ទស្សនៈមិត្តអ្នកអាន, ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២១ (តំណភ្ជាប់)
យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី
សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ ៣,១ ភាគរយ
នៅឆ្នាំ ២០២០។ អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានព្យាករថា អត្រាភាពក្រីក្ររបស់កម្ពុជានឹងកើនឡើងដល់ ១៧,៦ ភាគរយ ដែលស្មើនឹងការកើនឡើងប្រហែល ៨
ភាគរយខ្ពស់ជាងមុនពេលមានវិបត្តិជំងឺរាតត្បាតកូវីដ ១៩។
យោងតាមការគណនាតាមគំរូម៉ូដែល (modelling) របស់អង្គការ UNDP បានបង្ហាញថា
កញ្ចប់ថវិកាឧបត្ថម្ភក្នុងការគាំពារសង្គមទំហំ ៣,៥
ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) អាចនឹងរារាំងប្រជាជន ៥៧០ ០០០
នាក់ មិនឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រឡើងវិញ។
ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជាបានចេញវិធានការដូចជា
ការផ្ទេរសាច់ប្រាក់ទៅគ្រួសារក្រីក្រ និងងាយរងគ្រោះ
ការឧបត្ថម្ភលើបៀវត្សរ៍កម្មករការផ្តល់កម្ចីការប្រាក់ទាប
និងការបន្ធូរបន្ថយពន្ធសម្រាប់អាជីវកម្មក្នុងវិស័យដែលរងផលប៉ះពាល់ខ្លាំងជាងគេ
ការផ្តល់សាច់ប្រាក់ពលកម្ម (cash-for-work) នៅតាមទីជនបទ
និងការគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម (SMEs)។
រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តការផ្តល់សាច់ប្រាក់ដល់គ្រួសារក្រីក្រ
និងងាយរងគ្រោះជិត ៧០ ម៉ឺនគ្រួសារ។
ការធ្លាក់ចុះសេដ្ឋកិច្ចបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការងារ។
យោងតាមការសិក្សារបស់មូលនិធិអាស៊ី (TAF) និងមជ្ឈមណ្ឌលសិក្សាខ្មែរ
(CKS) បានបង្ហាញថា គ្រួសារជាមធ្យមក្នុងវិស័យកាត់ដេរ
និងស្បែកជើងបានបាត់បង់ ១ ភាគ ៣ នៃប្រាក់ចំណូលរបស់ពួកគេ។
ការរអាក់រអួល
ឬការបិទអាជីវកម្មដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩
មានន័យថាពលករចំណាកស្រុកជាច្រើនត្រូវបានបង្ខំចិត្តវិលត្រឡប់មកកម្ពុជាវិញ។
បុគ្គលិកសេវាទេសចរណ៍បានរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារកូវីដ ១៩
ដោយពួកគេបានបាត់បង់ប្រាក់ចំណូល ៩០ ភាគរយ។
ការសិក្សានេះបានផ្តល់អនុសាសន៍គោលនយោបាយមួយចំនួនសម្រាប់ស្ថាប័នហិរញ្ញវត្ថុ
ដើម្បីកែសម្រួលគោលនយោបាយដូចជាការពន្យារការសងប្រាក់កម្ចីជាដើម
ដើម្បីផ្តល់ការការពារដល់អ្នកជាប់បំណុលបូករួមទាំងកម្មករងាយរងគ្រោះ។
ការសិក្សានេះគឺជាឧទាហរណ៍ដ៏ល្អមួយអំពីរបៀបដែលអង្គការសង្គមស៊ីវិលអាចផ្តល់ការគាំទ្រជាក់ស្តែង
និងអនុសាសន៍គោលនយោបាយ។
វិធីសាស្ត្របែបនេះផ្តល់អាទិភាពដល់ការស្វែងរកដំណោះស្រាយដោយពិនិត្យទៅលើទិដ្ឋភាពផ្សេងៗជាជាងការទម្លាក់កំហុស
ឬបន្ទោសស្ថាប័នណាមួយចំពោះផលប៉ះពាល់នៃវិបត្តិដែលមិនធ្លាប់មានពីមុនមក។
អង្គការសិទ្ធិមនុស្សតែងមាននិន្នាការផ្តោតតែលើសិទ្ធិនយោបាយ
ប៉ុន្តែនិន្នាការបែបនេះមិនបានបង្ហាញពីរូបភាពពេញលេញនៃសិទ្ធិមនុស្សនោះឡើយ
ជាពិសេសនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ ១៩។
ក្នុងអំឡុងពេលនៃវិបត្តិនេះសិទ្ធិមនុស្សជាមូលដ្ឋានរួមទាំងសិទ្ធិរស់រានមានជីវិត
សិទ្ធិទទួលបានការងារសមរម្យមានម្ហូបអាហារបរិភោគ
សិទ្ធិទទួលបានការថែទាំសុខភាពការអប់រំ និងជម្រកស្នាក់នៅជាដើមក៏ត្រូវតែផ្តល់ការយកចិត្តទុកដាក់ដូចគ្នាដែរ។
ជំងឺកូវីដ ១៩ មានគ្រោះថ្នាក់អាចគំរាមកំហែងដល់អាយុជីវិត។
ដូច្នេះគ្រប់សមាសធាតុនៃសង្គមរួមទាំងអង្គការសិទ្ធិមនុស្សគួរតែដាក់សិទ្ធិរស់រានមានជីវិតឱ្យសំខាន់លើសពីអ្វីៗទាំងអស់។
សិទ្ធិនយោបាយ និងសេរីភាពបុគ្គលដូចជាសិទ្ធិក្នុងការដើរហើរដែលអាចចម្លងជំងឺទៅអ្នកដទៃ
សិទ្ធិបញ្ចេញមតិដោយផ្សព្វផ្សាយព័ត៌មានដែលគ្មានការពិត
និងជំរុញឱ្យពលរដ្ឋមិនគោរពតាមវិធានការរដ្ឋបាល និងសុខាភិបាលជាដើម
វាបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមនៅគ្រាអាសន្នបែបនេះ។
អង្គការសិទ្ធិមនុស្សគួរចៀសវាងការសាបព្រោះកំហឹង
ការស្អប់ខ្ពើមគ្នា ការមិនទុកចិត្តគ្នា
និងបំបែកបំបាក់សាមគ្គីភាពក្នុងសង្គមខ្មែរ ឧទាហរណ៍តាមរយៈការផ្តល់ការគាំទ្រ
និងការលើកទឹកចិត្តដល់អ្នកដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ឬបានជំរុញឱ្យពលរដ្ឋប្រឆាំងនឹងវិធានការរបស់អាជ្ញាធរដោយចាត់ទុកថា
ទង្វើរបស់អង្គការខ្លួនគឺជាសកម្មភាពការពារសេរីភាពនៃការបញ្ចេញមតិ
និងសេរីភាពក្នុងការប្រមូលផ្តុំជាដើម។