺជាអ្នកស្ទង់ដឹងមុនគេនៅពេលណាដែលប្រទេសណាមួយមានបំណងអមិត្តចំពោះកម្ពុជាចង់ដាក់ទណ្ឌកម្ម
ឬសម្ពាធនយោបាយការទូត និងសេដ្ឋកិច្ចមកលើកម្ពុជា ហើយក៏ជាអ្នកដឹងជាងគេថា
តើតួអង្គណាខ្លះដែលមានបំណងល្អ ឬអាក្រក់ចំពោះកម្ពុជា
ហើយយើងត្រឡប់ទៅចំណុចទី ២ វិញ ពោលគឺតាមរយៈព័ត៌មានទាំងនេះអ្នកការទូតត្រូវដើរតួឈានមុខក្នុងការការពារវិបត្តិការទូត
កុំឲ្យកើតមានឡើង ឬបើកើតមានហើយក្តី ត្រូវដើរតួជាអ្នកដោះស្រាយ បង្រួមជម្លោះ
បង្កើនការយោគយល់គ្នា និងកសាងការជឿទុកចិត្តឡើងវិញ។
ជារួមយើងអាចមានការបកស្រាយច្រើនអំពីទិដ្ឋភាពការងារការបរទេស
ប៉ុន្តែ ខាងលើនេះគឺជាទិដ្ឋភាព ៣ ត្រួសៗដែលសុទ្ធសឹងជាការងារអរូបី គ្មានរង្វាស់ខ្នាត
និងសូចនាករ ប៉ុន្តែទន្ទឹមនឹងនេះគឺសុទ្ធតែជាការងារស្នូលដែលមិនអាចខ្វះខាតបានទាក់ទងនឹងផលប្រយោជន៍ជាតិកម្ពុជា៕
ដោយ ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)