ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ៦ កក្កដា ២០២១ (តំណភ្ជាប់)
យុវជនគឺជាទំពាំងស្នងឫស្សីដ៏សំខាន់សម្រាប់អនាគតប្រទេសជាតិ
ដូច្នេះ ឥរិយាបថរបស់យុវជនចំពោះការងារ និងសង្គមមានសារៈសំខាន់
ដើម្បីតម្រង់ទិស និងអនាគតរបស់យុវជនផង និងរបស់សង្គមជាតិផង។
ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ យុវជនគួរប្រកាន់ឥរិយាបថ ២
យ៉ាងចំពោះសង្គម និងការងារ។
ទី ១ កុំភ្លេចដើមកំណើតជាតិឯង
និងត្រូវចេះគោរពប្រណិប័តន៍ចាស់ទុំ និងគោរពស្ថាប័ន។
នៅក្នុងច្បាប់ល្បើកថ្មី (ឆ្នាំ ១៩២២) ល្បះទី
១០ អ្នកភិរម្យក្រមង៉ុយ បាន សរសេរ ថា “រៀនបទរៀនបាទកុំកោងហួសខ្នាតកុំភ្លាត់ខុសផ្លូវកុំភ្លើនភ្លេចម៉ែកុំប្រែហួសឪ
ឃើញចាស់សក់ស្កូវកុំសូវមើលងាយ។ នៅល្បះទី ៣៧ បានសរសេរថា “កុំភ្លើនភ្លេច ខ្លួន ចេះសាសន៍ចិនយួន កុំចោលខ្មែរយើង
កុំធ្វើក្រអឺត កុំពើតកុំពើង កុំពាក់ស្បែកជើង ចូលវត្ដលោកសង្ឃ។
នេះគឺជាគុណតម្លៃខ្មែរដែល
មានជាយូរយារណាស់មកហើយ។ ជាតិណាក៏ដោយ គេគោរពគុណតម្លៃ
និងអត្តសញ្ញាណជាតិរបស់គេណាស់។
ថ្វីដ្បិតតែគុណតម្លៃបរទេសមួយចំនួនអាចមានចំណុចល្អដែលយើងគួរទទួលយក
ប៉ុន្តែយើងក៏មិនគួរយកគុណតម្លៃបរទេសណាមួយមកលុបចោលគុណតម្លៃ
និងអត្តសញ្ញាណជាតិរបស់ខ្លួន និងវប្បធម៌ដូនតាយើងដែរ។
មិនមែនបានទៅរៀនចេះដឹងនៅបរទេស
ស្រាប់តែចាប់ផ្តើមមើលងាយឪពុកម្តាយខ្លួនឯងនោះទេ។
នេះមិនមែនជាគុណតម្លៃរបស់ខ្មែរនោះទេ។
ការឱ្យតម្លៃគ្រួសារ
និងសង្គមគឺមាននៅក្នុងឈាមជ័រខ្មែរជានិច្ច ហើយកុំភ្លេចថា
មានបរទេសនៅសង្គមជឿនលឿនជាច្រើនដែលច្រណែននឹងខ្មែរយើងដោយសារថា
ពេលពួកគេចាស់ទៅ ពួកគេលែងមានគ្រួសារនៅក្បែរពួកគេទៀតហើយ
ត្រូវនៅកណ្តោចកណ្តែង រង់ចាំថ្ងៃស្លាប់ គ្មានកូនចៅណាមកអើត
ហើយក៏គ្មានបងប្អូនសាច់ញាតិទាក់ទងជាប្រចាំដូចខ្មែរយើងដែរ។
ពួកគេបាត់បង់អស់ហើយនូវអ្វីដែលហៅថា គុណតម្លៃគ្រួសារ។
នេះគឺមិនមែនជាអ្វីដែលមនុស្សជាតិគ្រប់រូបប្រាថ្នាចង់បាន
ក្នុងលក្ខណៈជាមហាគ្រួសារនៃប្រជាជាតិមួយនោះឡើយ។
