ទស្សនៈមិត្តអ្នកអាន, ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២១ (តំណភ្ជាប់)
យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី
សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ ៣,១ ភាគរយ
នៅឆ្នាំ ២០២០។ អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានព្យាករថា អត្រាភាពក្រីក្ររបស់កម្ពុជានឹងកើនឡើងដល់ ១៧,៦ ភាគរយ ដែលស្មើនឹងការកើនឡើងប្រហែល ៨
ភាគរយខ្ពស់ជាងមុនពេលមានវិបត្តិជំងឺរាតត្បាតកូវីដ ១៩។
យោងតាមការគណនាតាមគំរូម៉ូដែល (modelling) របស់អង្គការ UNDP បានបង្ហាញថា
កញ្ចប់ថវិកាឧបត្ថម្ភក្នុងការគាំពារសង្គមទំហំ ៣,៥
ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) អាចនឹងរារាំងប្រជាជន ៥៧០ ០០០
នាក់ មិនឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រឡើងវិញ។
ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជាបានចេញវិធានការដូចជា
ការផ្ទេរសាច់ប្រាក់ទៅគ្រួសារក្រីក្រ និងងាយរងគ្រោះ
ការឧបត្ថម្ភលើបៀវត្សរ៍កម្មករការផ្តល់កម្ចីការប្រាក់ទាប
និងការបន្ធូរបន្ថយពន្ធសម្រាប់អាជីវកម្មក្នុងវិស័យដែលរងផលប៉ះពាល់ខ្លាំងជាងគេ
ការផ្តល់សាច់ប្រាក់ពលកម្ម (cash-for-work) នៅតាមទីជនបទ
និងការគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម (SMEs)។
រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តការផ្តល់សាច់ប្រាក់ដល់គ្រួសារក្រីក្រ
និងងាយរងគ្រោះជិត ៧០ ម៉ឺនគ្រួសារ។
ការធ្លាក់ចុះសេដ្ឋកិច្ចបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការងារ។
យោងតាមការសិក្សារបស់មូលនិធិអាស៊ី (TAF) និងមជ្ឈមណ្ឌលសិក្សាខ្មែរ
(CKS) បានបង្ហាញថា គ្រួសារជាមធ្យមក្នុងវិស័យកាត់ដេរ
និងស្បែកជើងបានបាត់បង់ ១ ភាគ ៣ នៃប្រាក់ចំណូលរបស់ពួកគេ។
ការរអាក់រអួល
ឬការបិទអាជីវកម្មដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩
មានន័យថាពលករចំណាកស្រុកជាច្រើនត្រូវបានបង្ខំចិត្តវិលត្រឡប់មកកម្ពុជាវិញ។
បុគ្គលិកសេវាទេសចរណ៍បានរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារកូវីដ ១៩
ដោយពួកគេបានបាត់បង់ប្រាក់ចំណូល ៩០ ភាគរយ។
ការសិក្សានេះបានផ្តល់អនុសាសន៍គោលនយោបាយមួយចំនួនសម្រាប់ស្ថាប័នហិរញ្ញវត្ថុ
ដើម្បីកែសម្រួលគោលនយោបាយដូចជាការពន្យារការសងប្រាក់កម្ចីជាដើម
ដើម្បីផ្តល់ការការពារដល់អ្នកជាប់បំណុលបូករួមទាំងកម្មករងាយរងគ្រោះ។
ការសិក្សានេះគឺជាឧទាហរណ៍ដ៏ល្អមួយអំពីរបៀបដែលអង្គការសង្គមស៊ីវិលអាចផ្តល់ការគាំទ្រជាក់ស្តែង
និងអនុសាសន៍គោលនយោបាយ។
វិធីសាស្ត្របែបនេះផ្តល់អាទិភាពដល់ការស្វែងរកដំណោះស្រាយដោយពិនិត្យទៅលើទិដ្ឋភាពផ្សេងៗជាជាងការទម្លាក់កំហុស
