Tuesday, June 8, 2021

កម្ពុជាៈ សេដ្ឋកិច្ច​ ១០ ​នាទី និង​សេដ្ឋកិច្ច​ ១០ ​ឆ្នាំ



ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ៨ មិថុនា ២០២១ (តំណភ្ជាប់)

“​សេដ្ឋកិច្ច​ ១០ ​នាទី និង សេដ្ឋកិច្ច​ ១០ ​ឆ្នាំ​” គឺជា​ពាក្យសម្តី​របស់​លោក ម៉ូរីតា អាគីអូ ដែលជា​សហស្ថាបនិក​របស់​ក្រុមហ៊ុន​សូនី (Sony)​។ នៅពេល​ដែល​ជប៉ុន​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ទី​ ២ ​គាត់​បាន​ប្រើពាក្យ​នេះ​ ដើម្បី​រិះគន់​អាមេរិក​ថា​ឈ្លក់​វង្វេង​នឹង​សេដ្ឋកិច្ច​ ១០ ​នាទី​ហើយ​ភ្លេច​សេដ្ឋកិច្ច​ ១០ ​ឆ្នាំ​។

គាត់​ចង់​និយាយថា អាមេរិក​គិតតែ​ពី​សេដ្ឋកិច្ច​អរូបី​ដូចជា ការជួញដូរ​ហិរញ្ញវត្ថុ ទីផ្សារ​ភាគហ៊ុន​ជាដើម ដែល​អាច​រក​ចំណេញ​បាន​ភ្លាមៗ​ហើយ​លែង​យកចិត្តទុកដាក់​លើ​ការស្រាវជ្រាវ និង​នវានុវត្តន៍ និង​ឧស្សាហកម្ម​កម្មន្តសាល (manufacturing) ​ដែលជា​ឧស្សាហកម្ម​រូបី និង​ទ្រទ្រង់​កម្លាំង​សេដ្ឋកិច្ច​យូរអង្វែង​។

ជប៉ុន​ភាគច្រើន​គិតថា សេដ្ឋកិច្ច​ជប៉ុន​អាច​រឹងមាំ​បាន​គឺ​ពឹង​ផ្អែកលើ​ឧស្សាហកម្ម​កម្មន្តសាល​នេះឯង​។ សូម្បីតែ​ចិន​បច្ចុប្បន្ន​ដែល​ឈាន​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ទី​ ២ ក៏ដោយសារ​តែ​ភាពរឹងមាំ​នៃ​ឧស្សាហកម្ម​​កម្មន្តសាល​នេះដែរ ហើយ​យើង​ពិបាក​នឹង​រក​ផលិតផល​នៅលើ​ពិភពលោក ដែល​គ្មាន​ពាក់​ស្លាក Made in China ណាស់​ឥឡូវនេះ​។

សម្រាប់​ប្រទេស​កម្ពុជា ប្រហែល​ជា​យើង​ត្រូវការ​ទាំង​ ២ ដែល​ត្រូវបំពេញ​គ្នា​ទៅវិញទៅមក ព្រោះ​កម្ពុជា​នៅ​ខ្សោយ​នៅឡើយ មិន​ថា “​សេដ្ឋកិច្ច​ ១០ ​នាទី​” ឬ “​សេដ្ឋកិច្ច​ ១០ ​ឆ្នាំ​”​។

ថ្វីដ្បិតតែ​កម្ពុជា​កំពុងតែ​ជំរុញ​ឧស្សាហកម្ម​កម្មន្តសាល តាមរយៈ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ប៉ុន្តែ​មូលដ្ឋាន​ឧស្សាហកម្ម​កម្មន្តសាល​របស់​កម្ពុជា​នៅ​ខ្សោយ​នៅឡើយ ហើយ​ឧស្សាហកម្ម​នេះ​ទៀតសោត​គឺ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​ទៅលើ​ការវិនិយោគ​បរទេស​ទាំង​ផ្នែក​បច្ចេកទេស​ និង​ដើមទុន​។

