ថ្មីៗនេះមានការប៉ុនប៉ងយកបញ្ហាទន្លេមេគង្គធ្វើជាបញ្ហានយោបាយ និងសន្តិសុខ ហើយថែមទាំងមានការព្យាយាមចាត់ទុកតំបន់មេគង្គដូចតំបន់សមុទ្រចិនខាងត្បូងថែមទៀត។
តាមពិតទៅ ក្របខ័ណ្ឌអភិវឌ្ឍន៍នៅអនុតំបន់មេគង្គត្រូវបានរៀបចំឡើងជាមួយប្រទេសដៃគូជាច្រើន និងមានច្រើនស្រទាប់ ដើម្បីឆ្លើយតបទៅនឹងការសហការជាក់ស្តែងជាមួយដៃគូនីមួយៗ។ នៅពេលការប្រកួតប្រជែងរវាងដៃគូទាំងនេះកើនឡើង ក្របខ័ណ្ឌទន្លេមេគង្គបានក្លាយជា “សម្លចាប់ឆាយ” នៃយន្តការចម្រុះដែលសម្បូរតែសុន្ទរកថាពីរោះស្តាប់ កិច្ចសន្យាខ្យល់ និងការវាយប្រហារតាមពាក្យសម្តីរវាងប្រទេសមានអំណាច ដែលប្រការទាំងនេះមិនបានចូលរួមចំណែកដល់ការអភិវឌ្ឍពិតប្រាកដនៅក្នុងតំបន់ឡើយ។
និន្នាការខាងលើកើតចេញពី “មនោសញ្ចេតនាស្អប់ចិន” របស់តួអង្គមួយចំនួន ដែលមានបញ្ហាប្រទាំងប្រទើសជាមួយចិន ឬប្រទេសដែលគិតថា ចិនគឺជាការគំរាមកំហែងសន្តិសុខ។
បញ្ហាកង្វល់ផ្នែកនយោបាយ និងសន្តិសុខពិតជាមានដូចជា កង្វះខាតតម្លាភាពនៃទិន្នន័យជលសាស្ត្រ និងឥរិយាបថព្រងើយកន្តើយមិនចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងធនធានទឹកក្នុងតំបន់របស់ចិន។ យ៉ាងណាក្តី មិនមែនប្រទេសជាប់ដងទន្លេមេគង្គទាំងអស់សុទ្ធតែគិតថាចិនជាការគំរាមកំហែងនោះទេ។ ប្រទេសជាប់ដងទន្លេមេគង្គស្ទើរតែទាំងអស់គិតថា ការគ្រប់គ្រងធនធានទឹកគួរតែត្រូវបានកែលម្អ ប៉ុន្តែពួកគេក៏គិតដែរថា មិនគួរយកបញ្ហាមេគង្គទៅធ្វើជាបញ្ហាសន្តិសុខនោះទេ។
ប្រទេសជាប់ដងទន្លេមេគង្គគិតថា បញ្ហាបច្ចេកទេសគួរតែត្រូវបែងចែកឱ្យដាច់ជាមួយបញ្ហាភូមិសាស្ត្រនយោបាយ។ ការយកបញ្ហាមេគង្គទៅប្រៀបធៀបជាមួយបញ្ហាជម្លោះទឹកដីដូចជា បញ្ហាសមុទ្រចិនខាងត្បូងគឺជាការប្រៀបធៀបខុសទំនង។ ភាពស្មុគស្មាញ និងកត្តាពេលវេលា គឺខុសគ្នាស្រឡះ។ បញ្ហាប្រទាំងប្រទើសទាក់ទងនឹងទន្លេមេគង្គ គឺជាបញ្ហាតែមួយរយៈពេល និងអាចគ្រប់គ្រងបាន ផ្ទុយពីជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូងដែលស្មុគស្មាញហួសប្រមាណ ហើយបានកើតមានឡើងជាច្រើនសតវត្សរ៍មកហើយ។
