Tuesday, July 20, 2021

តើ​អ្វី​ទៅជា​ពហុភាគី​និយម​ដែល​យើង​ចង់បាន​?


ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២១ (តំណភ្ជាប់)

អត្ថបទ​នេះ​មាន​គោលបំណង​ពិភាក្សា​អំពី​អ្វី​ទៅ​ដែល​គួរតែ​ជា​ពហុភាគី​និយម និង​អ្វីដែល​មិនគួរ​ជា​ពហុភាគី​និយម ហើយ​លើក​ពី​សារៈសំខាន់​នៃ​ពហុភាគី​និយម​សម្រាប់​មនុស្សជាតិ​។

នៅពេល​យើង​ពិភាក្សា​អំពី​ពហុភាគី​និយម​យើង​ត្រូវ​ត្រឡប់​ទៅរក​ព្រឹត្តិការណ៍​ពិភពលោក​និង​តំបន់​ជា​ប្រវត្តិសាស្ត្រ​ឡើងវិញ​ ហើយ​សួរថា ហេតុអ្វី​បានជា​អង្គការ​សហប្រជាជាតិ​ត្រូវបាន​បង្កើត​ហេតុអ្វី​បានជា​អាស៊ាន​ត្រូវបាន​បង្កើតឡើង​ហេតុអ្វី​អាស៊ាន​មាន​សមាជិក ១០?

ប្រសិនបើ​យើង​មិន​បិទខ្ទប់​ខ្លួនឯង​ទៅនឹង​គំនិត​មនោគមន៍វិជ្ជា​ឬ​ភូមិសាស្ត្រ​នយោបាយ​ទេ​យើង​អាច​ទទួលបាន​ចម្លើយ​សាមញ្ញ​សម្រាប់​មនុស្ស​គ្រប់គ្នា​។ នោះ​គឺថា ស្ថាប័ន​ពហុភាគី​ត្រូវបាន​បង្កើតឡើង​ ពីព្រោះ​យើង​ចង់បាន​សន្តិភាព​ភាពសុខដុម​ការអភិវឌ្ឍ​សេរីភាព​ចេញពី​ភាពវេទនា និង​ភាពក្រីក្រ​ និង​ការចង់បាន​អនាគត​ភ្លឺស្វាង​សម្រាប់​មនុស្ស​ជំនាន់ក្រោយ​។

គោលការណ៍​ និង​គោលបំណង​របស់​អង្គការ​ពហុភាគី​ទាំងអស់​តែងតែ​មាន​គោលដៅ​រួមទាំង​នេះ​សម្រាប់​មនុស្សជាតិ​ដោយ​មិន​ទុក​នរណាម្នាក់​ចោល​ឡើយ​។ បន្ទាប់ពី​ឆ្លងកាត់​សង្គ្រាមលោក​មហា​បំផ្លិចបំផ្លាញ​ចំនួន​ ២ ​លើក ពិភពលោក​យើង​បាន​សម្រេច​ចិត្ត​អង្គុយ​តុ​ចរចា ខិតខំ​ត្រិះរិះ​ពិចារណា​រក​វិធី​បង្កើត​យន្តការ​នានា ដែល​យើង​អាច​គ្រប់គ្រង​អស្ថិរភាព ភាពមិន​ទៀងទាត់​ហានិភ័យ​នៃ​ជម្លោះ​ និង​ការមិន​ទុក​ចិត្ត​គ្នា និង​កាត់បន្ថយ​ ឬ​លុបបំបាត់​នូវ​ភាពវេទនា​ទាំងឡាយ ដែល​មនុស្សលោក​អាច​ជួបប្រទះ​។

ទោះបី​ជា​មាន​ឧត្តមគតិ​រួម​ក៏ដោយ ប៉ុន្តែ​ពិភពលោក​នៅតែ​មាន​គម្លាត​លើ​វិធីសាស្ត្រ​អនុវត្ត​។

សង្គម​ខ្លះ​កំពុងតែ​ខិតខំ​ស្វែងរក​ភាព​ល្អឥតខ្ចោះ​។ សង្គម​ខ្លះទៀត​កំពុងតែ​ត្រដរខ្យល់​នៅឡើយ សូម្បីតែ​បំពេញតម្រូវការ​ចាំបាច់​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​។

នៅពេល​ដែល​សង្គម​ទាំងនេះ​មាន​ទំនាក់ទំនង​គ្នា​ទៅវិញ​ទៅមក ពួកគេ​ត្រូវបាន​បែងចែក​ដោយ​គម្លាត​អំណាច​មនោគមន៍វិជ្ជា​ឧទាហរណ៍​ដូច​ក្នុង​សម័យ​សង្គ្រាមត្រជាក់ និង​អភិក្រម​នានា​ដែល​រដ្ឋ​នីមួយៗ​ប្រកាន់យក​នៅក្នុង​អភិបាលកិច្ច​ និង​មាគ៌ា​អភិវឌ្ឍន៍​របស់​ពួកគេ​។