ជា​ការសង្កេត​ជាទូទៅ ធុរជន​កម្ពុជា​ក៏​ចង់​មាន​ឆាប់​តាមរយៈ “​សេដ្ឋកិច្ច​ ១០ ​នាទី​” ដែរ ជាពិសេស​តាមរយៈ​អចលនទ្រព្យ​ដែល​មិន​ទាមទារ​ការវិនិយោគ​លើ​ការកសាង​រោងចក្រ បច្ចេកវិទ្យា និង ការគ្រប់គ្រង​ធនធានមនុស្ស​។

យ៉ាងណាក្តី លំហូរ​ចូល​យ៉ាងខ្លាំង​នៃ​ដើមទុន​បរទេស​កើតឡើង​តែ​ម្តងម្កាល​ប៉ុណ្ណោះ ហើយ​វា​ក៏​មិន​កើតឡើង​យូរ​ដែរ​។ ដូច្នេះ​នៅពេល​លំហូរ​គំហុក​បែបនេះ​កើតឡើង និង​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​អចលនទ្រព្យ និង​សំណង់ យើង​ក៏​ពិបាក​បន្ទោស​ដល់​ធុរជន​កម្ពុជា​ដែល​ចង់បាន​ចំណេញ​ភ្លាមៗ​ជាមួយនឹង​ការទិញ​លក់​ដីធ្លី ជាជាង​ការខិតខំ​ប្រឹងប្រែង​បង្កើត​ឧស្សាហកម្ម​រូបី​ដូចជា​ឧស្សាហកម្ម​កម្មន្តសាល​ដែរ​។

យើង​ធ្លាប់​ពឹង​ទុន​មូលធន​ពី​ថៃ និង​វៀតណាម​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ និង​ ១៩៩០ ប៉ុន្តែ​គឺជា​សេដ្ឋកិច្ច​ត្រដរខ្យល់ ហើយ​បរិយាកាស​សង្គម​ពោរពេញ​ដោយ​អស្ថិរភាព​នៃ​ប្រទេស​ដែល​ងើប​ពី​សង្គ្រាម​។

យើង​មាន​លំហូរ​ទុនវិនិយោគ​ខ្លាំង​ពី​កូរ៉េ​ខាងត្បូង​ក្នុង​ដើម​ទសវត្សរ៍​ឆ្នាំ​ ២០០០ តែ​ក៏​មិនបាន​យូរអង្វែង ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ​ ២០០៧ ដែល​ធ្វើឱ្យ​ការវិនិយោគ​អចលនទ្រព្យ​ស្ទើរតែ​ក្ស័យធន ហើយ​បាត់​វត្តមាន​វិនិយោគិន​កូរ៉េ​ពី​កម្ពុជា​ស្ទើរតែ​ទាំងស្រុង​។ អគារ​ហ្គោល​ថៅវើ ៤២ ​ជាន់​ដែល​ឈប់​កណ្តាល​ទី​គឺជា​និមិត្តរូប​នៃ​ការវិនិយោគ​ដែល​មិន​ចប់ចុង​ចប់ដើម​របស់​កូរ៉េ ដែល​ត្រូវបាន​ផ្ទេរ​បន្ត​ទៅ​វិនិយោគ​ចិន​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​ ២០១០​។

ឥឡូវ​យើង​មាន​លំហូរ​គំហុក​ម្តងទៀត​។ លើក​នេះ​គឺ​មកពី​ចិន ដែល​ទើបតែ​កើតឡើង​ថ្មីៗ​ជាពិសេស​ក្រោយ​ឆ្នាំ​ ២០១៦ ដែល​យើង​គ្រប់គ្នា​អាច​មើលឃើញ តាមរយៈ​ចំនួន​អគារ​ខ្ពស់​ស្កឹមស្កៃ​ដែល​កើនឡើង​ដូច​ផ្សិត ដូច​ជប់ នៅ​រាជធានី-ភ្នំពេញ និង​ក្រុងព្រះសីហនុ​។ ម្ចាស់​ដីធ្លី​យ៉ាងហោច​ណាស់​រាប់ពាន់នាក់​នៅ​ក្រុងព្រះសីហនុ​បាន​ក្លាយ​ជា​សេដ្ឋី​ប្រាក់លាន​ (millionaires) ដោយសារ​តែ​ការលក់ដូរ​ដីធ្លី និង​លំហូរ​យ៉ាងគំហុក​នូវ​ទុន​មូលធន​ពី​ចិន​ក្រោយ​ឆ្នាំ​ ២០១៦​។