ការព្យាយាមយកបញ្ហាមេគង្គធ្វើជាបញ្ហាសន្តិសុខគឺដើម្បីតែបម្រើផលប្រយោជន៍របស់ប្រទេសមួយចំនួនតូចប៉ុណ្ណោះ។ ការរុញច្រានបែបនេះក៏អាចជាបំណងចង់ឱ្យតំបន់មេគង្គក្លាយជាវេទិកានៃការប្រកួតប្រជែងរវាងប្រទេសមហាអំណាចដែលអាចក្លាយទៅជាកង្វល់សន្តិសុខកាន់តែធ្ងន់ធ្ងរសម្រាប់តំបន់។ ប្រទេសជាប់ដងទន្លេមេគង្គពុំមានអំណាចអ្វីអាចគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសមានអំណាចនោះទេ ហើយមានសមត្ថភាពតិចតួចក្នុងការទប់ទល់នឹងការដាក់សម្ពាធ ចាប់បង្ខំឱ្យកាន់ជើងមហាអំណាចណាមួយ ឬជ្រើសរើសយកតែម្ខាង។
ការធ្វើបែបនេះមានតែធ្វើឱ្យខ្សោះធនធានមនុស្ស និងថវិកា ដើម្បីសម្របសម្រួលយន្តការកិច្ចសហប្រតិបត្តិការមេគង្គប៉ុណ្ណោះ ព្រោះថាប្រទេសមេគង្គភាគច្រើនកំពុងតែមានការលំបាកក្នុងការសម្របសម្រួលរួចទៅហើយ។ ការយកបញ្ហាមេគង្គទៅធ្វើជាបញ្ហាសន្តិសុខនឹងធ្វើឱ្យយើងបាត់បង់គោលដៅពិតប្រាកដថា តើយើងកំពុងតែបម្រើផលប្រយោជន៍របស់ប្រជាជននៅក្នុងតំបន់ ឬក៏បម្រើឱ្យរបៀបវារៈរបស់ប្រទេសមានអំណាច?
មានភាសិតមួយដែលគេលើកឡើងថា “មានអ្នកជិតខាងល្អនៅក្បែរ គឺប្រសើរជាងមានសាច់ញាតិដែលនៅឆ្ងាយ” ហើយក៏មានភាសិតមួយដែលលើកថា “យើងអាចផ្លាស់ប្តូរមិត្តភកិ្តបាន ប៉ុន្តែយើងមិនអាចប្តូរអ្នកជិតខាងបានឡើយ”។ បណ្តាប្រទេសតាមដងទន្លេមេគង្គកំពុងតែខិតខំប្រឹងប្រែងជំរុញការរួមរស់ដោយសុខសាន្ត និងសុខដុមជាមួយគ្នាទោះបីជាមានបញ្ហាប្រទាំងប្រទើសជាមួយគ្នាក៏ដោយ។
ដោយសារតែមានសម្ពាធទាក់ទងនឹងតម្លាភាព ចិនបានសុខចិត្តបន្តចែករំលែកទិន្នន័យជលសាស្ត្រជាមួយគណៈកម្មការទន្លេមេគង្គ (MRC) ដែលអាចជួយរួមចំណែកដល់ការត្រួតពិនិត្យស្ថានភាពទឹកទន្លេ និងព្យាករទឹកជំនន់ឱ្យកាន់តែប្រសើរឡើង។ គណៈកម្មការទន្លេមេគង្គក៏ទទួលឋានៈជា “អ្នកសង្កេតការណ៍” នៅក្នុងក្រុមការងារបច្ចេកទេសស្តីពីធនធានទឹកនៅក្រោមយន្តការកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង (MLC) ជាមួយចិនផងដែរ។
ទាក់ទងនឹងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺផ្តោតលើគម្រោងជាក់ស្តែងដែលគាំទ្រដល់បណ្តាប្រទេសតាមដងទន្លេមេគង្គ តាមរយៈគម្រោងធុនតូច និងមធ្យមត្រឹមកម្រិត ៥០ ម៉ឺនដុល្លារក្នុង ១ គម្រោង។ គម្រោងទាំងនេះមានគោលដៅគាំទ្រដល់ការកសាងសមត្ថភាព ការអប់រំ កសិកម្ម និងការកែលម្អជីវភាពប្រជាជនតាមមូលដ្ឋាន។
