ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១, (តំណភ្ជាប់)
ការឆ្លើយតបរបស់កម្ពុជាចំពោះជំងឺរាតត្បាតកូវីដ ១៩ គឺជាការអនុវត្តដំណាលគ្នានូវចំណាត់ការសំខាន់ ២ គឺ “ការសង្គ្រោះជីវិត”និង “ការសង្គ្រោះជីវភាព”។
ការសង្គ្រោះជីវិត
ចំណាត់ការទី១ ផ្តោតលើសុវត្ថិភាពសុខាភិបាល ហើយចំណាត់ការនេះត្រូវបានគ្រប់គ្រងដោយគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២០។
គណៈកម្មាធិការនេះមានការទទួលខុសត្រូវក្នុងការបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ,ដឹកនាំការអនុវត្តយុទ្ធសាស្ត្រទាំងនោះ, គ្រប់គ្រងផលប៉ះពាល់ផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមនៅក្នុងកម្រិតជាតិ និងអន្តរជាតិ ព្រមទាំងដឹកនាំការងារសម្របសម្រួលការអនុវត្តវិធានការអន្តរវិស័យ និងអន្តរស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
គណៈកម្មាធិការនេះដឹកនាំដោយនាយករដ្ឋមន្ត្រី ហើយមានក្រសួងសុខាភិបាលជាតួអង្គស្នូលក្នុងការគ្រប់គ្រងការឆ្លើយតបជាលក្ខណៈបច្ចេកទេសលើបញ្ហាសុខាភិបាល ការកៀរគរធនធាន និងការគ្រប់គ្រងទំនាក់ទំនងសាធារណៈ។ វត្តមានរបស់នាយករដ្ឋមន្ត្រីបានជួយពង្រឹងដល់ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពនៅទូទាំងប្រទេស និងចៀសវាងការបង្អាក់នានា ដោយសារតែការិយាធិបតេយ្យនៅក្នុងស្ថានភាពអាសន្ន។
កិច្ចសហប្រតិបត្តិការរឹងមាំជាមួយដៃគូអន្តរជាតិតាមរយៈការផ្គត់ផ្គង់សម្ភារ ការបញ្ជូនអ្នកជំនាញ និងការផ្តល់ជំនួយបច្ចេកទេស និងជំនួយហិរញ្ញវត្ថុក៏បានចូលរួមចំណែកផងដែរ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ អង្គការសុខភាពពិភពលោក (WHO), មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់អាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រ ក៏បានផ្តល់កិច្ចសហការល្អនៅក្នុងកិច្ចគាំទ្រការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា។
ដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោក និងដៃគូទាំងនោះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើត និងកំពុងតែអនុវត្តនូវ «ផែនការមេថ្នាក់ជាតិស្តីអំពីជំងឺកូវីដ១៩»។ អង្គការសុខភាពពិភពលោកបានផ្តល់នូវការប្រឹក្សាគោលនយោបាយ និងការគាំទ្រផ្នែកបច្ចេកទេសចំពោះការអនុវត្តវិស័យអាទិភាពទាំង ៩ ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតនេះ ទន្ទឹមគ្នានឹងការត្រៀមលក្ខណៈបង្ការទប់ស្កាត់ ចំពោះលទ្ធភាពនៃការឆ្លងជាលក្ខណៈសហគមន៍។