អន្តរកម្ម​ទាំងនេះ​បាន​បង្កើត​ជា​ការតតាំង​ដាក់គ្នា​ទៅវិញ​ទៅមក​នៅក្នុង​ចំណោម​រដ្ឋ ក៏ដូចជា​នៅក្នុង​យន្តការ​ពហុភាគី​និយម​។

ពេលខ្លះ​ពហុភាគី​និយម​អាច​រំឭក​យើង​ឡើងវិញ​អំពី​អ្វីដែល​មនុស្សជាតិ​ត្រូវការ ប៉ុន្តែ​ពេលខ្លះ​ពហុភាគី​និយម​ក៏ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ជំរុញ​ដល់​ការតស៊ូ និង​តតាំង​រវាង​រដ្ឋ​ដោយ​ផ្អែកលើ​ការបែងចែក​ភូមិសាស្ត្រ​នយោបាយ និង​មនោគមន៍វិជ្ជា​។

យោងតាម​បទពិសោធ​ដ៏ជូរចត់​របស់​កម្ពុជា ពហុភាគី​និយម​មិនគួរ​ផ្តល់​អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ​ដល់​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត​ដែល​បានសម្លាប់​មនុស្ស​ជាង​២ ​លាន​នាក់​ឡើយ​។ ​ពហុភាគី​និយម​មិនគួរ​ដាក់​ទណ្ឌកម្ម​ការទូត​ និង​សេដ្ឋកិច្ច​រយៈពេល​១២ ​ឆ្នាំ​ទៅលើ​អ្នក​រស់រាន​មាន​ជីវិត​ពីរ​បប​ប៉ុលពត​ឡើយ​។

ពហុភាគី​និយម​មិនគួរ​ជា​ក្បាលម៉ាស៊ីន​ ដើម្បី​គាំទ្រ ពង្រីក​ និង​អូសបន្លាយ​សង្គ្រាម​ដោយ​តួអង្គ​តំណាង ហើយ​គាំទ្រ​ដល់​ភាគី​ណាមួយ​នៅក្នុង​ជម្លោះ​នយោបាយ​ឬ​ជម្លោះទឹកដី​ឡើយ​។

ពហុភាគី​និយម​មិនគួរ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នោះទេ​ នៅពេល​ដែល​ប្រជាជន​កំពុងតែ​រង​ផលប៉ះពាល់​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។ ពហុភាគី​និយម​គួរតែ​ដាក់​សន្តិភាព​ និង​ស្ថិរភាព​ខ្ពស់ជាង​អ្វីៗ​ទាំងអស់​ហើយ​មិនគួរ​ត្រូវបាន​កំណត់​ដោយ​ការដាក់​ឆន្ទៈ​ខាង​មនោគមន៍វិជ្ជា​ឬ​ភូមិសាស្ត្រ​នយោបាយ​ទៅលើ​អ្នកដទៃ​ឡើយ​។

ប្រសិន​ជា​មាន​សង្គ្រាម​លទ្ធិប្រជាធិបតេយ្យ​កុម្មុយនីស្ត​សង្គមនិយម​សិទ្ធិមនុស្ស គឺ​គ្មាន​ន័យ​អ្វី​ទាំងអស់​។ ​ប្រសិន​ជា​មាន​សង្គ្រាម​វា​មិនមាន​ក្តី​សុបិន​សម្រាប់​មនុស្សជាតិ​ទេ ពី​ព្រោះ​មនុស្ស​អាច​សុបិន​បានតែ​ម្យ៉ាង​គត់​គឺថា តើ​ពួកគេ​អាចរ​ស់បាន​ ១ ​ថ្ងៃ​ទៀត​ឬ​អត់​?

ជា​សីលធម៌ និង​គុណធម៌​របស់​មនុស្សជាតិ គេ​មិនអាច​និយាយថា ភាគី​ម្ខាង​គួរតែ​ស្លាប់​ដោយសារ​តែ​ពួកគេ​ប្រកាន់​លទ្ធិ​កុម្មុយនីស្ត ឬ​ប្រជាធិបតេយ្យ ហើយ​ពួកយើង​គួរតែ​មាន​សុវត្ថិភាព និង​ទទួល​បាន​ការការពារ​ដោយសារ​តែ​ពួកយើង​ប្រកាន់​លទ្ធិកុម្មុយនីស្ត ឬ​ប្រជាធិបតេយ្យ​នោះទេ​។ នេះ​មិនមែនជា​អ្វីដែល​គេ​ហៅថា​គុណធម៌​មនុស្សជាតិ​ទេ​។ នេះ​មិនមែនជា​ពហុភាគី​និយម​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្សជាតិ​ទេ​។ “​ការគោរព​ពហុភាគី​និយម​” គួរតែមាន​ប្រៀប​ទៅលើ​ “​ការយក​ពហុភាគី​និយម មក​គ្រប់គ្រង​អ្នកដទៃ​។