គម្រោងក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង មានតម្លាភាពល្អ បើប្រៀបធៀបជាមួយគម្រោងនៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ពីព្រោះថា គ្មាននរណាដឹងឱ្យពិតប្រាកដទេថា តើ BRI មានគម្រោងអ្វីខ្លះ? គាំទ្រដោយរដ្ឋ ឬឯកជន? បញ្ជីគម្រោងផ្លូវការគឺពិបាកនឹងស្វែងរកណាស់។
បញ្ហាតម្លាភាព មិនមែនមានតែចំពោះប្រទេសចិនទេ។ ដៃគូអភិវឌ្ឍន៍ផ្សេងទៀតក៏មានបញ្ហាកង្វះខាតតម្លាភាពដូចគ្នាដែរ។ ប្រទេសដៃគូខ្លះតែងតែសន្យានូវគម្រោងជំនួយ និងគំនិតផ្តួចផ្តើមនានាដែលមានទំហំធំធេង ប៉ុន្តែគ្មាននរណាដឹងឱ្យពិតប្រាកដថា គម្រោងទាំងនោះមានអ្វីខ្លះ នរណាជាអ្នកអនុវត្ត នរណាជាអ្នកទទួលផលនោះឡើយ។
ការកំណត់គម្រោងជាក់លាក់មានសារៈសំខាន់ណាស់សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ ការពាក់ព័ន្ធចូលរួម (stakeholdership) និងភាពជាម្ចាស់ (ownership) របស់ប្រទេសម្ចាស់ផ្ទះក៏មានសារៈសំខាន់ផងដែរ។ រដ្ឋាភិបាលម្ចាស់ផ្ទះ ឬសូម្បីតែស្ថាប័នជំនាញដែលមានសមត្ថកិច្ចលើកិច្ចសហប្រតិបត្តិការលើវិស័យណាមួយ ពេលខ្លះតែងតែស្តាប់ឮនូវរបាយការណ៍ជំនួយដ៏ធំធេង ប៉ុន្តែពួកគេក៏គ្មានព័ត៌មានជាក់លាក់ស្តីពីគម្រោងដែលប្រទេសដៃគូសន្យា ឬគម្រោងដែលកំពុងតែអនុវត្តដែរ។ ពេលខ្លះសូម្បីតែរដ្ឋាភិបាលម្ចាស់ផ្ទះក៏មិនដឹងដែរថា តើជំនួយមូលនិធិទាំងនោះត្រូវបានប្រើប្រាស់យ៉ាងដូចម្តេច ដើម្បីអ្វី ដើម្បីនរណា និងនរណាជាអ្នកអនុវត្ត?
ករណីនេះមិនមែនត្រឹមតែជាករណីរបស់ប្រទេសកម្ពុជានោះទេ។ យ៉ាងណាក្តី រាជរដ្ឋាភិបាលនៅតែគួរសម និងអរគុណជានិច្ចចំពោះជំនួយរបស់ប្រទេសដៃគូ ព្រោះយើងមិនចង់ខ្វះការគួរសម ឬមិនចង់ធ្វើឱ្យល្អក់កករទំនាក់ទំនង។
ប្រទេសដៃគូខ្លះមិនខ្វល់នឹងធ្វើការជាមួយរដ្ឋាភិបាលម្ចាស់ផ្ទះដែលជាដៃគូផ្លូវការរបស់ពួកគេផង។ ពួកគេទាក់ទងតែជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលរបស់ពួកគេប៉ុណ្ណោះ ប៉ុន្តែបែរជាទាមទារជារឿយៗឱ្យរដ្ឋាភិបាលម្ចាស់ផ្ទះទទួលស្គាល់សកម្មភាពរបស់ពួកគេ នៅពេលដែលរដ្ឋាភិបាលមិនធ្លាប់បានទទួលរបាយការណ៍អ្វីសោះ។ ប្រទេសដៃគូខ្លះដើរប្រមូលទិន្នន័យពីប្រទេសម្ចាស់ផ្ទះ ប៉ុន្តែចុងក្រោយមិនព្រមចែករំលែកលទ្ធផលនៃការសិក្សារបស់ពួកគេទេ។ ដូច្នេះដៃគូអភិវឌ្ឍន៍ក៏ត្រូវមានការទទួលខុសត្រូវចំពោះបញ្ហាតម្លាភាពផងដែរ។