ឬបន្ទោសស្ថាប័នណាមួយចំពោះផលប៉ះពាល់នៃវិបត្តិដែលមិនធ្លាប់មានពីមុនមក។
អង្គការសិទ្ធិមនុស្សតែងមាននិន្នាការផ្តោតតែលើសិទ្ធិនយោបាយ
ប៉ុន្តែនិន្នាការបែបនេះមិនបានបង្ហាញពីរូបភាពពេញលេញនៃសិទ្ធិមនុស្សនោះឡើយ
ជាពិសេសនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ ១៩។
ក្នុងអំឡុងពេលនៃវិបត្តិនេះសិទ្ធិមនុស្សជាមូលដ្ឋានរួមទាំងសិទ្ធិរស់រានមានជីវិត
សិទ្ធិទទួលបានការងារសមរម្យមានម្ហូបអាហារបរិភោគ
សិទ្ធិទទួលបានការថែទាំសុខភាពការអប់រំ និងជម្រកស្នាក់នៅជាដើមក៏ត្រូវតែផ្តល់ការយកចិត្តទុកដាក់ដូចគ្នាដែរ។
ជំងឺកូវីដ ១៩ មានគ្រោះថ្នាក់អាចគំរាមកំហែងដល់អាយុជីវិត។
ដូច្នេះគ្រប់សមាសធាតុនៃសង្គមរួមទាំងអង្គការសិទ្ធិមនុស្សគួរតែដាក់សិទ្ធិរស់រានមានជីវិតឱ្យសំខាន់លើសពីអ្វីៗទាំងអស់។
សិទ្ធិនយោបាយ និងសេរីភាពបុគ្គលដូចជាសិទ្ធិក្នុងការដើរហើរដែលអាចចម្លងជំងឺទៅអ្នកដទៃ
សិទ្ធិបញ្ចេញមតិដោយផ្សព្វផ្សាយព័ត៌មានដែលគ្មានការពិត
និងជំរុញឱ្យពលរដ្ឋមិនគោរពតាមវិធានការរដ្ឋបាល និងសុខាភិបាលជាដើម
វាបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមនៅគ្រាអាសន្នបែបនេះ។
អង្គការសិទ្ធិមនុស្សគួរចៀសវាងការសាបព្រោះកំហឹង
ការស្អប់ខ្ពើមគ្នា ការមិនទុកចិត្តគ្នា
និងបំបែកបំបាក់សាមគ្គីភាពក្នុងសង្គមខ្មែរ ឧទាហរណ៍តាមរយៈការផ្តល់ការគាំទ្រ
និងការលើកទឹកចិត្តដល់អ្នកដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ឬបានជំរុញឱ្យពលរដ្ឋប្រឆាំងនឹងវិធានការរបស់អាជ្ញាធរដោយចាត់ទុកថា
ទង្វើរបស់អង្គការខ្លួនគឺជាសកម្មភាពការពារសេរីភាពនៃការបញ្ចេញមតិ
និងសេរីភាពក្នុងការប្រមូលផ្តុំជាដើម។
អង្គការសិទ្ធិមនុស្សគួរចូលរួម
តាមរយៈការជួយអប់រំប្រជាជនអំពីកាតព្វកិច្ចពលរដ្ឋ
និងលើកទឹកចិត្តពួកគេឱ្យសហការយ៉ាងពេញលេញជាមួយវិធានការ
ចាំបាច់របស់រាជរដ្ឋាភិបាលដូចជាការរឹតត្បិតការធ្វើដំណើរ
និងការធ្វើចត្តាឡីស័កជាដើម។
អង្គការសិទ្ធិមនុស្សក៏អាចជួយលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិទទួលបានការថែទាំសុខភាពតាមរយៈការផ្សព្វផ្សាយព័ត៌មានអំពីកន្លែងដែលពលរដ្ឋអាចទទួលបានការថែទាំសុខភាព
ទទួលដំបូន្មានពីគ្រូពេទ្យ និង
វិធីសាស្ត្រក្នុងការគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការបង្ការជំងឺកូវីដ ១៩
របស់អាជ្ញាធរ។
អង្គការសិទ្ធិមនុស្សក៏អាចជួយលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងផងដែរ។
ឧទាហរណ៍ស្ថានទូតអង់គ្លេសនៅទីក្រុងហាណូយបានផ្តល់ជំនួយរហូតដល់ ១៦៥ ០០០
ដុល្លារអាមេរិកដើម្បីគាំទ្រដល់អាស៊ានក្នុងការរកដំណោះស្រាយចំពោះបញ្ហាភាពស្ទាក់ស្ទើររបស់ពលរដ្ឋក្នុងការចាក់វ៉ាក់សាំង។
អង្គការសិទ្ធិមនុស្ស និងស្ថានទូតបរទេសទាំងឡាយ គួរតែរៀនសូត្រតាមគំរូនេះ។
នៅប្រទេសវៀតណាមក្រុមហ៊ុនខ្លះបានរៀបចំជាការផលិត