ពហុភាគី​និយម​ក្នុង​ទម្រង់​ជា​វិធានការ​ដាក់ទណ្ឌកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​ក្រៅ​ដែន​សមត្ថកិច្ច​របស់​ប្រទេស និង​ជា​ឯកតោភាគី​ដោយ​ផ្អែកលើ​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ ការគាំពារ​និយម​ និង​ស្តង់ដា​ទ្វេ​មិនមែន​ជា​ពហុភាគី​និយម​ដែល​យើង​ទាំងអស់​គ្នា​ចង់បាន​នោះទេ​។

ពហុភាគី​និយម​មិនគួរ​ដាក់​ចំណាត់ថ្នាក់ ឬ​បែងចែក​ប្រភេទ​នៃ​រដ្ឋ យោងតាម​ស្ថានភាព​នៃ​ការអភិវឌ្ឍ​របស់​ពួកគេ ដើម្បី​បម្រើឱ្យ​គោលដៅ​ដាក់ទណ្ឌកម្ម​និង​ការបង្កើត​សម្ព័ន្ធមិត្ត​នោះឡើយ​។ នៅពេល​ដែលមាន​ការទាមទារ​ស្វែងរក​ភាពឥតខ្ចោះ​ចេញពី​សេចក្តី​ខ្វះចន្លោះ​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ប្រទេស​ក្រីក្រ​នឹង​គ្មាន​ជម្រើស​អ្វី​ឡើយ ព្រោះ​គេ​ដឹងថា ពួកគេ​មិនអាច​ឆ្លងកាត់​ការវាយតម្លៃ​ពី​ប្រទេស​អ្នកមាន​បានទេ ឧទាហរណ៍ នៅពេល​ដែល​ពួកគេ​ចង់​ជ្រៀតចូល​ទីផ្សារ​របស់​ប្រទេស​អ្នកមាន​។

នេះ​គឺ​គ្មានអ្វី​ក្រៅពី​ការគាំពារ​និយម​ដោយ​ប្រើប្រាស់​ពហុភាគី​និយម​នោះទេ​។ វិធីសាស្ត្រ​បែបនេះ​បាន​បង្កើត​នូវ​ការមិនទុកចិត្ត​គ្នា​ទៅវិញទៅមក ហើយ​មិនបាន​ផ្តល់នូវ​ដំណោះស្រាយ​អភិវឌ្ឍន៍​នៅក្នុង​ប្រទេស​ក្រីក្រ​ទាំងនោះ​ឡើយ​។

បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ត្រូវការ​សមត្ថភាព​ក្នុងការ​ផ្តល់​សេវាសាធារណៈ ដែល​ជា​តម្រូវការ​មូលដ្ឋាន​បំផុត​របស់​ប្រជាជន​ហើយ​ពួកគេ​ពុំមាន​ធនធាន​ និង​សមត្ថភាព​ដើម្បី​ឆ្លើយតប​ទៅនឹង​ការស្វែងរក​ភាពឥតខ្ចោះ​ដែលជា​លក្ខខណ្ឌ​របស់​ប្រទេស​អ្នកមាន​នោះទេ​។ នេះ​មិនមែន​ជា​ស្តង់ដា​ ដើម្បី​អភិវឌ្ឍ​មនុស្សជាតិ​នោះទេ​។ អន្តរកម្ម​បែបនេះ​គ្រាន់តែ​បង្កើត​ជា​ជញ្ជាំង​នៃ​ការបែងចែក​ជា​ដរាប​រវាង “​ប្រទេស​អ្នកមាន​” និង “​ប្រទេស​អ្នកក្រ​” ប៉ុណ្ណោះ​។

