ដោយ ស៊ឹម វីរ:
ថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១០
ឯកសារយោង:
-“An
Overview Of Cambodia And The Need For Debt Recycling: How Can The U.S. Be Of
Assistance?” Hearing Before The Subcommittee On Asia, The Pacific, And The
Global Environment Of The Committee On Foreign Affairs, House Of
Representatives, One Hundred Tenth Congress, First Session, February 14, 2008
http://foreignaffairs.house.gov/110/40746.pdf
-“Bombs
Over Cambodia: New Light on US Air War”, Taylor Owen and Ben Kiernan
http://www.taylorowen.com/Articles/Walrus_CambodiaBombing_OCT06.pdf
អត្ថបទនេះគឺគ្រាន់តែជាការសង្ខេបខ្លឹមសារនៃសវនាការនៅថ្ងៃទី ១៤ កុម្ភ:
២០០៨ របស់អនុគណ:កម្មាធិការអាស៊ីប៉ាស៊ីហ្វិក និងបរិស្ថានសកល
នៃគណ:កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក
រវាងតំណាងរដ្ឋាភិបាលអាមេរិកដែលមានលោកស្កុត ម៉ាសៀល
ឧបការីរងក្រសួងការបរទេសអាមេរិក និងលោក Eni Faleomavaega តំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យមកពីកោះសាម៉ (American
Samoa) និងជាប្រធានអនុគណ:កម្មាធិការអាស៊ីប៉ាស៊ីហ្វិក
និងបរិស្ថានសកល នៃគណ:កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក។
ទស្សន:របស់លោកទាំងពីររូបនេះគឺគ្រប់គ្រាន់នឹងបង្ហាញនូវជ្រុងពីរផ្ទុយគ្នាស្រឡះ
និងព័ត៌មានមូលដ្ឋានទាំងឡាយទាក់ទងនឹងបំណុលរបស់កម្ពុជាចំពោះអាមេរិក
ដែលខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាប្រជាជនកម្ពុជាជាច្រើនសុទ្ធតែចង់ដឹងអំពីរឿងនេះ។
ខ្ញុំមិនមានជំនាញសេដ្ឋកិច្ចនឹងយល់ដឹងជ្រៅជ្រះអំពីបញ្ហាបំណុលនោះទេ
ដូច្នេះប្រសិនបើមានបញ្ហាខ្វះចន្លោះ
ខ្ញុំសូមស្វាគមន៍នូវមតិយោបល់ដើម្បីសិក្សាបន្ថែម។
ខ្ញុំក៏កោតសរសើរផងដែរចំពោះសភាអាមេរិក ដែលបានបោះផ្សាយនូវឯកសារនេះ ព្រោះថា
ក្រៅពីអាមេរិក
យើងប្រហែលជាពិបាករកនូវឯកសារផ្លូវការណាដែលផ្សព្វផ្សាយតាមអ៊ីនធើណែតនិយាយអំពីបញ្ហាបំណុលទ្វេភាគីណាស់។
I. ការបកស្រាយរបស់លោក ស្កុត
ម៉ាសៀល Scot Marciel ឧបការីរងក្រសួងការបរទេសអាមេរិក
យោងតាមទិន្នន័យរបស់ក្រសួងកសិកម្មអាមេរិក កម្ពុជាក្នុងរដ្ឋបាលលោកលន់
ណុល បានទទួលកម្ចីពីអាមេរិក ៣ ដងក្នុងឆ្នាំ១៩៧២ ១៩៧៣ និង ១៩៧៤
ដែលក្នុងឆ្នាំនីមួយៗមានចំនួន ១៧លាន ១៦៨លាន និង៨៩លាន សរុបគឺ
២៧៤លានដុល្លារក្នុងអត្រាការប្រាក់ ៣% ហើយមានរយ:កាលសង ៤០ឆ្នាំ ក្នុងនោះគឺមាន grace period ១៦ឆ្នាំ (បានន័យថាក្នុងអំឡុង១៦ឆ្នាំ ដំបូង កម្ពុជាមិនបាច់សងប្រាក់ដើមទេ
គឺសងតែការប្រាក់ប៉ុណ្ណោះ) ។ យោងតាមទិន្នន័យនេះប្រាក់កម្ចីទាំងនេះត្រូវបានប្រើប្រាស់ដើម្បីនាំចូលកសិផលពីអាមេរិក
ដូចជាកប្បាស អង្ករ និងស្រូវសាលីជាដើម។
កម្ពុជាមិនដែលបានសងអាមេរិកឡើយ ទាំងការ ទាំងដើម ព្រោះថា
១ឆ្នាំក្រោយពីការខ្ចីចុងក្រោយ របបលន់ ណុល បានដួលរលំបាត់ទៅហើយ។ គិតមកត្រឹមខែធ្នូ
ឆ្នាំ២០០៧ ចំនួនបំណុលសរុបដែលកម្ពុជាជំពាក់អាមេរិក ទាំងការ ទាំងដើមបានកើនឡើងដល់