និងការស្នាក់នៅផ្ទាល់នៅក្នុងរោងចក្រតែម្តង
ដើម្បីកុំឱ្យកម្មករដើរចេញទៅខាងក្រៅ
ដោយដាក់ចេញនូវវិធានការដាក់ឱ្យនៅដាច់ដោយឡែកយ៉ាងតឹងរ៉ឹងបំផុត
និងបានផ្តល់ការឧបត្ថម្ភនានាដល់កម្មករ ដែលសុខចិត្តស្នាក់នៅ
និងធ្វើការក្នុងរោងចក្រ ដោយទទួលបានរង្វាន់ ២៣៩ ដុល្លារ។
កម្ពុជាមិនចាំបាច់យកតម្រាប់តាមគំរូរបស់វៀតណាមទេប៉ុន្តែ
អង្គការសិទ្ធិមនុស្សគួរតែជួយផ្តល់យោបល់
និងលើកអនុសាសន៍អំពីវិធីសាស្ត្រក្នុងការការពារសន្តិសុខផ្នែកសុខភាពរបស់កម្មករ។
ជាថ្មីម្តងទៀត ពួកគេគួរតែចៀសវាងការស្តីបន្ទោសទម្លាក់កំហុសឱ្យក្រុមហ៊ុនឯកជននៅក្នុងដំណើរការស្វែងរកដំណោះស្រាយសមស្របសម្រាប់ការលើកកម្ពស់សិទ្ធិកម្មករ។
កម្មវិធីរបស់អង្គការ Oxfam នៅកម្ពុជាក៏ជាឧទាហរណ៍ដ៏ល្អមួយទៀត។
ជំងឺកូវីដ ១៩
បានធ្វើឱ្យស្ត្រីដែលធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធកាន់តែងាយរងគ្រោះដោយសារភាពអត់ការងារធ្វើ
អំពើហិង្សាក្នុងគ្រួសារការមានផ្ទៃពោះដោយចៃដន្យ និងអសន្តិសុខហិរញ្ញវត្ថុ។
ជាទូទៅ
មាននិន្នាការដែលស្ត្រីត្រូវបានបង្ខំឱ្យទទួលខុសត្រូវខ្ពស់ជាងមុនក្នុងការមើលថែអ្នកជំងឺ
និងអប់រំកូនៗរបស់ពួកគេក្នុងអំឡុងពេលបិទសាលា។ អង្គការ Oxfam បានជំរុញឱ្យមានការយកចិត្តទុកដាក់ថែមទៀតលើកម្មវិធីដើម្បីគាំទ្រដល់ការការពារមាតុភាព។
អង្គការនេះបានលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលធ្វើឱ្យប្រសើរឡើងនូវច្បាប់
និងបទប្បញ្ញត្តិការងារឱ្យមានអនុលោមភាពជាមួយនឹងអនុសញ្ញាការពារមាតុភាពរបស់អង្គការពលកម្មអន្តរជាតិលេខ
១៨៣
និងជំរុញឱ្យសហគមន៍ធុរកិច្ចលើកកម្ពស់វិធានការដែលផ្តល់ភាពងាយស្រួលដល់ការមើលថែទាំគ្រួសារ។
អង្គការសិទ្ធិមនុស្សក៏អាចជួយអប់រំប្រជាជនអំពីរបៀបបែងចែកព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម
និងវិធីសាស្ត្រក្នុងការទទួលបានព័ត៌មានពី ប្រភពដែលអាចទុកចិត្តបាន
និងលេខទំនាក់ទំនងនានា នៅពេលត្រូវការជំនួយ
និងកន្លែងដែលត្រូវទទួលព័ត៌មានអំពីការចាក់វ៉ាក់សាំងតាមមូលដ្ឋាន ជាដើម។
អង្គការសិទ្ធិមនុស្សនៅកម្ពុជាគួរដឹងថា
សំឡេងរបស់ពួកគេមានសារៈសំខាន់។អង្គការសិទ្ធិមនុស្សតែងប្រាស្រ័យទាក់ទងជាមួយពលរដ្ឋនៅតាមមូលដ្ឋាន
ដូច្នេះ
ពួកគេអាចចូលរួមធ្វើចលនាប្រជាជនតាមមូលដ្ឋានឱ្យចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
សំឡេងរបស់អង្គការសិទ្ធិមនុស្សមានសារៈសំខាន់ក្នុងការតម្រង់ទិស
និងប្រមែប្រមូលសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិក៏ដូចជាសកម្មភាព
ពហុភាគីនានា ដែលជួយលើកស្ទួយសិទ្ធិមនុស្សជាមូលដ្ឋានឱ្យបានគ្រប់ជ្រុងជ្រោយ
និងគ្រប់ទិដ្ឋភាព ដោយយកប្រយោជន៍ប្រជាជន និងផលប្រយោជន៍រួមក្នុងសង្គមជាធំ។
No comments:
Post a Comment