ពហុភាគី​និយម​មិនគួរ​ត្រូវបាន​កាត់បន្ថយ​មក​នៅ​ត្រឹមតែ​ជា​សំឡេង​របស់​ប្រទេស​មួយចំនួន​តូច​ហើយ​អះអាងថា ជា​តំណាងឱ្យ​ផលប្រយោជន៍​របស់​ទាំងអស់​គ្នា​នោះទេ​។ នៅពេលដែល​អាស៊ាន​ត្រូវ​បាន​បង្កើតឡើង​ដោយ​ប្រទេស​ចំនួន​៥ ​មាន​គេ​ចោទ​សួរថា តើ​អាស៊ាន​អាច​នៅ​ស្ថិតស្ថេរ​យូរ​ប៉ុនណា បើ​ប្រទេស​នីមួយៗ​មាន​ប្រព័ន្ធ​នយោបាយ​និង​ស្ថានភាព​អភិវឌ្ឍន៍​ខុសគ្នា​នោះ​។ ក្រោយមកទៀត​ទោះបី​អង្គការ​សម្ព័ន្ធមិត្ត​យោធា​អាស៊ី-អាគ្នេយ៍ (SEATO) ​ដែល​បង្កប់​ផ្នត់គំនិត​សង្គ្រាមត្រជាក់​យ៉ាងជ្រាលជ្រៅ​ត្រូវបាន​រលំរលាយ​ហើយ​ក្តី ក៏​អាស៊ាន​មិនបាន​រលំរលាយ​ដែរ តែ​ផ្ទុយទៅវិញ អាស៊ាន​បាន​វិវឌ្ឍ​ខ្លួន​ប្រកប​ដោយ​មោទនភាព​អស់​រយៈពេល​ជាង​៥០ ​ឆ្នាំ​ហើយ​ថែមទាំង​បញ្ចូល​សមាជិក​បាន​គ្រប់ ១០ ប្រទេស​ទៀតផង​។

នៅពេល​អាស៊ាន​មាន​សមាជិក​ ១០​ប្រទេស​ក៏មាន​សំណួរ​សួរ​ជារឿយៗ​ថា តើ​អាស៊ាន​អាច​រក្សា​សាមគ្គីភាព​បានដែរ​ឬ​អត់​ប៉ុន្តែ​ពហុភាគី​និយម​របស់​អាស៊ាន​បាន​បង្ហាញ​ឱ្យឃើញ​ជាក់ស្តែង​ថា អាស៊ាន​អាច​ដើរ​ជាមួយ​គ្នា​បាន ដោយ​រក្សា​នូវ “​សាមគ្គីភាព​ក្នុង​ភាពចម្រុះ​”​ដោយ​ផ្អែកលើ​ “​មាគ៌ា​អាស៊ាន​”​។ សហគមន៍​អាស៊ាន​ដែលមាន​សមាហរណកម្ម​កាន់តែខ្លាំង​ឡើង បាននិង​កំពុង​ក្លាយជា “​មជ្ឈមណ្ឌល​នៃ​កំណើន​” ដែល​បាន​ទាក់ទាញ​ឱ្យ​តំបន់​ជាច្រើន​ចង់​មាន​ភាពជា​ដៃគូ​ល្អជា​មួយ​អាស៊ាន​។ “​ជំងឺ​តួឯក​” មិនអាច​មាន​វត្តមាន​នៅក្នុង​ពហុភាគី​និយម​បានឡើយ ហើយ​មិនបាន​ជួយ​សម្របសម្រួល​ឱ្យមាន “​សាមគ្គីភាព​ក្នុង​ភាពចម្រុះ​” បានដែរ​។ “​សាមគ្គីភាព​ក្នុង​ភាពចម្រុះ​” ​នេះហើយ​ដែលជា​គោលការណ៍​ដែល​បាន​គាំទ្រ​វត្តមាន​អាស៊ាន​បាន​ជាង ៥ ទសវត្សរ៍​កន្លងមក​នេះ​។ ដូច្នេះ ពហុភាគី​និយម​ត្រូវ​ផ្អែកលើ​ការរួបរួម និង​ការខិតខំ​កសាង​ការមូលមតិ​គ្នា​ជា​ឯកច្ឆន្ទ ដូច​អ្វី​ដែល​អាស៊ាន​តែងតែ​ខិតខំ​ធ្វើ​កន្លងមក​។

នៅពេល​ដែល​យើង​ចង់ដឹង​ពី​តួនាទី​របស់​ពហុភាគី​និយម យើង​ត្រូវ​ត្រឡប់​ថយក្រោយ ដើម្បី​ស្វែងយល់​នូវ​អ្វី​ដែលជា​ឧត្តមគតិ គោលការណ៍ និង​គោលបំណង ដែល​បាន​បង្រួបបង្រួម​ប្រទេស​ជាច្រើន ចាប់តាំងពី​ការចាប់កំណើត​នៃ​ស្ថាប័ន​ពហុភាគី​សំខាន់​។ យើង​ត្រូវ​សម្លឹងមើល​ឱ្យ​ឆ្ងាយ ហួស​ពី​ការបែងចែក​ភូមិសាស្ត្រ​នយោបាយ និង​មនោគមន៍​វិជ្ជា​។ យើង​ត្រូវ​សញ្ជឹងគិត​ដល់​មនុស្សជាតិ​ជារួម​។

ពហុភាគី​និយម​ដើម្បី​មនុស្សជាតិ​គួរតែ​ជា​គោលដៅ​រួម ដែល​ប្រជាជាតិ និង​ស្ថាប័ន​អន្តរជាតិ​ខិតខំ​កសាង​៕

ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)

 

 

No comments: