Tuesday, June 22, 2021

ជំនួយ​អភិវឌ្ឍន៍​ គួរតែ​ផ្តោតលើ​សមត្ថភាព​ផ្តល់​សេវា​របស់​ប្រទេស​ក្រីក្រ


ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ២២​ មិថុនា ២០២១ (តំណភ្ជាប់)

អរិយធម៌​មាន​គោលដៅ​បម្រើ​ដល់​សុខុមាលភាព​របស់​មនុស្ស​ជាតិ ធ្វើឱ្យ​មនុស្ស​ជាតិ​អាច​រស់នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​ និង​វិបុលភាព​។ អរិយធម៌​របស់​មនុស្ស​គឺ​ធ្វើឱ្យ​មនុស្ស​ខិតខំ​ស្រាវជ្រាវ​អភិវឌ្ឍ​វិទ្យាសាស្ត្រ ខិតខំ​ស្វែងរក​ឱសថ​ ដើម្បី​ព្យាបាល​ជំងឺ​ខិតខំ​បង្កើត​អ្វី​ថ្មី​ ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ ខិតខំ​បង្កើត​ស្ថាប័ន​នានា​ដែល​គាំទ្រ​ដល់​សន្តិភាព​ និង​ភាពសុខដុមរមនា​របស់​មនុស្ស​គ្រប់រូប​។ នេះ​គួរតែ​ជា​អត្ថន័យ និង​គោលដៅ​របស់​អរិយធម៌​។

ប៉ុន្តែ​នៅក្នុង​តថភាព​ជាក់ស្តែង អ្វីដែល​យើង​ហៅថា អរិយធម៌​នៅពេល​នេះ​គឺ​នៅតែ​មាន​គម្លាត​យ៉ាង​ធំធេង​រវាង​ប្រទេស​អ្នកមាន និង​ប្រទេស​អ្នកក្រ​។ ប្រទេស​អ្នកមាន​ខិតខំ​ទាមទារ​សិទ្ធិ រីឯ​ប្រទេស​អ្នកក្រ​វិញ រកតែ​អង្ករ​ច្រកឆ្នាំង​គ្មាន​។ សិទ្ធិ និង​សេរីភាព​នៅក្នុង​ប្រទេស​អ្នកក្រ គឺ​សេរីភាព​ចេញពី​ភាពអត់ឃ្លាន​សេរីភាព​ចេញពី​សេចក្តី​ស្លាប់​ ដោយសារ​តែ​គ្មាន​ពេទ្យ​ព្យាបាល​ត្រឹមត្រូវ សេរីភាព​ចេញពី​ការភ័យខ្លាច​ ដោយ​មិនអាច​ចិញ្ចឹម​កូនចៅ​ជំនាន់​ក្រោយ​បាន ដោយ​ទុកឱ្យ​ពួកគេ​ដើរ​អនាថា​តាម​ដងផ្លូវ ឬ​រស់​នៅលើ​គំនរ​សំរាម​។

សេរីភាព​នៃ​ការទាមទារ​តាម​អ្វី​ដែល​មនុស្ស​ចង់បាន គឺជា​តណ្ហា​ធម្មជាតិ​របស់​មនុស្ស​ទូទៅ​។ ប៉ុន្តែ ថា​តើ​ស្ថាប័ន​រដ្ឋ និង​សង្គម​ដែល​គេ​រស់នៅ​អាច​ផ្តល់ឱ្យ​ពួកគេ​បាន​ប៉ុនណា​គឺជា​បញ្ហា​ខុសគ្នា​សុទ្ធសាធ​។

នេះ​គឺជា​ចំណុច​ស្នូល​នៃ​បញ្ហា​ដែល​ពិភពលោក​គួរតែ​ផ្តោតលើ នោះ​គឺ​សមត្ថភាព​របស់​ស្ថាប័នរដ្ឋ​នៅក្នុង​ការផ្តល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​របស់ខ្លួន​។