យុទ្ធសាស្ត្រឆ្លើយតបក្នុងការការពារការឆ្លងជាលក្ខណៈសហគមន៍ និងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩រួមមាន ការរកឱ្យឃើញករណីឆ្លង,ការផ្តាច់ករណីសង្ស័យឱ្យនៅដោយឡែក, ការតាមដានការប្រាស្រ័យទាក់ទង និងការធ្វើចត្តាឡីស័ក។ បន្ថែមលើវិធានការបង្ការជាសកលដូចជា ការលាងសម្អាតដៃ និងសុជីវធម៌នៃការក្អក កណ្តាស់ជាដើម រាជរដ្ឋាភិបាលក៏បាន និងកំពុងអនុវត្តនូវវិធានការគម្លាតសុវត្ថិភាពសង្គមមួយចំនួនផងដែរ។
សាលារៀនត្រូវបានបិទនៅពាក់កណ្តាលខែមីនា ឆ្នាំមុន។ រីឯការរឹតត្បិតលើការធ្វើដំណើរអន្តរជាតិត្រូវបានដាក់នៅចុងខែមីនា ហើយការជួបជុំនៅទីតាំងកម្សាន្តនានាត្រូវបានរឹតត្បិតនៅដើមខែមេសា។ នាយករដ្ឋមន្ត្រីក៏បានបញ្ជាឱ្យលុបចោលថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពាក់កណ្តាលខែមេសា និងបានដាក់កម្រិតលើការធ្វើដំណើរឆ្លងខេត្តនានាក្នុងអំឡុងពេលនោះ។
វិធានការត្រួតពិនិត្យ និងចត្តាឡីស័កត្រូវបានអនុវត្តចំពោះកម្មករកាត់ដេរ និងនិយោជិតមួយចំនួនដែលបានបំពានបទបញ្ជារបស់រាជរដ្ឋាភិបាលដែលបានឈប់សម្រាកទៅលេងភូមិរបស់ពួកគេក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ វិធានការទាំងនេះក៏ត្រូវបានអនុវត្តផងដែរចំពោះលំហូរចូលនៃពលករចំណាកស្រុកកម្ពុជាមួយចំនួនធំដែលត្រឡប់មកពីប្រទេសថៃ នៅខែមេសា និងខែធ្នូ ឆ្នាំ ២០២០។
វិធីសាស្ត្របង្ការប្រុងប្រយ័ត្នតាំងពីដំណាក់កាលដំបូងនៃការផ្ទុះឡើងនូវជំងឺកូវីដ ១៩ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់គ្រោះថ្នាក់ ដោយប្រើប្រាស់គោលការណ៍ ៥ យ៉ាង (5Es) គឺ Early Detection (ការរកឱ្យបានទាន់ពេលវេលានូវអ្នកដែលមានវិជ្ជមានកូវីដ ១៩) Earlytracing (ការតាមស្រាវជ្រាវបន្តរកអ្នកដែលសង្ស័យថា អាចឆ្លង ឬបណ្តាញចម្លងបន្តនូវកូវីដ ១៩ នៅក្រុមណាមួយ ឬទីតាំងណាមួយ) Early Isolation (ការដាក់ដាច់ដោយឡែកភ្លាមៗនូវអ្នកឆ្លងកូវីដ ១៩ ឬក៏សង្ស័យថា មានឆ្លងកូវីដ ១៩) Early Treatment (ការបញ្ជូនទៅព្យាបាលឱ្យបានលឿនបំផុតនូវអ្នកឆ្លងកូវីដ ១៩) និង EarlyPrevention (ការអនុវត្តវិធានការការពារប្រសើរជាងព្យាបាលឱ្យបានលឿនមុននឹងបុគ្គល ឬក្រុមណាមួយមានការចម្លងកូវីដ១៩ចូលទៅក្នុងសហគមន៍)។
“ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” គឺជាការឆ្លងសហគមន៍លើកដំបូងរបស់កម្ពុជា ហើយក៏ជាមេរៀនដែលបង្ហាញថា ទោះបីជាមានការប្រុងប្រយ័ត្នខ្ពស់យ៉ាងណាក៏ដោយ ក៏ការប្រឈមនឹងការឆ្លងសហគមន៍នៅតែមានជានិច្ច។ រាជរដ្ឋាភិបាលក៏បានចាត់វិធានការយ៉ាងតឹងរ៉ឹង និងហ្មត់ចត់ដោយអនុវត្តការធ្វើតេស្តិ៍ទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកចំពោះអ្នកពាក់ព័ន្ធ និងករណីសង្ស័យសរុបចំនួន ១១ ៣០៥ សំណាក គិតត្រឹមថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២០។