ការគោរពចាស់ទុំជាគុណតម្លៃដ៏សំខាន់ក្នុងសង្គមខ្មែរ
ក៏ដូចជាសង្គមអាស៊ីទូទៅ។
នៅប្រទេសជប៉ុនវិញ សង្គមរបស់គេមានការរៀបចំជាប្រព័ន្ធសង្គមដែលគេហៅថា“sempai-kohai” ឬបកថា “រៀមច្បង និងសិស្សប្អូន”
ដែលសិស្សប្អូនត្រូវគោរពរៀមច្បង
ហើយរៀមច្បងត្រូវមើលថែទំនុកបម្រុងសិស្សប្អូន។ ឥរិយាបថនេះ
គឺគេមានបណ្តុះតាំងពីថ្នាក់តូចតាច ហើយទោះបីជាធំពេញវ័យបំពេញការងារក្នុងសង្គមរៀងៗខ្លួនក៏ដោយ
ក៏ពួកគេនៅតែគោរពគុណតម្លៃនេះជានិច្ច។
ទាក់ទងនឹងការគោរពស្ថាប័ន យើងគួររំឭកផងដែរថា
ទោះបីប្រទេសបស្ចិមលោកដែលអួតអាងថាមានសេរីភាពហូរហៀរក្តី
ក៏មិនមែនប្រជាជនគេចេះតែដើរចោទ ចង្អុលមុខស្ថាប័នតាមតែអំពើចិត្តដែរ។
និយាយនេះមិនមែនបានន័យថា
វប្បធម៌ខ្មែរយើងជាវប្បធម៌អភិរក្សបំបិទសិទ្ធិអ្វីនោះទេ។
ឧទាហរណ៍ជាក់ស្តែងនៅបស្ចិមប្រទេសគ្មាននរណាអាចទៅចូលក្បែរវិមានប្រធានាធិបតីនោះទេព្រោះថា
គេសុទ្ធតែមានការការពារច្រើនស្រទាប់ណាស់ ហើយទោះបីជាប្រធានាធិបតីចប់អាណត្តិហើយក៏ដោយ
ក៏នៅតែមានអភ័យឯកសិទ្ធិមានអង្គរក្សការពារ
មិនអាចមាននរណាមកបំពារបំពានតាមអំពើចិត្តនោះទេ។
នេះហើយគឺជាការគោរពស្ថាប័ន។
សេរីភាពដែលគ្មានការគោរពចំពោះស្ថាប័នគឺស្មើនឹងអនាធិបតេយ្យ
ដែលគ្មានសង្គមនីតិរដ្ឋណាមួយអាចអត់អោនឱ្យបានឡើយ។
ទី ២ យុវជនត្រូវខិតខំប្រឹងប្រែងវិនិយោគ
និងអភិវឌ្ឍសមត្ថភាពខ្លួនឯង។
ឥទ្ធិពល
និងបញ្ហាសង្គមមានច្រើនដែលអាចបង្វែរចំណាប់អារម្មណ៍យុវជនឱ្យភ្លេចកសាងខ្លួនឯង
ជាពិសេសទាក់ទងនឹងសមត្ថភាពចំណេះដឹង និងជំនាញពិតប្រាកដ ដែលអាចផ្សារភ្ជាប់ខ្លួនទៅនឹងទីផ្សារការងារនិងអាចផ្សាភ្ជាប់ខ្លួនទៅនឹងការអភិវឌ្ឍសង្គមតាមរយៈការងារដែលយើងកំពុងធ្វើនោះ។
និយាយនេះ មិនមែនបានន័យថា
មិនឱ្យយុវជនខ្វល់ខ្វាយពីបញ្ហាសង្គមនោះទេ
ប៉ុន្តែដើម្បីទ្រទ្រង់សង្គមជាតិបាន យើងត្រូវចេះទ្រទ្រង់ខ្លួនឯងសិន។
បើគ្មានការងារធ្វើឱ្យពិតប្រាកដផងចិញ្ចឹមខ្លួនឯងមិនរស់ផង
យោងតែអាត្មាខ្លួនឯងមិនរួចផង
តើតាំងខ្លួនជាអ្នកសង្គ្រោះសង្គមបានដោយរបៀបណា?