នៅក្នុង​ប្រទេស​ក្រីក្រ​សិទ្ធិ និង​សេរីភាព​មិនមែន​ជា​បញ្ហា​នោះទេ​។ នៅក្នុង​ប្រទេស​ក្រីក្រ​គឺ​សមត្ថភាព​ផ្តល់​សេវា​សាធារណៈ​ឱ្យបាន​តាម​តម្រូវការ និង​ការទាមទារ​របស់​ពលរដ្ឋ​ទៅវិញ​ទេ ដែល​ជា​បញ្ហា​។ បើ​យើង​ចំណាយ​ថវិកា​រាប់រយ​លាន​ដុល្លារ​គ្រាន់តែ​ ដើម្បី​បង្កើត​របាយការណ៍​ និង​ដាក់​ចំណាត់ថ្នាក់​ពិភពលោក ដើម្បី​បរិយាយ​ថា ប្រទេស​មួយ​នោះ​ក្រ ឬ​ប្រទេស​មួយ​នេះ​ទន់ខ្សោយ​ដុនដាប​នោះ វា​មិន​បាន​ជួយ​អ្វី​សោះ​ទេ ព្រោះ​ថា​នៅក្នុង​ប្រទេស​ក្រីក្រ​បញ្ហា​មាន​ច្រើន​រាប់​មិនអស់ គេ​ចង់​ចុច​លើ​ចំណុច​ណា​ក៏​បានដែរ ចង់​ត្អូញត្អែរ​ពី​ព្រឹក​ដល់​ល្ងាច​ក៏​មិន​អស់​ដែរ​។

វា​គ្រាន់តែ​ជា​របាយការណ៍​ដើម្បី​ធ្វើឱ្យ​ប្រទេស​អ្នកមាន​កាន់តែ​មាន​មោទនភាព​លើ​ខ្លួនឯង​ប៉ុណ្ណោះ ហើយ​គោលបំណង​ដើម​ដែលថា ចង់​ជួយ វា​អាច​ប្រែ​ក្លាយ​ទៅ​ជា​ការដាក់​ទណ្ឌកម្ម​ ដោយសារ​តែ​ការយោង​លើ​របាយការណ៍​អាក្រក់​ទាំងនោះ​ ឬ​ក្លាយ​ទៅជា​ការបំបាក់​ទឹកចិត្ត ការបន្ទច់បង្អាក់ និង​រំខាន​ដល់​ការអភិវឌ្ឍ​ទៅវិញ​។

ប្រទេស​ក្រីក្រ និង​ទន់ខ្សោយ​មិន​ចាំបាច់​មាន​ប្រទេស​ដទៃ​មក​ប្រាប់​ពួកគេ​ថា ពួកគេ​ក្រ និង​ទន់ខ្សោយ​នោះទេ​។ ពួកគេ​ត្រូវការ​ការជួយ​គាំទ្រ​ ដើម្បី​ដោះស្រាយ​បញ្ហា និង​ពង្រឹង​ស្ថាប័ន​ផ្តល់​សេវា​សាធារណៈ​របស់​ពួកគេ​។ ពួកគេ​ដឹង​ឆ្អែតឆ្អន់​ហើយ​ថា ពួកគេ​ក្រ និង​ខ្សត់ខ្សោយ​។ ពួកគេ​កំពុងតែ​ខិតខំ​ដោះស្រាយ​បញ្ហា​ភាពក្រីក្រ និង​ជំរុញ​ការអភិវឌ្ឍ ហើយ​ពួកគេ​មិន​ចង់​ទទួល​បញ្ហា​បន្ថែម​ដោយ​ត្រូវ​ទៅ​តតាំង​នឹង​ការបន្ទច់បង្អាក់ និង​ការរំខាន​ទាំងនោះ​ទេ​។

ដូចជា​មនុស្ស​ទូទៅ​គ្រប់​រូប​ដែរ ប្រទេស​ជាតិ​នីមួយៗ​ត្រូវការ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​។ ចំពោះ​មនុស្ស​ទូទៅ​គ្រប់រូប តើ​យើង​នឹង​មាន​អារម្មណ៍​បែបណា​បើ​គ្រប់គ្នា​មក​ប្រាប់​យើង​ថា អ្នកឯង​ជា​មនុស្ស​បាត​សង្គម​ដែល​គេ​មិន​ត្រូវការ​។ វា​មិនបាន​លើកទឹកចិត្ត​នោះទេ វា​បានតែ​បង្កើតជា​កំហឹង និង​ការបាក់​ទឹកចិត្ត​ប៉ុណ្ណោះ​។

