លិខិតមិត្តអ្នកអាន, ខ្មែរថាមស៍,
២៣ ឧសភា ២០២៣ (តំណភ្ជាប់)
មានហេតុផលសំខាន់បី ដែលយុវជនតំបន់មេគង្គគួរជួប
និងពិភាក្សាគ្នាឱ្យបានច្រើន។
ហេតុផលទីមួយ គឺភាពចាំបាច់ក្នុងការវិនិយោគនាទៅលើអនាគត
ដើម្បីបង្កើតអនុស្សាវរីយ៍រួមគ្នា និងការថែរក្សាសន្តិភាព។
នៅក្នុងជំនាន់ឪពុកម្តាយ
និងជីដូនជីតារបស់យើង ពួកគាត់មានទំនាក់ទំនងជាមួយគ្នាជាប្រវត្តិសាស្ត្រយ៉ាងរឹងមាំ
តាមរយៈការតស៊ូពីសម័យមុន ដើម្បីដណ្តើមឯករាជ្យ សុខសន្តិភាព និងស្ថិរភាព
ខណៈពេលដែលក្នុងតំបន់របស់យើងត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាមវៀតណាម
និងសង្រ្គាមស៊ីវិលរាប់ទសវត្សរ៍របស់កម្ពុជា។
ប្រទេសឡាវនិងកម្ពុជា
បានជួយវៀតណាមក្នុងការបង្រួបបង្រួមជាតិឡើងវិញ
ហើយបើគ្មានការជួយជ្រោមជ្រែងទាំងនេះទេ
ប្រទេសវៀតណាមប្រហែលជាត្រូវជួបនឹងជោគវាសនាដូចប្រទេសកូរ៉េទាំងពីរ
ដែលនៅតែមិនអាចបង្រួបបង្រួមគ្នាបាន។ ក្រោយមក វៀតណាមបានជួយកម្ពុជាវិញ
ក្នុងការរំដោះប្រទេសនេះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ បន្ទាប់មក
យើងក៏មានប្រទេសថៃដែលបានជួយផ្តល់វេទិកាសម្រាប់កិច្ចចរចាសន្តិភាពរបស់កម្ពុជា
និងបានជួយមើលថែជនភៀសខ្លួនកម្ពុជាផងដែរ។
តាមរយៈការតស៊ូទាំងនេះ
ជំនាន់មុនៗពួកគាត់បាននិងកំពុងរីករាយជាមួយនឹងមរតកអនុស្សាវរីយ៍រួមគ្នាដ៏យូរអង្វែង។
ប៉ុន្តែ ចុះជំនាន់ក្រោយដូចពួកយើងវិញ? តើពួកយើងមានអនុស្សាវរីយ៍រួមគ្នាអ្វីខ្លះទៅ?
យើងប្រហែលជាគ្មានអនុស្សាវរីយ៍តស៊ូរួមគ្នានោះទេ
ប៉ុន្តែយើងទទួលបានសន្តិភាព ដែលជាកេរមរតករួម។
យើងមិនត្រូវព្រងើយកន្តើយចំពោះសន្តិភាពនេះឡើយព្រោះនេះគឺជាសន្តិភាពដែលរកបានដោយឈាម
និងការលះបង់ ពីសំណាក់ជំនាន់មុនៗរបស់យើង។
តើយើងត្រូវទទួលប្រយោជន៍ពី
“ភាគលាភនៃសន្តិភាព” ដោយរបៀបណា? តើយើងធ្វើយ៉ាងណាទើបអាចបង្កើតនូវអនុស្សាវរីយ៍
និងការចងចាំរួម អំពីសន្តិភាពនាពេលបច្ចុប្បន្ននេះ?
ជាអកុសល ពេលខ្លះ
នៅពេលដែលយើងទទួលបានសន្តិភាព យើងតែងតែមានទំនោរមិនសូវខ្វល់ពីតម្លៃរបស់វាទេ។
យើងក៏មិនសូវស្គាល់អ្នកជិតខាងរបស់យើងដែរ។
នេះអាចបង្កឱ្យមានគ្រោះថ្នាក់សម្រាប់តំបន់
នៅពេលដែលមនុស្សជំនាន់ក្រោយឱ្យតម្លៃសន្តិភាពស្រាលពេក
ហើយមិនសូវខិតខំប្រឹងប្រែងបង្កើតសាមគ្គីភាពក្នុងតំបន់ ដើម្បីការពារសន្តិភាព។
ហេតុដូច្នេះហើយបានជាយុវជនក្នុងតំបន់មេគង្គ
ត្រូវជួប និងពិភាក្សាគ្នាឱ្យបានច្រើនថែមទៀត។
ហេតុផលទី២ គឺភាពចាំបាច់ដែលយុវជនជំនាន់ក្រោយត្រូវជំនះលើការរើសអើងប្រវត្តិសាស្ត្រចំពោះប្រទេសជិតខាង។
យើងទាំងអស់គ្នាសុទ្ធតែដឹងតៗគ្នាពីរឿងរ៉ាវប្រវត្តិសាស្ត្រអវិជ្ជមាន
ជាមួយនឹងប្រទេសជិតខាងរបស់យើង។
តើគ្រូវៀតណាមប្រាប់សិស្សរបស់ពួកគេអំពីប្រទេសចិនយ៉ាងម៉េចខ្លះ? តើគ្រូប្រវត្តិសាស្ត្រខ្មែរប្រាប់សិស្សរបស់ខ្លួន
ពីប្រទេសថៃ និងវៀតណាមយ៉ាងម៉េចខ្លះ? តើគ្រូថៃប្រាប់សិស្សរបស់ពួកគេអ្វីខ្លះអំពីប្រទេសកម្ពុជា
មីយ៉ាន់ម៉ា និងឡាវ? តើគ្រូមីយ៉ាន់ម៉ាប្រាប់សិស្សរបស់ពួកគេថាម៉េចខ្លះអំពីប្រទេសថៃ?