យុវជនត្រូវរៀនធ្វើការងារសិន សង្កេតសិន
ស្តាប់សិន ចាំនិយាយ ហើយនិយាយដោយមានហេតុផល និយាយដោយមានទម្ងន់
និយាយដោយមានអំណះអំណាង និងទំនុកចិត្ត។
ទំនុកចិត្តនោះគឺបានមកពីបទពិសោធការងារផ្ទាល់ខ្លួនលើវិស័យជំនាញរបស់ខ្លួន
ដោយទស្សនៈ និងពាក្យពេចន៍របស់ខ្លួនឯង។ មិនមែនរៀនខាងជាងភ្លើង
ទៅរិះគន់វិស្វកម្មខាងធ្វើយន្តហោះទេ។ មិនមែនចម្លងតាមពាក្យរបស់គេ
ហើយយកមកនិយាយធ្វើដូចជារបស់ខ្លួនឯងនោះទេ។
អ្នកនិពន្ធលោក Stephen
Covey ដែលសរសេរសៀវភៅដ៏ល្បីល្បាញក្រោមចំណងជើងថា
“ទម្លាប់ ៧ យ៉ាងរបស់បុគ្គលដែលមានប្រសិទ្ធភាពខ្ពស់”
បានបែងចែកអ្វីដែលគាត់ហៅថា “រង្វង់នៃក្តីកង្វល់” និង “រង្វង់នៃឥទ្ធិពល”។
គាត់ចង់និយាយថា
មនុស្សយើងមានសេចក្តីកង្វល់ច្រើនជំពូក
ប៉ុន្តែសេចក្តីកង្វល់ភាគច្រើនមិនស្ថិតនៅក្នុងរង្វង់ដែលយើងអាចមានឥទ្ធិពលដោះស្រាយនោះទេ។
ដូច្នេះហើយបុគ្គលដែលជោគជ័យ
និងមានប្រសិទ្ធភាពគឺតែងតែខិតខំកសាងមូលដ្ឋាននៃរង្វង់ឥទ្ធិពលរបស់ខ្លួនជាជាងប្រមែប្រមូលក្តីកង្វល់គ្រប់ជំពូកមកទុកក្នុងខ្លួន
ដោយគ្មានដំណោះស្រាយអ្វី។
យុវជនត្រូវចេះបែងចែកឱ្យច្បាស់អំពី
“រង្វង់នៃក្តីកង្វល់” និងខិតខំកសាងសមត្ថភាពរបស់ខ្លួនឱ្យបានរឹងមាំ
ហើយត្រូវចូលរួមចំណែកក្នុងសង្គមតាមអ្វីដែលយើងបានរៀនចេះដឹងនោះ
ដោយប្រើជំនាញបច្ចេកទេស វិជ្ជាជីវៈ និងទេពកោសល្យដែលយើងមានរៀងៗខ្លួន។
នេះហើយដែលគេហៅថា “រង្វង់នៃឥទ្ធិពល”
ដែលបុគ្គលនីមួយៗអាចចូលរួមចំណែកដោយផ្ទាល់ក្នុងការផ្តល់ដំណោះស្រាយ។
យុវជនមិនត្រូវប្រកាន់ចរិតក្រអឺតក្រទម
មិនត្រូវមើលងាយចាស់ទុំ ទាំងដែលខ្លួនឯងមិនដែលបានធ្វើអ្វីសោះ។
មិនទាំងទាន់មានគ្រួសារ
ឬមានសមត្ថភាពទំនុកបម្រុងគ្រួសារមួយឱ្យបានរឹងមាំផងទេ
មិនដែលទាំងមានបទពិសោធគ្រប់គ្រងក្រុម ឬស្ថាប័នផងទេ តែនិយាយឡើងយកមេឃទ្រាប់អង្គុយ
មើលងាយចាស់ទុំ មើលងាយស្ថាប័ន។
ដំណោះស្រាយ និងទ្រឹស្តីហៀរកែង ប៉ុន្តែ
នៅក្នុងកន្លែងការងាររបស់ខ្លួនឯងធ្វើការមិនដែលហើយ