ប្រទេសកម្ពុជា អាចចែករំលែកបទពិសោធបន្តិចបន្តួចរបស់ខ្លួនក្នុងនាមជាប្រទេសតូចមួយដែលបានគ្រប់គ្រងជំងឺកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាពដោយផ្អែកលើការខិតខំប្រឹងប្រែងជាក់ស្តែង, ភាពជាអ្នកដឹកនាំ, កិច្ចសហប្រតិបត្តិការល្អ និងចំណាត់ការដែលបានរៀបចំទុកជាមុនដោយប្រុងប្រយ័ត្ន ពោលគឺមិនមែនពឹងផ្អែកលើសំណាងនោះទេ។ កម្ពុជាដឹងច្បាស់ពីសមត្ថភាព និងធនធានមានដ៏តិចតួចរបស់ខ្លួន ដូច្នេះកម្ពុជាមិនអាចបណ្តែតបណ្តោយធ្វេសប្រហែស ឬមើលស្រាលស្ថានការណ៍បានទេ។ ការស្វែងរកវ៉ាក់សាំងទៀតសោត ក៏កម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ ដោយផ្តោតលើបញ្ហាសុវត្ថិភាព ប្រសិទ្ធភាព និងភាពបន្ទាន់។
ការចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយក៏សំខាន់ផងដែរ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដែលពិភពលោកមិនស្គាល់ពីមុនមក ការបង្ការភាពស្លន់ស្លោជាសាធារណៈគឺមានសារៈសំខាន់បំផុត។ ព័ត៌មានក្លែងក្លាយដែលបង្កភាពស្លន់ស្លោសង្គមអាចរំខាន និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអាចធ្វើឱ្យបាត់បង់ទំនុកចិត្តសាធារណៈចំពោះចំណាត់ការប្រុងប្រយ័ត្នរបស់រាជរដ្ឋាភិបាល។ ការផ្តល់ព័ត៌មានយ៉ាងឆាប់រហ័សដែលអាចទុកចិត្តបាន ដោយយោងតាមទិន្នន័យវិទ្យាសាស្ត្របានជួយធ្វើឱ្យសាធារណជនទទួលបានព័ត៌មាន និងគ្រប់គ្រងការភ័យខ្លាចរបស់ខ្លួនឱ្យមានលក្ខណៈសមរម្យ និងមិនហួសហេតុ។
ការជួយសង្គ្រោះជីវភាព
ចំណាត់ការនេះត្រូវបានសម្របសម្រួលដោយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ស្ថាប័នអន្តរក្រសួងនេះមានអាណត្តិរៀបចំសម្របសម្រួល និងតាមដានការអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល។
ចំពោះសកម្មភាពដែលទាក់ទងនឹងជំងឺកូវីដ ១៩ គណៈកម្មាធិការនេះទទួលខុសត្រូវក្នុងការរៀបចំវិធានការគ្រប់ជ្រុងជ្រោយផ្នែកសារពើពន្ធហិរញ្ញវត្ថុ និងសន្តិសុខសង្គម។ គិតត្រឹមចុងខែធ្នូ ឆ្នាំ ២០២០ វិធានការចំនួន ៧ ជុំត្រូវបានដាក់ឱ្យអនុវត្ត។
វិធានការសារពើពន្ធរួមមានការលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទសម្រាប់វិស័យបដិសណ្ឋារកិច្ចនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែបកំពត ក្រុងបាវិត និងប៉ោយប៉ែតរហូតដល់ខែមីនា ឆ្នាំ ២០២១។
ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ ២០២០ ត្រូវបានលើកលែងរយៈពេល ៦ ខែ ទៅ ១ ឆ្នាំចំពោះសហគ្រាសវាយនភណ្ឌផលិតសម្លៀកបំពាក់ ផលិតកាបូបយួរ និងកាបូបដៃ និងផលិតមួក ដោយផ្នែកលើកម្រិតនៃផលប៉ះពាល់។ ការបង់ពន្ធអប្បបរមាសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ត្រូវបានលើកលែងរហូតដល់ខែមីនា ឆ្នាំ ២០២១។