អ្នករាល់គ្នាសុទ្ធតែអាចស្រមៃឃើញនូវចម្លើយចំពោះសំណួរខាងលើនេះហើយ។
ពិតណាស់ វាគឺជារឿងសំខាន់ ដែលយើងត្រូវរៀនពីប្រវត្តិសាស្ត្រ
ដើម្បីស្វែងយល់ពីអតីតកាល និងចៀសវាងកុំឱ្យប្រវត្តិសាស្ត្រមិនល្អកើតឡើងម្តងទៀត។
ប៉ុន្តែ ប្រវត្តិសាស្ត្រក៏មិនគួរជាកត្តាកំណត់តែមួយគត់ក្នុងការគូសវាសជោគវាសនាអនាគតរបស់ពួកយើងដែរ។
យើងទាំងអស់គ្នាគួរតែជាអ្នករៀបចំអនាគតរបស់ពួកយើង
តាមរយៈការយល់ដឹងពីគ្នាទៅវិញទៅមកឱ្យបានកាន់តែល្អប្រសើរ
បង្កើនមិត្តភាពកាន់តែល្អ និងពង្រឹងភាពជាអ្នកជិតខាងល្អ។
យើងត្រូវតែចងចាំផងដែរថា
យើងមិនអាចផ្លាស់ប្តូរអ្នកជិតខាងរបស់យើងបានទេ។ ពេលខ្លះយើងអាចមានប្រវត្តិល្អ
ពេលខ្លះយើងក៏អាចមានប្រវត្តិមិនល្អជាមួយគ្នា ប៉ុន្តែ
យើងពិតជាមិនអាចផ្លាស់ប្តូរអ្នកជិតខាងរបស់យើងបានទេ។
អ្វីដែលយើងអាចធ្វើបាន
គឺការខិតខំបន្ថែមទៀតដើម្បីលើកកម្ពស់ការរួមរស់ដោយសន្តិវិធីជាមួយគ្នាចែករំលែកវិបុលភាព
និងបង្កើតនូវព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ មិត្តភាព និងទីផ្សារ។
តាមរយៈកម្មវិធីផ្លាស់ប្តូរយុវជនដ៏រឹងមាំនៅក្នុងតំបន់ទន្លេមេគង្គ
មនុស្សជំនាន់ថ្មីនឹងបានស្គាល់អ្នកជិតខាងរបស់ពួកគេដោយផ្ទាល់
ដោយមិនផ្អែកលើអ្វីដែលពួកគេធ្លាប់រៀនសូត្រតាមប្រវត្តិសាស្ត្រ
ហើយងាកមកបង្កើតមិត្តភាពថ្មីជាមួយមនុស្សពិត។ ពួកគេនឹងយល់ថា
ទាំងអស់គ្នាសុទ្ធតែជាមនុស្សធម្មតាដែលចេះមានអារម្មណ៍ឈឺចាប់ សោកសៅ
និងចេះសប្បាយរីករាយដូចពួកយើងដែរ។
ហេតុផលទី៣ គឺភាពចាំបាច់ដែលត្រូវពង្រឹងស្មារតីនៃជោគវាសនារួម
និងអនាគតរួម។
ចំណុចនេះស្រដៀងនឹងចំណុចទីមួយដែរ។
ជោគវាសនានិងអនាគតរួមរបស់យើងទាំងអស់គ្នានោះគឺសន្តិភាព។ ព្រោះថា
បើប្រទេសក្នុងតំបន់មេគង្គណាមួយមានសង្គ្រាម អ្នកមិនអាចនិយាយថា
ប្រទេសនោះមានសង្គ្រាមតែម្នាក់ឯងបានទេ។ សង្រ្គាមនឹងរីករាលដាល
ហើយផលប៉ះពាល់នឹងមកដល់ព្រំដែនរបស់ប្រទេសអ្នក។
សង្គ្រាមមិនឈប់ទ្រឹងត្រឹមបន្ទាត់ព្រំដែននោះទេ។ ជាក់ស្តែង ដូចក្នុងរបប ប៉ុល ពត
នៅកម្ពុជា តើមានជនភៀសខ្លួនប៉ុន្មាននាក់បានភៀសទៅប្រទេសថៃ? តើមានជនភៀសខ្លួនប៉ុន្មាននាក់បានភៀសទៅប្រទេសវៀតណាម? តើមានប្រជាជនវៀតណាមប៉ុន្មាននាក់ដែលត្រូវបានរបប ប៉ុល ពត សម្លាប់? វិបត្តិមនុស្សធម៌ មិនមានខ័ណ្ឌព្រំដែននោះឡើយ។
ដូច្នេះ
សូមកុំបន់ស្រន់បួងសួងចង់ឱ្យប្រទេសជិតខាងរបស់អ្នកមានសង្គ្រាមឱ្យសោះ។
វាគ្មានផលប្រយោជន៍ដល់នរណាម្នាក់ឡើយ។
យើងត្រូវតែព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីធានាថា
ប្រទេសទាំងអស់ក្នុងតំបន់របស់យើងមានសន្តិភាព។
យើងត្រូវរួមគ្នាបង្កើតសន្តិភាពជាមួយគ្នា
ព្រោះយើងមានជោគវាសនារួមគ្នា។ អត្ថន័យពិតនៃពាក្យ "ជោគវាសនារួមគ្នា"
គឺកំណត់ដោយសន្តិភាព និងសង្គ្រាមនេះឯង។ បើប្រទេសមួយមានសង្គ្រាម
តំបន់ទាំងមូលនឹងមានអស្ថិរភាព។ បើតំបន់ទាំងមូលមានសន្តិភាព
ទាំងអស់គ្នានឹងទទួលបានភាគលាភពីសន្តិភាព
ហើយទាំងអស់គ្នានឹងមានពេលអភិវឌ្ឍនិងទទួលផលពីភាពរុងរឿងសុខសាន្ត។
ទន្ទឹមនឹងនេះ
ជោគវាសនារួមគ្នាក៏មានអត្ថន័យមួយទៀតផងដែរ ក្នុងន័យទាក់ទងនឹងធនធានធម្មជាតិមានកំណត់ដែលយើងប្រើប្រាស់ជាមួយគ្នា។
សម្រាប់ប្រជាជននៅតាមតំបន់ទន្លេមេគង្គ យើងផឹកទឹកពីទន្លេតែមួយ
ហើយយើងញ៉ាំត្រីទន្លេដូចគ្នា។ ជាការពិតណាស់
ធនធានទាំងនេះមិនមែនគ្មានដែនកំណត់នោះទេ។
ធនធានទាំងនេះគឺសម្រាប់មនុស្សគ្រប់គ្នា មិនមែនសម្រាប់តែជំនាន់របស់យើងទេ
ប៉ុន្តែ សម្រាប់មនុស្សជំនាន់ក្រោយរបស់យើងផងដែរ។
ដូច្នេះ លើសពីសន្តិភាព
ជោគវាសនារួមគ្នារបស់យើងក៏សំដៅទៅលើធនធានដែលមានកម្រិត
ដែលយើងត្រូវប្រើប្រាស់រួមគ្នាផងដែរ ក្នុងនោះរួមមាន
ភាពស្រស់ស្អាតនិងភាពសម្បូរបែបនៃជីវៈចម្រុះក្នុងតំបន់មេគង្គ
បរិស្ថាននិងប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាពនៃទន្លេមេគង្គរបស់យើង។
យុវជនជំនាន់ថ្មីត្រូវតែពង្រឹងបន្ថែមទៀតនូវស្មារតីនៃជោគវាសនារួមគ្នា
និងអនាគតរួមគ្នា រវាងជំនាន់របស់ពួកយើង
តាមរយៈការយល់ដឹងឱ្យកាន់តែច្បាស់អំពីតម្លៃនៃសន្តិភាព និងការទទួលខុសត្រូវដ៏ធ្ងន់ក្នុងកិច្ចការការពារសន្តិភាព
ក៏ដូចជាធនធានធម្មជាតិដែលមានកម្រិតរបស់យើង។
តាមរយៈអត្ថបទនេះ
អ្នកនិពន្ធសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាល់កម្មវិធីទាំងឡាយ
ដែលមានគោលដៅជំរុញការផ្លាស់ប្តូរយុវជននៅក្នុងតំបន់មេគង្គ
បូករួមទាំងកម្មវិធីនាវាសន្តិភាពមេគង្គឡានឆាងផងដែរ។
No comments:
Post a Comment