ប៉ុន្តែ​យើង​ក៏ត្រូវ​ចងចាំ​ដែរ​ថា លំហូរ​គំហុក​បែបនេះ​មិនមែន​មាន​រហូត​នោះ​ទេ ហើយ​ឱកាស​បែបនេះ​អាច​ថា យ៉ាងយូរ​ ១០ ​ឆ្នាំ​កើតឡើង​ម្តង ហើយ​បើ​ហូរ​មក​លឿន ហូរ​ចេញ​ទៅវិញ​ក៏​លឿន​ដែរ ដូច​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​ ១៩៩៧ និង​ឆ្នាំ​ ២០០៧​។

នៅពេលដែល “​សេដ្ឋកិច្ច​ ១០ ​នាទី​” ដកថយ​គឺ​ត្រូវមាន “​សេដ្ឋកិច្ច​ ១០ ​ឆ្នាំ​” ចូលមក​បំពេញ​តួនាទី​រក្សា​លំនឹង​សេដ្ឋកិច្ច​។ កម្ពុជា​ឥឡូវ​មាន​អ្នកមាន​ថ្មី (nouveau riche) ច្រើន ប៉ុន្តែ​ភាគច្រើន​ពុំ​ដឹងថា តើ​ត្រូវ​វិនិយោគ​លើ​ “​សេដ្ឋកិច្ច​ ១០ ​ឆ្នាំ​” ដោយ​របៀប​ណា​? ករណី​ការយក​ប្រាក់​រាប់លាន​ទៅ​ដាក់​នៅ​ក្រុមហ៊ុន GFX នាពេល​ថ្មីៗ​នេះ​គឺ​បាន​បង្ហាញ​ឱ្យឃើញថា យើង​មាន​អ្នកមាន​ថ្មី​ច្រើន ប៉ុន្តែ​យើង​នៅតែ​ចង់បាន “​សេដ្ឋកិច្ច​ ១០ ​នាទី​” ​ដែល​ចំណេញ​លឿន ហើយ​ចំណាយ​ពលកម្ម​តិច មិន​ហត់ មិន​ឈឺក្បាល​។

ការបង្កើត “​សេដ្ឋកិច្ច​ ១០ ​ឆ្នាំ​” គឺ​មិនមែន​ជា​ការងាយ​នោះទេ ហើយ​យោង​លើ​បទពិសោធ​ប្រទេស​ភាគច្រើន​គឺ​ត្រូវ​មានការ​ដឹកមុខ​តាមរយៈ “​ឧស្សាហភាវូបនីយកម្ម​ដឹកនាំ​ដោយ​រដ្ឋ​” ដែល​គាំទ្រ​ដោយ​ក្រុមហ៊ុន​យក្ស​ក្នុងស្រុក​”​។ ខ្ញុំ​ប្រើពាក្យ​ថា ក្រុមហ៊ុន​យក្ស ដើម្បី​ឱ្យ​ងាយ​យល់ គឺ​ចង់​សំដៅ​ទៅលើ​ក្រុមហ៊ុន​ឧស្សាហកម្ម​ធំៗ​ដែល​អង់គ្លេស​ហៅថា conglomerate ដែលមាន​កូន​ក្រុមហ៊ុន​រាប់រយ​ហើយ​មាន​វិសាលភាព​ផលិត និង​វិនិយោគ​ទូទាំងប្រទេស​លើ​វិស័យ​ចម្រុះ ជាពិសេស​ឧស្សាហកម្ម​ធុន​ធ្ងន់ និង​មាន​បច្ចេកទេស​ជឿនលឿន​។