វិធានការហិរញ្ញវត្ថុរួមមាន ការបង្កើតសហហិរញ្ញប្បទាន (co-financing) និងចែករំលែកហានិភ័យ (risk-sharing) ដែលមានទឹកប្រាក់រហូតដល់ ១០០ លានដុល្លារ តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank)។ វិសាលភាពសម្រាប់ការផ្តល់ឥណទានត្រូវបានពង្រីកដល់ក្រុមហ៊ុនដែលផលិតឧបករណ៍វេជ្ជសាស្ត្រ និងថ្នាំពេទ្យ។ ហិរញ្ញប្បទានពិសេសចំនួន ៥០ លានដុល្លារ ត្រូវបានផ្តល់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដើម្បីផ្តល់ប្រាក់កម្ចីការប្រាក់ទាបសម្រាប់សហគ្រាសធុនតូច និងមធ្យម។
មូលនិធិធានាឥណទានត្រូវបានត្រៀមចំនួន ២០០ លានដុល្លារ។ ថវិកាចំនួន ៣០០ លានដុល្លារផ្សេងទៀត ត្រូវបានត្រៀមសម្រាប់ធ្វើជាកាតាលីករជំរុញកំណើនក្នុងអំឡុងពេល និងក្រោយពេលនៃវិបត្តិកូវីដ ១៩។
វិធានការសន្តិសុខសង្គមរួមមានកម្មវិធីសាច់ប្រាក់ពលកម្ម (Cash for Work Program) ដែលមានគោលដៅផ្តល់ចំណូលបន្ថែមដោយបង្កើតការងារតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ (១០០ លានដុល្លារ) ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានគោលដៅផ្តល់ជំនួយបណ្តោះអាសន្នដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ (២៥ លានដុល្លារ/ ខែសម្រាប់ ៥៦០ ០០០ គ្រួសារ, ថវិកាសរុប ៣០០ លានដុល្លារ) និងការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត ដែលត្រូវបានផ្អាកការងារចំនួន ៤០ ដុល្លារអាមេរិក/ ខែសម្រាប់កម្មករ និយោជិតក្នុងវិស័យកាត់ដេរ វាយនភណ្ឌ និងវិស័យទេសចរណ៍ដែលត្រូវបានផ្អាកការងារជាដើម។ ក្រៅពីនេះក៏មានវគ្គបណ្តុះបណ្តាលមុខវិជ្ជាចំណេះដឹងថ្មី (Re-skilling) ឬការបង្កើនចំណេះដឹងបន្ថែម (Upskilling), ការផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១២០ ដុល្លារអាមេរិក ក្នុង ១ ខែ រហូតដល់រយៈពេល ៦ ខែ សម្រាប់សិក្ខាកាមដែលទទួលការបណ្តុះបណ្តាល និងការផ្តល់សេវាជួយរកការងារឱ្យកម្មករធ្វើតាមរយៈទីភ្នាក់ងារជាតិមុខរបរ (NEA) ផងដែរ។
ចំណាត់ការសំខាន់ៗផ្សេងទៀត
ក្រៅពីអ្វីដែលមានរៀបរាប់ខាងលើនៅមានវិធានការរយៈពេល វែងជាច្រើនទៀតសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ ដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការចរចាសម្រាប់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ជាដើម។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ មិនត្រូវបានបន្ទច់បង្អាក់ជាដុំកំភួនដោយជំងឺរាតត្បាតនេះទេ។ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមថវិកាចំនួន ៣៥០ លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅខេត្តព្រះសីហនុ ដោយមានគោលដៅប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏មានសក្តានុពលរបស់កម្ពុជា។ អាកាសយានដ្ឋានក្រុងព្រះសីហនុកំពុងត្រូវបានជួសជុលកែលម្អជាមួយនឹងផ្លូវរត់ដែលមានប្រវែងរហូតដល់ ៣ ៨០០ ម៉ែត្រ។ ការជួសជុលកែលម្អស្ថានីយអ្នកដំណើរក៏នឹងត្រូវបញ្ចប់ត្រឹមក្នុងឆ្នាំ ២០២២។
នៅខេត្តសៀមរាប ថវិកាចំនួន ១៥០ លានដុល្លារ ត្រូវបានគ្រោងទុកសម្រាប់ការអភិវឌ្ឍផ្លូវចំនួន ៣៨ ខ្សែ។ នៅពេលសាងសង់រួចរាល់ផ្លូវថ្នល់ទាំងនោះនឹងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន និងជំរុញកំណើនសេដ្ឋកិច្ចជាតិនៅក្រោយវិបត្តិកូវីដ ១៩។
ការស្ថាបនាអាកាសយានដ្ឋានទី២ សម្រាប់រាជធានីភ្នំពេញបាន និងកំពុងដំណើរការ ទោះបីមានការប្រឈមដោយគ្រោះទឹកជំនន់កាលពីខែតុលា ឆ្នាំ ២០២០ ក៏ដោយ។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីត្រូវបានអភិវឌ្ឍលើផ្ទៃដី ២ ៦០០ ហិកតា នៅចន្លោះខេត្តកណ្ដាល និងតាកែវ ដែលនឹងមានកម្រិត 4F-class ដែលមានន័យថាអាចទទួលយន្តហោះធំៗដូចជា Airbus A380-800s និង Boeing 747-800s បាន។ ការវិនិយោគសរុបមានចំនួន ១,៥ ពាន់លានដុល្លារ ដែលបានមកពីការវិនិយោគក្នុងស្រុក និងប្រាក់កម្ចីពីធនាគារបរទេស។
ក្រសួងពាណិជ្ជកម្មក៏បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសចិន និងសាធារណរដ្ឋកូរ៉េ ដើម្បីជំនួសការបាត់បង់ការងារ និងជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា បន្ទាប់ពីសហភាពអឺរ៉ុបបានដកហូតផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២០ ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងគេដែលប្រទេសកម្ពុជា មានជាមួយដៃគូខាងក្រៅ ហើយការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋកូរ៉េក៏កំពុងតែវិវឌ្ឍទៅមុខ។
សេចក្តីសន្និដ្ឋានទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង គេសង្កេតឃើញថា រាជរដ្ឋាភិបាលបានគ្រប់គ្រងស្ថានការណ៍បានល្អក្នុងន័យការពារសន្តិសុខសុខាភិបាល និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គមដែលបណ្តាលមកពីជំងឺកូវីដ ១៩។
ថ្វីដ្បិតតែផលប៉ះពាល់ផ្នែកសុខាភិបាលមិនទាន់មានភាពធ្ងន់ធ្ងរ ប៉ុន្តែវិសាលភាពនៃផលប៉ះពាល់សេដ្ឋកិច្ចសង្គមមានទំហំធំធេងណាស់ ហើយគ្មាននរណាដឹងថា តើវិបត្តិនេះនឹងបញ្ចប់នៅពេលណានោះទេ។ ការបើកព្រំដែនឡើងវិញជាបណ្តើរៗក៏កំពុងត្រូវបានពិចារណាដោយប្រទេសជាច្រើន ប៉ុន្តែ វិធានការនេះក៏ត្រូវប្រឈមនឹងហានិភ័យនៃការផ្ទុះឡើងនូវរលកទី ៣ ឬទី ៤ ដែរ។
ប្រទេសនីមួយៗមិនអាចមានសុទិដ្ឋិនិយមជ្រុលហួសហេតុទេ។ វិធានការបង្ការគួរតែរក្សាឱ្យមានជាប្រចាំ នៅក្នុងដំណាក់កាលនៃផលិត និងទទួលការចាក់វ៉ាក់សាំងទូលំទូលាយ ដែលគេរំពឹងថា អាចនឹងជួយស្តារឡើងវិញនូវប្រក្រតីភាពនៃការចល័តមនុស្ស និងទំនិញ។ ក្នុងស្ថានភាពបច្ចុប្បន្ននេះ ផ្លូវឆ្ពោះទៅកាន់ប្រក្រតីភាពហាក់នៅមានភាពស្រពេចស្រពិលនៅឡើយ៕
ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
No comments:
Post a Comment