ហើយធ្វើការមិនដែលត្រូវគ្នាជាមួយនរណា ទៅកន្លែងណាក៏គេចេះមិនដល់ខ្លួន។
នេះមិនមែនជាគុណតម្លៃរបស់អ្នកដឹកនាំជោគជ័យណាមួយឡើយ។
គ្មានអ្នកដឹកនាំជោគជ័យណាដែលអាចធ្វើការងារតែម្នាក់ឯងដោយគ្មានស្ថាប័នគាំទ្រនោះទេ។
ជួនកាលខ្លាំងបានតែជាមួយខ្មែរគ្នាឯងទេ
ដល់ជួបបរទេសវិញ និយាយញ៉បៗ គ្មានសមត្ថភាព
និងចំណេះដឹងអ្វីទៅនិយាយតតាំងនឹងគេបាន។ រកសមត្ថភាព
និងបទពិសោធអ្វីមកសរសេរបំពេញប្រវត្តិរូបមិនបានផង
រកចេះអ្វីឱ្យច្បាស់ប្រាកដគ្មានប៉ុន្តែ
បែរជាមើលងាយចាស់ទុំដែលមានអាយុប្រហែលឪពុកម្តាយខ្លួន។
នេះមិនមែនជាឥរិយាបថឧត្តុង្គឧត្តមនៃយុវជនដែលនឹងក្លាយជាសសរទ្រូងប្រទេសជាតិនោះទេ។
តើគេអាចទុកចិត្តបានទេថាយុវជនម្នាក់អាចដោះស្រាយបញ្ហាសង្គមបាន
បើយុវជនម្នាក់នោះធ្វើការងារសាលា
និងប្រគល់ជូនគ្រូមិនដែលទាន់កាលកំណត់ផងនោះ? តើគាត់អាចដោះស្រាយបញ្ហាសកល និងបញ្ហាសង្គមបានដោយរបៀបណា
បើការងារប្រចាំថ្ងៃនៅនឹងមុខរបស់គាត់ គាត់ធ្វើមិនបានផងនោះ?
ការកសាងសង្គមគឺចាប់ផ្តើមពីការកសាងខ្លួនយើង
កសាងគ្រួសារយើង កសាងក្រុម និងស្ថាប័នរបស់យើង
ពីព្រោះថាបុគ្គលគ្រប់រូបគឺសុទ្ធតែជាធាតុផ្សំនៃបណ្តុំសង្គម។
បើធាតុផ្សំនីមួយៗរបស់សង្គមមិនរឹងមាំ សង្គមនោះក៏មិនរឹងមាំដែរ។
ការងារធំគឺចាប់ផ្តើមពីការងារតូច
ការកសាងសង្គមគឺចាប់ផ្តើមពីការកសាងខ្លួនយើងម្នាក់ៗហ្នឹងឯង។
យើងត្រូវសួរខ្លួនឯងជានិច្ចថា
តើយើងបានអភិវឌ្ឍខ្លួនយើងបានរឹងមាំប៉ុនណាហើយ? យើងបានជួយអភិវឌ្ឍគ្រួសារយើងបានប៉ុនណាដែរ? យើងបានជួយអភិវឌ្ឍក្រុមការងារ
និងស្ថាប័នការងាររបស់យើងបានប៉ុនណាហើយ?
នេះគឺជាគតិមួយចំនួនសម្រាប់ឱ្យយុវជនយើងយកទៅពិចារណា
ក្នុងការអភិវឌ្ឍខ្លួន និងជួយជ្រោមជ្រែង ថែរក្សាសង្គមជាតិខ្មែរ
ហើយត្រូវចងចាំជានិច្ចថា គ្មានបរទេសណាមកស្រលាញ់ជាតិខ្មែរ ជាងខ្មែរនោះទេ
ព្រោះគេមានប្រទេសជាតិគេដែលគេត្រូវស្រលាញ់ និងថែរក្សាដែរ៕
ស៊ឹម វីរៈ
ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
No comments:
Post a Comment