៣៣៩លានដុល្លារ ក្នុងនោះ ១៥៧លានដុល្លារគឺជាចំនួនដែលដល់កំណត់ពេលសងភ្លាមៗនៅឆ្នាំ ២០០៨។
ដើម្បីជួយសម្រួលដល់បន្ទុកកាតព្វកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៥
តាមរយ:កិច្ចព្រមព្រៀងប៉ារីសក្លឹប (Paris Club) កម្ពុជាបានទទួលការអនុគ្រោះដូចជាការកាត់បន្ថយចំនួនបំណុល
និងការគណនារយ:ពេលសងសាឡើងវិញជាដើម (reschedule)ពីបណ្តាប្រទេសនានា
ក្នុងនោះមានអាមេរិកផងដែរ។
ទាក់ទងនឹងបំណុលកម្ពុជាចំពោះអាមេរិក កម្ពុជាបានទទួលការអនុគ្រោះដូចតទៅ:
1.អាមេរិកមិនទាមទារឲ្យកម្ពុជាសង ហើយក៏មិនគិតការប្រាក់ដែរ
ក្នុងអំឡុងពេលពីខែមករា ១៩៩៥ ដល់ខែមិថុនា ១៩៩៧។
2.បន្ទាប់ពីឆ្នាំ ១៩៩៧ តទៅ កម្ពុជាត្រូវចាប់ផ្តើមសងទាំងប្រាក់ដើម
ទាំងការប្រាក់តាមការគណនាធម្មតា ដោយត្រូវសងឲ្យអស់ក្នុងអំឡុងពេល ៤០ឆ្នាំ
គិតចាប់ពីខែមិថុនា ឆ្នាំ ១៩៩៧ បូករួមទាំង grace period ១៦ឆ្នាំ ។ នេះហៅថា reschedule គឺការគណនាអំឡុងពេលសងសាឡើងវិញ។
ប៉ុន្តែ ដើម្បីទទួលបានការអនុគ្រោះនេះ
កម្ពុជានិងអាមេរិកត្រូវចុះកិច្ចព្រមព្រៀងអនុវត្តបំណុលទ្វេភាគី(debt implementing agreement) ដោយឡែកមួយទៀត
ដែលមកទល់បច្ចុប្បន្នមិនទាន់មាននៅឡើយ។ គួរបញ្ជាក់ថា
ឈរលើកិច្ចព្រមព្រៀងក្លឹបប៉ារីស កម្ពុជាបានចុះកិច្ចព្រមព្រៀងអនុវត្តបំណុលជាមួយបារាំង
អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន ហើយបានចាប់ផ្តើមសងប្រទេសទាំងនោះយ៉ាងទៀងទាត់។
មានមូលហេតុ ២ ដែលកម្ពុជាមិនព្រមចុះកិច្ចព្រមព្រៀងនេះជាមួយអាមេរិក:
1.កម្ពុជាមិនចង់ទទួលខុសត្រូវលើបំណុលរបស់រដ្ឋបាលលោកលន់ ណុល
ហើយម្យ៉ាងទៀត កម្ពុជានៅមិនទាន់ចុះសម្រុងលើចំនួនសរុបនៃប្រាក់ដើមនៅឡើយ។
ទើបតែនៅខែកុម្ភ: ឆ្នាំ២០០៦ ទើបឯកឧត្តមគាត ឈន់ បានឆ្លើយថា កម្ពុជា “យល់ព្រមជាគោលការណ៍” លើចំនួនប្រាក់ដើមសរុប
១៦២លានដុលា្លរ (អាមេរិកក៏បានព្រមព្រៀងចំពោះតួលេខនេះរួចហើយដែរ
ថ្វីត្បិតតែតួលេខរបស់ក្រសួងកសិកម្មអាមេរិកមានរហូតដល់ ២៧៤លានដុល្លារក្តី) ។
2.មូលហេតុមួយទៀតគឺកម្ពុជាចង់ទាមទារឲ្យមានការអនុគ្រោះក្នុងរូបភាពដោយឡែក
២ ផ្សេងទៀតគឺ:
-ក. ការកាត់បន្ថយការប្រាក់ ។ ប៉ុន្តែ អាមេរិកបដិសេធ ព្រោះថាការប្រាក់
៣% គឺជាអត្រាសម្បទានក្នុងសម័យឆ្នាំ៧០ ដូច្នេះ មិនអាចកែប្រែបានឡើយ។
-ខ. ការប្តូរបំណុលទៅជាជំនួយអភិវឌ្ឍន៍ ។
ការអនុគ្រោះបែបនេះធ្លាប់បានធ្វើឡើងចំពោះប្រទេសវៀតណាម ប៉ុន្តែ
ចំណុចសំខាន់គឺវៀតណាមបានចុះកិច្ចព្រមព្រៀងអនុវត្តបំណុលជាមួយអាមេរិករួចរាល់កាលពីឆ្នាំ
១៩៩៧ ហើយបានចាប់ផ្តើមសងយ៉ាងទៀងទាត់។ ជាលទ្ធផល អាមេរិកបានបង្វិលប្រាក់ ៤០%
ដែលវៀតណាមបានសងទៅជាជំនួយអភិវឌ្ឍន៍សម្រាប់វៀតណាមវិញ នៅឆ្នាំ២០០០។
ជារួមជំហររដ្ឋាភិបាលអាមេរិក គឺមិនចាត់ទុកកម្ពុជាថាជា “ប្រទេសដែលគ្មានលទ្ធភាពសង (unable)” នោះទេ តែជា “ប្រទេសដែលមិនមានបំណងសង (unwilling)” ដូច្នេះ
អាមេរិកនៅរក្សាជំហរមិនលុបចោលបំណុលនេះ ហើយបច្ចុប្បន្នគឺមិនទាន់ចរចាដាច់ស្រេចនៅឡើយទេ។
ស្រមៃមើលចុះ! តួលេខចុងក្រោយនៅឆ្នាំ ២០០៨ គឺ ៣៣៩លានដុល្លារ
ប៉ុន្តែពេលដែលកំពុងសរសេរនេះតួលេខនេះមិននៅស្ងៀមទ្រឹងឡើយ
គឺការប្រាក់ត្រូវបានបូកថែមជានិច្ច។