ប្រទេសដៃគូគួរតែគាំទ្រការអភិវឌ្ឍនៅតំបន់ទន្លេមេគង្គតាមរយៈការសំយោគ និងការបំពេញបន្ថែម និងការកាត់បន្ថយភាពច្រំដែលនៃយន្តការដែលមានស្រាប់។ ពួកគេមិនគួរជំរុញឱ្យមានការរើសអើង ការយកបញ្ហាមេគង្គមកធ្វើជាបញ្ហានយោបាយ និងសន្តិសុខ ឬចោទប្រកាន់ដាក់កំហុសរវាងប្រទេសមានអំណាច ដោយភ្លេចគិតគូរពីផលប្រយោជន៍ពិតប្រាកដនៃការអភិវឌ្ឍនៅតំបន់មេគង្គនោះទេ។
ពួកគេគួរតែជួយគាំទ្រដល់ការស្វែងរកដំណោះស្រាយលើបញ្ហាជាក់ស្តែងនានា ដូចជា ការនេសាទខុសច្បាប់ដែលធ្វើឱ្យអន្តរាយដល់ធនធានមច្ឆជាតិតាមដងទន្លេមេគង្គឱ្យហិនហោចខ្លាំងជាងគ្រោះរាំងស្ងួត ឬស្ថានភាពកម្រិតទឹកទាបនៅទន្លេមេគង្គដែលកើតមានម្តងម្កាលទៅទៀត។ ពួកគេគួរតែជួយប្រទេសមេគង្គឱ្យមានលទ្ធភាពគ្រប់គ្រងធនធានទឹករបស់ខ្លួនដោយផ្អែកលើវិទ្យាសាស្ត្រទិន្នន័យវិភាគ និងអព្យាក្រឹត។
ចុងក្រោយ ប្រទេសដៃគូគួរតែគាំទ្រ និងលើកទឹកចិត្តដល់ការរួមរស់ដោយសុខសាន្ត និងភាពជាអ្នកជិតខាងល្អនៅក្នុងតំបន់មេគង្គនេះដែលបានឆ្លងកាត់សង្គ្រាមបំផ្លិចបំផ្លាញច្រើនឆ្អែតឆ្អន់រួចទៅហើយ។ នេះមិនមែនជាក្តីកង្វល់ដែលហួសហេតុនោះទេ នៅពេលដែលយើងគិតថា ការយកបញ្ហាសន្តិសុខមកលាយឡំច្របូកច្របល់ អាចនាំឱ្យមានសង្គ្រាមដោយតួអង្គតំណាងកើតឡើងសាជាថ្មី ដូចសម័យសង្គ្រាមវៀតណាមដែលបានបំផ្លិចបំផ្លាញតំបន់មេគង្គយ៉ាងដំណំ។ សម្រាប់កម្ពុជាលទ្ធភាពនៃការកើតឡើងនៃសង្គ្រាមវៀតណាមលើកទី ២ គឺជាគ្រោះភ័យដ៏គួរឱ្យខ្លាច ជាសុបិនអាក្រក់រាប់ទសវត្សរ៍ដែលនៅបន្សល់មរតកខ្មៅងងឹតរហូតដល់សព្វថ្ងៃ។
ក្នុងនាមជាប្រទេសដែលមានសន្តិភាពក្រោយគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍ និងមេគង្គ កម្ពុជាគ្មានបំណងប្រាថ្នានឹងក្លាយទៅជាឆាក ឬវេទិកាសម្តែងឫទ្ធិអំណាចរបស់ប្រទេសមហាអំណាចសាជាថ្មីម្តងទៀតដូចកាលសម័យសង្គ្រាមវៀតណាមទៀតឡើយ។
ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
No comments:
Post a Comment