នៅ​ជប៉ុន ពី​មុនគេ​ហៅថា Zaibatsu ឬ​ឥឡូវ​ហៅថា Sogo Shosha ដូចជា​ក្រុមហ៊ុន Mitsubishi, Mitsui, Marubeni, Sumitomo និង Itochu​។ នៅ​កូរ៉េខាងត្បូង​គេ​ហៅថា Chaebol មានដូចជា​ក្រុមហ៊ុន Samsung, LG, Hyundai​។ នៅ​វៀតណាម​មានដូចជា​ក្រុមហ៊ុន Vingroup ​ដែលមាន​ទុន​រាប់​ប៊ី​លាន​ដុល្លារ និង​ហ៊ាន​វិនិយោគ​លើ​រថយន្ត​អគ្គិសនី ហើយ​ថែមទាំង​មាន​បង្កើត​មហាវិទ្យាល័យ​បច្ចេកវិទ្យា​ខ្លួនឯង​ថែមទៀត​។

សម្រាប់​ប្រទេស​ចិន តួនាទី​ទាំងនេះ​អាច​មាន​នៅ​ក្រុមហ៊ុន​ឯកជន​របស់​រដ្ឋ (State Owned Enterprise, SOE) ប៉ុន្តែ ទោះបី​ជា​មាន​ឈ្មោះថា ក្រុមហ៊ុន​រដ្ឋ​ក្តី ពួកគេ​មិនមែន​ក្រុមហ៊ុន​ដែល​ខាត​រាល់​ឆ្នាំ ហើយ​យក​ថវិការដ្ឋ​មក​ប៉ះប៉ូវ​ប្រាក់ខែ​នោះទេ​គឺ​ពួកគេ​ជា​ក្រុមហ៊ុន​យក្ស​ដែល​​មាន​សមត្ថភាព​ផលិត និង​រកចំណូលបាន​យ៉ាង​មហិមា​។

ក្រុមហ៊ុន​យក្ស​បរទេស​ទាំងនោះ​មិនមែន​ជា​ក្រុមហ៊ុន​ដែល​បានទទួល​អាជ្ញាប័ណ្ណ​ពី​រដ្ឋ បាន​ទទួល​សម្បទាន​ពី​រដ្ឋ ប៉ុន្តែ​គ្មាន​បាន​វិនិយោគ ឬ​ផលិត​អ្វី អង្គុយចាំតែ​ដេញថ្លៃ​លក់​អាជ្ញាប័ណ្ណ​បន្ត​ពី​ដៃ​មួយ​ទៅ​ដៃ​មួយ ហើយ​ចុងក្រោយ​ប្រកាស​ខាត​រាល់​ខែ​រាល់​ឆ្នាំ គ្មាន​ទាំង​ការបង់ពន្ធ គ្មាន​បង្កើត​ការងារ​នោះទេ​។

ក្រុមហ៊ុន​ទាំងនេះ គឺជា​អ្នក​ដឹកមុខ​សេដ្ឋកិច្ច និង​សហការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល ក្នុង​ការជំរុញ​ការកសាង​សមត្ថភាព​ផលិត​ផ្នែក​ឧស្សាហកម្ម បង្កើត​ឧស្សាហកម្ម​ថ្មីៗ និង​ជំរុញ​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​នៅលើ​ឆាក​អន្តរជាតិ​។

រដ្ឋាភិបាល​ក៏​ពឹង​ក្រុមហ៊ុន​យក្ស​ទាំងនោះ ហើយ​ក្រុមហ៊ុន​យក្ស​ទាំងនោះ​ក៏ត្រូវ​ពឹង​គោលនយោបាយ​អនុគ្រោះ និង​ការលើក​ទឹកចិត្ត​របស់​រដ្ឋាភិបាល​ដូចគ្នា​។ ឧទាហរណ៍​ថ្មីៗ​បំផុត​នោះ​គឺ​នៅ​ប្រទេស​ជិតខាង​វៀតណាម ដែល​ក្រុមហ៊ុន Vingroup អាច​ផលិត​រថយន្ត​អគ្គិសនី​បាន ដោយសារ​តែ​មាន​ការគាំទ្រ​គោលនយោបាយ​យ៉ាងពេញ​ទំហឹង​ពី​រដ្ឋាភិបាល​វៀតណាម​។

ពន្លក​ឧស្សាហកម្ម​របស់​កម្ពុជា ទើបតែ​ដុះ​ត្រួយ​នៅឡើយ ព្រោះ​យើង​ទើបតែ​មាន​សន្តិភាព​ឥត​ដាច់​រយៈពេល​ម្ភៃ​ឆ្នាំ ហើយ​ទើបតែ​ផ្លាស់ប្តូរ​មុខមាត់​បន្តិច​ម្តងៗ ចេញពី​ប្រទេស​ដែលមាន​ប្រវត្តិ​ខ្មៅ​ងងឹត និង​មាន​គ្រោះថ្នាក់​ដែល​សូម្បីតែ​អ្នក​ទេសចរ​ក៏​ខ្លាចរអា កុំថាឡើយ​ដល់​អ្នក​វិនិយោគ​ដែល​ចង់​មក​បោះទុន​វិនិយោគ​រាប់​សិប​លាន​ដុល្លារ​។

គ្មាន​នរណា​ហ៊ាន​មក​ខ្មែរ​យើង​ទេ បើ​ឮ​តែ​ព័ត៌មាន​គ្រោះថ្នាក់ ឮ​តែ​ព័ត៌មាន​អាក្រក់ អស្ថិរភាព និង​កេរិ៍្តឈ្មោះ​អវិជ្ជមាន​គ្រប់​ទិដ្ឋភាព ហើយ​យើង​ជា​ខ្មែរ​ក៏ត្រូវ​ដឹងខ្លួន​ឯង​ដែរ​ថា បើ​ខ្មែរ​មិន​ជួយ​ខ្មែរ បើ​ខ្មែរ​គ្មាន​មោទនភាព​ជា​ខ្មែរ​ផង យើង​កុំ​រំពឹងថា បរទេស​គេ​នឹង​មក​ស្រោចស្រង់​យើង​នោះ​។

យ៉ាងណាក្តី យើង​ក៏មាន​សុទិដ្ឋិនិយម​ផងដែរ នៅពេល​ដែល​ថ្មីៗ​នេះ​យើង​សង្កេតឃើញ​ក្រុមហ៊ុន​ក្នុងស្រុក​មួយចំនួន​ដែល​ហ៊ាន​ចំណាយ​ទុនវិនិយោគ​លើ​ឧស្សាហកម្ម “​សេដ្ឋកិច្ច ​១០ ​ឆ្នាំ​”​។ ពួកគេ​ហ៊ាន​ជួល CEO បរទេស​មក​ដឹកនាំ​ក្រុមហ៊ុន និង​ផ្តល់​ប្រឹក្សា​ជំនាញ​ហ៊ាន​ទិញ​បច្ចេកវិទ្យា​ពី​បរទេស ហើយក៏​ហ៊ាន​ផ្តល់​ប្រាក់ខែ​ខ្ពស់ៗ​ដល់​កូន​ខ្មែរ​ដែលមាន​សមត្ថភាព​បច្ចេកទេស​ទទួល​ស្គាល់​ជា​អន្តរជាតិ ដើម្បីឱ្យ​ចូលមក​បម្រើឱ្យ​ក្រុមហ៊ុន​របស់គេ​។

កម្ពុជា​ត្រូវការ​ភាពក្លាហាន​បែបនេះ​ច្រើន​ទៀត​នៅក្នុង​ការវិនិយោគ​មូលធន​ក្នុងស្រុក​ធំៗ​យើង​ត្រូវការ​ការប្តេជ្ញាចិត្ត​នយោបាយ​កម្រិត​ខ្ពស់​ និង​ការធានា​និរន្តរភាព និង​ស្ថិរភាព ដើម្បី​កៀរគរ​សម្ទុះ​អភិវឌ្ឍ​ជាតិ កំណត់​ទិសដៅ​ជាតិ​ និង​បង្កើត​បរិយាកាស​ និង​ប្រព័ន្ធ​អំណោយផល​សម្រាប់​ក្រុមហ៊ុន​ក្នុងស្រុក​ឱ្យ​កាន់តែ​មាន​សេចក្តី​ក្លាហាន​ក្នុង​ការវិនិយោគ​លើ​ឧស្សាហកម្ម​កម្មន្តសាល​៕

ស៊ឹម វីរៈ ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)

No comments: