លិខិតមិត្តអ្នកអាន, ភ្នំពេញប៉ុស្តិ៍, ៥ សីហា ២០២៣ (តំណភ្ជាប់)
នេះគ្រាន់តែជាការយល់សប្តិប៉ុណ្ណោះ។
កម្ពុជាបានរង់ចាំជនជាតិជប៉ុនមកវិនិយោគជាយូរណាស់មកហើយប៉ុន្តែការវិនិយោគរបស់ជប៉ុន
នៅតែមានទំហំតូច។
ក្រុមហ៊ុនជប៉ុនតែងតែត្អូញត្អែរដដែលៗថាពួកគេមានការលំបាកក្នុងការស្វែងរកឧកញ៉ាខ្មែរដែលពួកគេអាចទុកចិត្តបាននិងអាចធ្វើការជាមួយបាន។តែពួកគេមិនចង់មកខ្មែរទេ
ហើយពួកគេមានហេតុផលមិនចេះអស់។ គេតែងតែត្អូញជារឿយៗថា
កម្ពុជាខ្វះកម្លាំងពលកម្មជំនាញ, ខ្វះអ្នកគ្រប់គ្រងថ្នាក់កណ្តាល,អគ្គិសនីថ្លៃ, ទំហំទីផ្សារតូច, និង កម្រៃក្រៅផ្លូវការ។ល។
អ៊ីចឹង
បើជប៉ុននៅតែមិនមកចុះហេតុអ្វីបានជាយើងមិនទៅនាំពួកគេមកកម្ពុជាដោយទិញយកបច្ចេកវិទ្យាឬក្រុមហ៊ុនជប៉ុនតែម្តងទៅ?
ពាក្យដែលគេតែងនិយាយថា
ការផ្ទេរបច្ចេកវិទ្យាគឺគ្រាន់តែជាពាក្យពីរោះស្តាប់ប៉ុណ្ណោះ ប៉ុន្តែ
ជាក់ស្តែង បច្ចេកវិទ្យាគឺត្រូវការលុយ វាមិនមែនជាជំនួយសប្បុរសធម៌ទេ។
បច្ចេកវិទ្យាមិនចាំបាច់ទាល់តែជារបស់ជប៉ុននោះទេ។
យើងអាចទិញពីអឺរ៉ុបកូរ៉េចិនឬថៃក៏បាន។
តាមពិត នៅលើពិភពលោកយើងនេះ
មានបច្ចេកវិទ្យានិងក្រុមហ៊ុនបច្ចេកវិទ្យា ដែលវិនិយោគិនអាចទិញបាន
ដើម្បីពង្រីកវិសាលភាពនៃធុរកិច្ចរបស់ពួកគេ។
វាជាអាជីវកម្មប្រថុយប្រថានមិនសប្បាយលេង
និងមិនងាយស្រួលដូចជំនួញអចលនទ្រព្យនោះទេ។ប៉ុន្តែតទៅថ្ងៃមុខ
មានការចាំបាច់ដែលឧកញ៉ាខ្មែរត្រូវរលាស់ខ្លួនចេញពីគំរូអាជីវកម្មបីដូចខាងក្រោម។
ទីមួយ ធុរកិច្ចដែលមានទំនោរ
“ចម្លងគ្នា”។ឧស្សាហកម្មស្រាបៀរគឺជាឧទាហរណ៍ដែលងាយមើលឃើញបំផុត។ឧកញ៉ាជាច្រើនមានរោងចក្រផលិតស្រាបៀរហើយពួកគេកំពុងប្រកួតប្រជែងក្នុងទីផ្សារកម្ពុជាដ៏តូចចង្អៀត។
ប្រទេសកម្ពុជា តែងតែទទួលបានចំណាត់ថ្នាក់ខ្ពស់
ក្នុងនាមជាប្រទេសដែលមានការសេពគ្រឿងស្រវឹងច្រើនជាងគេនៅក្នុងតំបន់ប៉ុន្តែចំណាត់ថ្នាក់បែបនេះមិនមែនជាតួលេខដែលយើងគួរមានមោទនភាពនោះទេព្រោះនិន្នាការនេះនឹងបង្កើតបន្ទុកដ៏ធំនាពេលអនាគតសម្រាប់វិស័យសុខាភិបាលហើយសំខាន់បំផុតគឺវាបានធ្វើឱ្យថាមពលសកម្មរបស់កម្លាំងពលកម្មពេញវ័យរបស់កម្ពុជាធ្លាក់ចុះ
ជាពិសេស
គឺបុរស។នៅពេលណាដែលមានបុណ្យទានម្តងៗឪពុកម្តាយនៅតាមជនបទតែងតែត្អូញត្អែរថាពួកគេត្រូវទូទាត់បំណុលដែលនៅសល់ពីការផឹកស៊ីរបស់កូនៗបន្ទាប់ពីពួកគេមកលេងផ្ទះបានពីរបីថ្ងៃ។នេះមិនមែនជាសញ្ញាល្អទាល់តែសោះសម្រាប់សង្គមកម្ពុជា។
ទីពីរទំនោរធុរកិច្ចដែលផ្តោតលើអាជីវកម្មអចលនទ្រព្យ
ដែលជាការទិញដីទុក ដើម្បីលក់ពេលឡើងថ្លៃ។
ទីបីទំនោរធុរកិច្ចដែល
"រង់ចាំចិនត្រឡប់មកវិញ" ។
ទំនោរទីពីរនិងទីបីគឺមានភាពប្រទាក់ក្រឡាគ្នាដោយផ្នែក។
អាជីវកម្មអចលនទ្រព្យទទួលបានផលចំណេញសម្បើមខ្លាំងណាស់
នៅក្នុងអំឡុងពេលដែលវិនិយោគចិនហូរចូលយ៉ាងគំហុកនៅចន្លោះឆ្នាំ២០១៦ ដល់
២០១៩។យើងបានឮពីជម្លោះជាច្រើនរវាងឧកញ៉ាលើបញ្ហាវិវាទដីធ្លីហើយឧកញ៉ាមួយចំនួនក៏បានបង្កើតបញ្ហាសង្គមទាក់ទងនឹងបញ្ហាដីធ្លីដែរ។
រំហូរភ្លូកទឹកភ្លូកដីនៃការវិនិយោគរបស់ចិនបានឈប់នៅទ្រឹង
មុនពេលដែលជំងឺរាតត្បាតកូវីដ១៩ចាប់ផ្តើមផ្ទុះឡើងនៅចុងឆ្នាំ២០១៩។
ឥឡូវនេះវាមានរយៈពេលមួយឆ្នាំកន្លះទៅហើយដែលប្រទេសកម្ពុជាបានបើកប្រទេសឡើងវិញនៅចុងឆ្នាំ២០២១ហើយបានរៀបចំកម្រាលព្រំក្រហមដើម្បីទទួលស្វាគមន៍ការវិលត្រឡប់មកវិញរបស់ជនជាតិចិន។ប៉ុន្តែ
មកទល់ពេលនេះ យើងនៅមិនទាន់ឃើញមានសញ្ញាណាមួយ ដែលផ្តល់ក្តីសង្ឃឹមថា
រំហូរចូលដ៏សម្បើមនៃលុយចិននឹងវិលត្រឡប់មកកម្ពុជាសាជាថ្មីឡើយ។
ម្ចាស់អចលនទ្រព្យជាច្រើនមិនអាចជួលអចលនទ្រព្យរបស់ពួកគេក្នុងអត្រាខ្ពស់ដូចយល់សប្តិដូចដែលពួកគេធ្លាប់ជួលឱ្យចិន
ក្នុង “យុគសម័យមាស” នៃរលកចិន
ដូចពីមុនបានឡើយ។ម្ចាស់អចលនទ្រព្យត្រូវគិតគូរទម្លាក់តម្លៃជួលដើម្បីសម្របខ្លួនទៅនឹងតថភាពថ្មីដើម្បីអនុញ្ញាតឱ្យសកម្មភាពអាជីវកម្មនៅក្នុងស្រុកមានដំណើរការជាប្រក្រតី។
គ្រប់គ្នាបានរង់ចាំការវិលត្រឡប់មកវិញនៃការវិនិយោគរបស់ចិនដូចកសិកររង់ចាំទឹកភ្លៀង។
សំណួរនៅត្រង់ថា
ចុះបើជនជាតិចិនមិនមកវិញ?
ជាមួយនឹងគំរូអាជីវកម្មទាំងបីខាងលើឧកញ៉ាខ្មែរកំពុងក្លាយជាត្រីបាឡែនធំក្នុងស្រះទឹកតូចដែលមិនអាចចៀសផុតពីការបុកត្រីបាឡែនគ្នាឯងបានឡើយ។ត្រីបាឡែនធំគួរតែហែលនៅក្នុងសមុទ្រឬស្វែងរក
"មហាសមុទ្រខៀវ"
នៃឱកាសដើម្បីឱ្យពួកគេអាចរីករាយនឹងសេរីភាពក្នុងការដកដង្ហើមនិងលូតលាស់។
ឧកញ៉ាខ្មែរមិនអាចអង្គុយរង់ចាំចិនត្រឡប់មកវិញដូចកសិកររង់ចាំទឹកភ្លៀងបានទេព្រោះគ្មាននរណាម្នាក់អាចធ្វើផែនការអាជីវកម្មដោយផ្អែកលើទឹកភ្លៀងបានឡើយ។
ដូច្នេះត្រីបាឡែនធំៗត្រូវចេញទៅខាងក្រៅដើម្បីស្វែងរក
“មហាសមុទ្រខៀវ”ហើយមហាសមុទ្រខៀវនោះគឺពឹងអាស្រ័យខ្លាំងនៅលើការវិនិយោគលើបច្ចេកវិទ្យានិងនវានុវត្តន៍។
មានវិធីពីរយ៉ាងក្នុងការទទួលបានបច្ចេកវិទ្យា។វិធីទីមួយគឺយើងបញ្ជូនសិស្ស
និស្សិត
របស់យើងទៅរៀនក្រៅប្រទេសហើយបន្ទាប់មកបង្កើតបច្ចេកវិទ្យាដែលយើងចង់បាននៅពេលដែលពួកគេត្រឡប់មកវិញ។ប៉ុន្តែវិធីសាស្ត្រនេះអាចចំណាយពេលរាប់ទសវត្សរ៍។ហើយយើងក៏មិនប្រាកដថាសិស្ស
និស្សិត ទាំងនោះនឹងត្រឡប់មកមាតុភូមិកំណើតវិញដែរ។
ករណីរបស់កម្ពុជាគឺជាករណីជាក់ស្តែងបំផុត។យើងមានធនធានមនុស្សល្អៗជាច្រើនដែលកំពុងសិក្សានៅប្រទេសជប៉ុនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប៉ុន្តែពួកគេភាគច្រើនមិនបានត្រឡប់មកវិញទេ។ពួកគេមិនមានជម្រើសច្រើននោះឡើយ
បើពួកគេត្រឡប់មកកម្ពុជាវិញ
ដោយសារពួកគេមិនអាចស្វែងរកអាជីពដែលសមស្របនឹងសមត្ថភាពជំនាញរបស់ពួកគេហើយបន្ថែមលើនេះ
ប្រទេសជប៉ុនតែងតែរីករាយជានិច្ច
ក្នុងការផ្តល់ជូនពួកគេនូវកញ្ចប់អត្ថប្រយោជន៍ដ៏គួរឱ្យទាក់ទាញដោយសារថា
ជប៉ុនខ្លួនឯងក៏កំពុងត្រូវការធនធានមនុស្សផ្នែកបច្ចេកវិទ្យាដែរ។
អ៊ីចឹងវិធីមួយទៀតគឺមានតែការទិញយកបច្ចេកវិទ្យា។
នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនកំពុងរីកចម្រើនខ្លាំងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ពួកសាមូរ៉ៃបានដើរជះលុយទិញអ្វីគ្រប់យ៉ាងនៅអាមេរិក
តាំងពី
រោងចក្ររហូតដល់ធនាគារអគារការិយាល័យភាគហ៊ុនមូលបត្រនិងផ្ទាំងគំនូរវិចិត្ររបស់វិចិត្រករល្បីៗ។ជនជាតិអាមេរិកពេលនោះ
ភ័យខ្លាំងថា ជប៉ុនអាចនឹងទិញអាមេរិកទាំងមូល។
នៅទសវត្សរ៍ឆ្នាំ២០១០អឺរ៉ុបភ័យខ្លាចថាចិនកំពុងទិញអឺរ៉ុបទាំងមូល។ជនជាតិចិនបានដើរទិញក្រុមហ៊ុន
និងរោងចក្ររថយន្ត ក្រុមហ៊ុនកម្មន្តសាល
ក្រុមហ៊ុនផលិតកម្មនិងក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់។
សូម្បីតែចម្ការទំពាំងបាយជូរ និងសិប្បកម្មស្រាក្រហម Bordeaux
របស់បារាំងក៏ពួកគេដើរទិញដែរ។
ក្រុមហ៊ុនផលិតត្រាក់ទ័រធំទីពីររបស់ចិនឈ្មោះYtoបានទិញយកក្រុមហ៊ុនMcCormick របស់បារាំង។
ហើយពួកគេបានប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុនបារាំងក្នុងការផលិតម៉ូដែលកម្រិតទាបនិងមធ្យមនៅក្នុងប្រទេសចិនហើយក៏បានចាប់ផ្តើមការផលិតឡើងវិញនៅប្រទេសបារាំងផងដែរ។
ក្រុមហ៊ុនFord បានលក់ក្រុមហ៊ុនរថយន្តVolvo ទៅឱ្យក្រុមហ៊ុនឯកជនចិនGeelyក្នុងឆ្នាំ២០១០។
រថយន្តម៉ាកMG របស់អង់គ្លេសត្រូវបានក្រុមហ៊ុន Nanjing Automobile Group ជួយសង្គ្រោះ
ក្នុងឆ្នាំ២០០៥ហើយក្រោយមកមានអ្នកសង្គ្រោះបន្តគឺក្រុមហ៊ុនរដ្ឋចិនSAIC
Motor។
ក្រុមហ៊ុនផលិតសម្បកកង់អ៊ីតាលីPirelli បច្ចុប្បន្ន មានភាគហ៊ុនភាគច្រើនគ្រប់គ្រងដោយក្រុមហ៊ុនគីមីរដ្ឋរបស់ចិនChemChina។
ក្នុងឆ្នាំ២០១៦ក្រុមហ៊ុនចិនបានវិនិយោគប្រហែល១២,៦ប៊ីលានដុល្លារ
នៅក្នុងប្រទេសអាល្លឺម៉ង់ដែលចំនួននេះច្រើនជាងទំហំវិនិយោគសរុបកាលពី១០ឆ្នាំមុនបញ្ចូលគ្នា។ក្រុមហ៊ុនអាល្លឺម៉ង់ចំនួន៦៨ត្រូវបានទិញដោយក្រុមហ៊ុនចិននៅឆ្នាំ២០១៦។ហើយនៅឆ្នាំ២០១៧ក្រុមហ៊ុន
៥៧ ត្រូវបានទិញ ដែលភាគច្រើនគឺនៅក្នុងវិស័យវិស្វកម្ម។
ជាការពិតការដើរទិញខាងលើនេះ
គឺស្ថិតក្នុងខ្ទង់ប៊ីលានដុល្លារ។ប៉ុន្តែមិនមែនការវិនិយោគទាំងអស់ត្រូវតែមានតម្លៃខ្ពស់ដូច្នោះឡើយ។
នៅឆ្នាំ២០២១ក្រុមហ៊ុនWingtech
Technology ដែលជាក្រុមហ៊ុនគាំទ្រដោយរដ្ឋចិនបានគ្រប់គ្រងទាំងស្រុងលើរោងចក្រផលិតsemiconductor
ដ៏ធំបំផុតរបស់ចក្រភពអង់គ្លេសឈ្មោះNewport Wafer Fab
(NWF) ក្នុងតម្លៃ៦៣លានផោន (ឬ៨៧លានដុល្លារ) ។
មានរឿងដ៏ល្បីល្បាញមួយ
ដែលវិនិយោគិនជប៉ុនឈ្មោះSon Masayoshi ស្ថាបនិកក្រុមហ៊ុនSoftbank
Group ដែលបានសម្រេចចិត្តវិនិយោគ២០លានដុល្លារនៅក្នុងក្រុមហ៊ុនAlibaba
របស់Jack Ma នៅឆ្នាំ២០០០បន្ទាប់ពីបានជួបជាមួយJack
Ma មិនដល់២០នាទីផង។ក្រុមហ៊ុនចិនមួយនេះ
ក្រោយមកបានរីកចម្រើនក្លាយជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំបំផុតមួយរបស់ពិភពលោកដែលមានអាជីវកម្មរាប់ពាន់លានដុល្លារ។
មានការរាយការណ៍ថាក្រុមហ៊ុនកូរ៉េនិងចិន
ក៏បានបង់ប្រាក់ឱ្យសាស្ត្រាចារ្យសាកលវិទ្យាល័យជប៉ុនដើម្បីទទួលបានបច្ចេកវិទ្យាពីការស្រាវជ្រាវរបស់ពួកគេដែរ។
ដូច្នេះគំនិតដែលចង់លើកនៅទីនេះគឺថា
ឧកញ៉ាខ្មែរគួរតែស្វែងរកបច្ចេកវិទ្យាពីបរទេសបន្ថែមទៀតដើម្បីពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនឱ្យលើសពីការប្រកួតប្រជែងផ្ទៃក្នុងនិងការរង់ចាំជនជាតិចិន។
បច្ចេកវិទ្យាមិនមែនសំដៅតែលើរថយន្តប៉ុណ្ណោះទេ។វាអាចជាគ្រឿងចក្រកសិកម្មផលិតកម្មឧស្សាហកម្មឱសថនិងគីមីបញ្ញាសិប្បនិមិត្ត
(AI) បច្ចេកវិទ្យាឌីជីថលឬបច្ចេកវិទ្យាផ្សេងទៀតដែលគាំទ្រដល់ឧស្សាហកម្មដែលនឹងរីកចម្រើននាពេលអនាគត។
វាត្រូវការសេចក្តីក្លាហាននិងលុយកាក់ដ៏ច្រើនដើម្បីដើរលុកលុយលើផ្លូវដែលមិនសូវ
ឬមិនធ្លាប់ដើរពីមុនមក។
ប៉ុន្តែ
សមិទ្ធផលធំទាំងអស់សុទ្ធតែចាប់ផ្តើមឡើងដំបូងពីជំហានតូចៗ។
ចាំបាច់ត្រូវតែមានចំណុចចាប់ផ្តើម។
នៅថ្ងៃអនាគតអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន
(JETRO) នឹងមិនត្រឹមតែមានបេសកកម្ម
ក្នុងការនាំយកក្រុមហ៊ុនជប៉ុនដែលស្ទាក់ស្ទើររារែក
ឱ្យមកកម្ពុជាប៉ុណ្ណោះទេប៉ុន្តែពួកគេប្រហែលជាត្រូវបង្កើតយុទ្ធសាស្ត្រថ្មីដោយធ្វើការណែនាំដល់ឧកញ៉ាខ្មែរនូវប្រភេទនៃបច្ចេកវិទ្យាជប៉ុនដែលអាចទិញបានសម្រាប់អភិវឌ្ឍឧស្សាហកម្មកម្ពុជា។
គ្មានផ្លូវកាត់ឡើយ
នៅក្នុងការចាប់យកបច្ចេកវិទ្យា។ហើយបច្ចេកវិទ្យាក៏មិនមែនជាទំនិញសប្បុរសធម៌នោះដែរ។
ចុះបើថ្ងៃណាមួយ
ឧកញ៉ាខ្មែរជិះយន្តហោះជាមួយនាយករដ្ឋមន្ត្រីខ្មែរទៅក្រៅប្រទេសប៉ុន្តែ
មិនមែនទៅដើរទិញកាបូបHermes ទេ ប៉ុន្តែ
ទៅដើរទិញបច្ចេកវិទ្យានិងក្រុមហ៊ុនរបស់បរទេសវិញនោះ?
ប្រហែលជានេះមិនមែនជាសុបិនទៀតទេ។
No comments:
Post a Comment