ប្រសិន​បើ​គ្រាន់តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​ប្រទេស​អ្នកមាន​មួយ មាន​ធនធាន​មនុស្ស និង​ធនធាន​ហិរញ្ញវត្ថុ​ច្រើនជាង​ក្រសួង​ស្ថាប័ន​មួយ​​របស់​ប្រទេស​ក្រីក្រ​ទៅហើយ ថា​តើ​ការរិះគន់​ថា ប្រទេស​នោះ​ទន់ខ្សោយ​ និង​គ្មាន​សមត្ថភាព​វា​មានន័យ​អ្វី​ទៅ​?

ប្រទេស​ក្រីក្រ​មិនត្រូវ​ការ​របាយការណ៍​ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ ដើម្បី​បញ្ជាក់ប្រាប់​ពួកគេ​ពី​ចំណុចខ្សោយ​របស់​ពួកគេ​នោះទេ​។ ពួកគេ​ត្រូវការ​លុយ​រាប់លាន​ដុល្លារ​ទាំងនោះ​ក្នុង​ទម្រង់​ជា​អាហារូបករណ៍ និង​ការសិក្សា​អប់រំ ដែល​អាច​ផ្តល់​ជំនាញ​ពិតប្រាកដ​ដល់​ពលរដ្ឋ ដើម្បី​ទទួលបាន​ការងារ​ធ្វើ​សមរម្យ​។ ពួកគេ​ត្រូវការ​លុយ​រាប់លាន​ដុល្លារ​ទាំងនោះ​ក្នុង​ទម្រង់​ជា​ផ្លូវ ជា​ស្ពាន មន្ទីរពេទ្យ សម្ភារ​ និង​បរិក្ខារ​ពេទ្យ រោងចក្រ​ផលិត​អគ្គិសនី ជា​ផ្លូវដែក កំពង់ផែ ព្រលានយន្តហោះ ជាការ​វិនិយោគ ជា​រោងចក្រ និង​ជា​ទីផ្សារ​ដែល​ទទួល​ទិញ​ផលិតផល​របស់​ពួកគេ​។ ពោលគឺ​ពួកគេ​ត្រូវការ​អ្វីៗ​ទាំងឡាយ​ដែល​ប្រទេស​ទាំងអស់​ត្រូវការ​ចាំបាច់​ដើម្បី​ដំណើរការ​សេដ្ឋកិច្ច និង​គាំទ្រ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​។

អរិយធម៌​មនុស្សជាតិ​មិនគួរ​បង្កើតជា​វប្បធម៌ ដែល​ធ្វើឱ្យ​ប្រទេស​អ្នកមាន​មាន​មោទនភាព នៅពេល​ដែល​ពួកគេ​ដាក់ទោស​ប្រទេស​ក្រីក្រ និង​ទន់ខ្សោយ​ដោយសារ​តែ​ប្រទេស​ទាំងនោះ​ក្រ និង​ទន់ខ្សោយ​នោះទេ​។

អរិយធម៌​មនុស្សជាតិ​គួរតែ​បង្កើត​វប្បធម៌​ដែល​ប្រទេស​នានា​មាន​មោទនភាព​ក្នុង​ការជួយ​គ្នា​ទៅវិញ​ទៅមក ហើយ​មិនមែន​មកជួយ​ចាប់កំហុស​នោះទេ គឺ​មក​ជួយ​ដោយ​សកម្មភាព​ជាក់ស្តែង និង​សមិទ្ធផល​ជាក់ស្តែង ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ការអភិវឌ្ឍ និង​កាត់បន្ថយ​ភាពក្រីក្រ ដែលជា​បញ្ហា​ស្នូល​តាំងពី​បុរាណកាល​រៀងមក​នៅក្នុង​អរិយធម៌​មនុស្សជាតិ​៕

លោក ស៊ឹម វីរៈ ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី AVI

No comments: