លិខិតមិត្តអ្នកអាន, ភ្នំពេញប៉ុស្តិ៍, ១១ សីហា ២០២៣ (តំណភ្ជាប់)
ភាសាគ្រោតគ្រាតនេះបង្កប់នូវសារសំខាន់ ២។ សារទី១ គឺចង់និយាយអំពីភាពចាំបាច់នៃចំណេះដឹងមូលដ្ឋានរបស់ពលរដ្ឋ។ លទ្ធិប្រជាធិបតេយ្យគឺផ្តោតលើការគ្រប់គ្រង និងការសម្រេចចិត្តដែលផ្អែកលើសំឡេងភាគច្រើន។ យ៉ាងណាក្តី សំឡេងភាគច្រើនមិនមែនសុទ្ធតែល្អ និងត្រឹមត្រូវទាំងស្រុងនោះទេ។
ចុះបើប្រជាពលរដ្ឋចង់បបួលគ្នាទៅធ្វើសង្គ្រាមដណ្តើមកម្ពុជាក្រោមមកវិញ? ចុះបើសង្គមភាគច្រើនងាយឆេះនឹងមនោគមន៍វិជ្ជារើសអើងវណ្ណៈ និងកម្ទេចអ្នកមានចោលដូចមនោគមន៍វិជ្ជា ប៉ុល ពត? គំនិតទាំងនេះគឺសុទ្ធតែអាចទទួលបានសំឡេងភាគច្រើន តាមរយៈនយោបាយប្រជាភិថុត និងនយោបាយជ្រុលនិយម ប៉ុន្តែសំឡេងភាគច្រើនទាំងនេះមិនមែនជាការសម្រេចដ៏ត្រឹមត្រូវសម្រាប់ឧត្តមប្រយោជន៍ជាតិទេ។
ពេលខ្លះយើងអាចគិតថា ឱ្យតែមានប្រជាធិបតេយ្យ សង្គមនឹងធ្វើការសម្រេចចិត្តត្រូវ។ ឱ្យតែមានប្រជាធិបតេយ្យ ប្រជាជនគឺសុទ្ធតែសម្រេចចិត្តត្រឹមត្រូវ និងប្រកបដោយសុភវិនិច្ឆ័យ ហើយមនុស្សទាំងអស់សុទ្ធតែមានវិចារណញ្ញាណ ចេះវិភាគរកហេតុផលមុននឹងធ្វើការសម្រេចចិត្តដែលនឹងផ្តល់ផលប្រយោជន៍ដល់ជាតិ។
ប៉ុន្តែ សម្មតិកម្មបែបនេះគឺមិនត្រឹមត្រូវឡើយ ប្រសិនបើពលរដ្ឋពុំមានចំណេះដឹងមូលដ្ឋាន ក្នុងការវែកញែករវាងខុស និងត្រូវ ហើយមិនអាចបែងចែកបានថា អ្វីដែលជាការវិនិច្ឆ័យដែលប្រើអារម្មណ៍ និងអ្វីដែលប្រើហេតុផល។ សូមកុំភ្លេចថា របប ប៉ុល ពត ក៏មានសំឡេងគាំទ្រពីប្រជាជនភាគច្រើនដែរ។ ប្រជាធិបតេយ្យដែលមានការគាំទ្រដោយប្រជាជនភាគច្រើន ដែលពុំមានចំណេះដឹងមូលដ្ឋាន មានតែកំហឹងវណ្ណៈដូចសម័យប៉ុលពត គឺមានគ្រោះថ្នាក់ខ្លាំងណាស់។
របបហ៊ីត្លែរ ក៏សុទ្ធតែមានការគាំទ្រលើសលប់ពីប្រជាជនអាល្លឺម៉ង់ដែរ។ ប្រជាជនអាល្លឺម៉ង់ មានចំណេះដឹងមូលដ្ឋានខ្ពស់រួចហើយ ប៉ុន្តែពួកគាត់ពោរពេញទៅដោយកំហឹង និងមានមនោសញ្ចេតនាជាតិនិយមជ្រុល។ ជាលទ្ធផល សម័យហ៊ីត្លែរក៏បង្កវិនាសកម្មដល់មនុស្សជាតិ និងពិភពលោកជាច្រើនរាប់មិនអស់ដែរ។
ចំណែកលទ្ធិប្រជាធិបតេយ្យរបស់ក្រិក សម័យបុរាណ ដែលពួកអឺរ៉ុបតែងតែអួតថា ជាប្រភពដើមនៃលទ្ធិប្រជាធិបតេយ្យនោះ តាមពិត គឺជាសង្គមដែលដឹកនាំដោយជនជាតិក្រិក ១ ក្តាប់តូច ប៉ុន្តែ នៅពីក្រោមសង្គមរបស់ពួកគេវិញគឺជាសង្គមដែលមានប្រព័ន្ធទាសករដែលត្រូវគេជិះជាន់កេងប្រវ័ញ្ច។ សង្គមប្រជាធិបតេយ្យបែបនេះ ក៏មិនមែនជាសង្គមស្អាតស្អំដែរ។
នៅប្រទេសអ៊ីរ៉ាក់ ប្រជាពលរដ្ឋរាប់លាននាក់បានស្លាប់បន្ទាប់ពីជោគជ័យនៃការផ្លាស់ប្តូរដើម្បីលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែប្រទេសអ៊ីរ៉ាក់ នៅពុំទាន់មានប្រជាធិបតេយ្យនៅឡើយទេ។ រឹតតែអាក្រក់ជាងហ្នឹងទៅទៀតនោះ គឺប្រទេសនេះក៏ប្រហែលជាកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់បរទេសដោយពួកគេគ្មានសិទ្ធិអធិបតេយ្យក្នុងការគ្រប់គ្រងធនធានរ៉ែប្រេងរបស់ប្រទេសខ្លួនឯងឡើយ។
នៅប្រទេសប្រជាធិបតេយ្យខ្លះ សិទ្ធិកាន់កាំភ្លើងត្រូវបានគេលើកស្ទួយថា ជានិមិត្តរូបនៃការការពារសិទ្ធិសេរីភាពរបស់ប្រជាជន។ ប៉ុន្តែប្រសិនបើកាំភ្លើងត្រូវបានគ្រប់គ្រងដោយពលរដ្ឋដែលមិនមានការអប់រំពីកាតព្វកិច្ចក្នុងការគោរពសិទ្ធិរបស់អ្នកដទៃ មិនយល់ពីកាតព្វកិច្ចក្នុងការចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ហើយផ្គើន និងមិនស្តាប់បង្គាប់អាជ្ញាធរសាធារណៈ វាអាចបង្កើតគ្រោះមហន្តរាយដល់សង្គមទៅវិញ។
ប្រសិនបើកាំភ្លើងត្រូវបានគ្រប់គ្រងដោយមនុស្សឆ្កួត ហើយពួកគេដើរបាញ់កុមារនៅតាមដងផ្លូវ តាមសាលារៀន ប៉ុន្តែសង្គមប្រជាធិបតេយ្យបែរជាមិនអាចដកហូតសិទ្ធិកាន់កាប់កាំភ្លើងបានព្រោះថាសិទ្ធិកាន់កាំភ្លើង បានក្លាយជានិមិត្តរូបដ៏ពិសិដ្ឋនៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យដូច្នេះយើងមិនគួរត្រូវការប្រជាធិបតេយ្យបែបនេះទេ។ នេះជាឧទាហរណ៍ជាក់ស្តែងបំផុតមួយដែលបង្ហាញថា លទ្ធិប្រជាធិបតេយ្យមិនមែនជាថ្នាំទិព្វដែលអាចព្យាបាលជំងឺសង្គមបានដោយស្វ័យប្រវត្តិទេ។
លទ្ធិប្រជាធិបតេយ្យគឺអាស្រ័យយ៉ាងខ្លាំងទៅលើកម្រិតរបស់ប្រជាជនប្រព័ន្ធសង្គម និងតម្លៃសង្គមរបស់ប្រទេសនីមួយៗ ហើយក៏មិនមានលទ្ធិប្រជាធិបតេយ្យស្តង់ដាតែមួយ ដែលតម្រូវឱ្យត្រូវគ្រប់ប្រទេសនោះដែរ។ ប្រសិនបើសង្គមអាមេរិកឱ្យតម្លៃលើសិទ្ធិកាន់កាំភ្លើង ជាជាងសិទ្ធិរស់រានមានជីវិតរបស់កុមារនោះវាគឺជាសិទ្ធិស្វ័យសម្រេចរបស់អាមេរិកក្នុងមាគ៌ាប្រជាធិបតេយ្យរបស់ខ្លួនប៉ុន្តែច្បាស់ណាស់ថា កម្ពុជានឹងមិនជ្រើសយកលទ្ធិ-ប្រជាធិបតេយ្យបែបនេះទេ។
នៅពេលដែលប្រជាធិបតេយ្យកញ្ជ្រោកនៅក្នុងប្រទេសដែលពលរដ្ឋមិនមានការអប់រំមូលដ្ឋាន ពលរដ្ឋអាចនឹងត្រូវគេពង្វក់ទៅទិសណាក៏បាន៖ ទៅកម្ទេចវៀតណាមដើម្បីដណ្តើមកម្ពុជាក្រោមមកវិញ, ទៅកម្ទេចជនជាតិចាម ចិន វៀតណាម, ឬទៅកម្ទេចពួកអ្នកមាន អ្នកទីក្រុង និងកម្ទេចបញ្ញវន្ត កម្ទេចមន្ត្រីរាជការ, កម្ទេចសាសនា ចោលទាំងអស់ក៏បាន។ នេះមិនមែនជាសង្គមប្រជាធិបតេយ្យដែលយើងចង់បានទេ។
ដូច្នេះហើយ កត្តាអប់រំ សមត្ថភាពវិនិច្ឆ័យ ការចេះអាន ចេះសរសេរ ចំណេះដឹងមូលដ្ឋាន បូករួមទាំងសីលធម៌ ការចេះគោរពអ្នកដទៃ និងស្គាល់ភាពថ្លៃថ្នូរ គឺមានភាពចាំបាច់ សម្រាប់ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីធានាថា ប្រជាធិបតេយ្យដែលយើងចង់បាននោះ វាបម្រើឱ្យសន្តិភាព និងភាពសុខដុមក្នុងសង្គម។
សារសំខាន់ទី២ គឺចង់និយាយថា ដើម្បីទ្រទ្រង់ប្រជាធិបតេយ្យស្អាតស្អំបានទាល់តែពលរដ្ឋចេះស្គាល់សិទ្ធិ និងកាតព្វកិច្ចព្រមគ្នា។ ទាល់តែពលរដ្ឋចេះទទួលខុសត្រូវចំពោះខ្លួនឯង និងចំពោះប្រទេសជាតិដែរ។ ប្រជាជនភាគច្រើនស្គាល់តែសិទ្ធិទេ ចេះតែទាមទារសិទ្ធិទេ ប៉ុន្តែ មិនដែលគិតពីកាតព្វកិច្ចរបស់ពលរដ្ឋនោះទេ។
ប្រជាពលរដ្ឋខ្លះ ទាមទារសិទ្ធិខ្លាំងហួសហេតុ ប៉ុន្តែ មិនដែលយកភ្នែកមើលសម្អាតអនាម័យនៅផ្ទះខ្លួនឯង។ នេះបានន័យថា គាត់គ្មានចំណេះដឹងជាមូលដ្ឋានទាក់ទងនឹងអនាម័យ ហើយគាត់គ្មានការទទួលខុសត្រូវចំពោះសុខភាពផ្ទាល់ខ្លួនរបស់គាត់ និងក្រុមគ្រួសាររបស់គាត់ទេ។
គាត់បំពេញកាតព្វកិច្ចសាមញ្ញក្នុងផ្ទះរបស់គាត់មិនបានផង ប៉ុន្តែ គាត់ស្រែកក្តែងៗថា ស្រឡាញ់ជាតិ។ តាមពិត ពលរដ្ឋម្នាក់ៗសុទ្ធតែមានភាពទទួលខុសត្រូវក្នុងការមើលថែខ្លួនឯង មិនមែនអ្វីៗត្រូវតែដាក់កំហុសតែលើសង្គមនោះទេ។
សំរាមបោះចោលក្នុងលូ ក្នុងប្រឡាយ បោះចោលពាសវាលពាសកាល ក្នុងសួនសាធារណៈ។ សំរាមមុខផ្ទះខ្លួនឯងមិនដែលបោសទេ ហើយអួតថា ស្រឡាញ់ទឹកដីកម្ពុជាខ្លាំងណាស់។ ត្រឹមតែកាតព្វកិច្ចមូលដ្ឋានជាពលរដ្ឋបំពេញមិនបានផង ហើយបើផ្ទះខ្លួនឯងមិនចេះសម្អាតផង តើអាចអួតថា ខ្លួនស្រឡាញ់ទឹកដីខ្មែរដែរឬទេ? ពលរដ្ឋក៏ត្រូវស្គាល់កាតព្វកិច្ចខ្លួនទីពឹងខ្លួន។ សូម្បីទ្រឹស្តីពុទ្ធសាសនា ក៏អប់រំឱ្យខ្លួនទីពឹងខ្លួនដែរ។
ការបង្រៀននេះ គឺដូចជាសម្ដីរបស់អតីតប្រធានាធិបតី ចន អេហ្វ ខេនេឌី របស់អាមេរិកដែលពោលថា «យើងមិនត្រូវសួរថា តើប្រទេសរបស់យើងអាចធ្វើអ្វីឱ្យយើងនោះទេ។ យើងត្រូវសួរថា តើយើងអាចធ្វើអ្វីដើម្បីប្រទេសខ្លួនឯង»។
យើងមិនមែនត្រូវតែផ្តេកផ្តួលលើរដ្ឋ ហើយឱ្យតែមានបញ្ហាគឺដាក់កំហុសតែលើរដ្ឋទាំងអស់នោះទេ។ មិនដែលសួរថា ខ្លួនឯងបានធ្វើអ្វីខ្លះចំពោះសង្គម។ រកឃើញតែកំហុសរបស់សង្គម ប៉ុន្តែ មិនដែលយកភ្នែកមើលកំហុសខ្លួនឯង។
ដូច្នេះនិយាយសរុបមកវិញ លទ្ធិប្រជាធិបតេយ្យមិនមែនជឿនលឿនរីកចម្រើនដោយស្វ័យប្រវត្តិនោះទេ។ ទាល់តែពលរដ្ឋនៃសង្គមប្រជាធិបតេយ្យនោះមានភាពជឿនលឿន និងចេះអភិវឌ្ឍខ្លួនដែរ បាននាំឱ្យសង្គមនោះជឿនលឿន និងប្រកបដោយអរិយធម៌ខ្ពង់ខ្ពស់។
ភាពអវិជ្ជាអាចប្រែក្លាយលទ្ធិប្រជាធិបតេយ្យទៅជាបិសាចបំផ្លាញសង្គមបាន។ លទ្ធិប្រជាធិបតេយ្យដែលត្រូវបានកសាងឡើងនៅក្នុងសង្គមដែលប្រជាពលរដ្ឋខ្វះការអប់រំត្រឹមត្រូវរស់នៅក្នុងភាពក្រីក្រតោកយ៉ាកជាមួយនឹងកំហឹងសងសឹកប្រឆាំងនឹងអ្នកមាន និងការតាំងចិត្តតស៊ូប្រឆាំងវណ្ណៈ, សង្គមដែលប្រជាជនមានមនោសញ្ចេតនាជាតិនិយមជ្រុល, សង្គមដែលប្រជាជនខ្វះវិន័យសីលធម៌ ខ្វះការគោរពអ្នកដទៃ និងសេចក្តីថ្លៃថ្នូរ, លទ្ធិប្រជាធិបតេយ្យបែបនេះ នឹងនាំឱ្យសង្គមនោះបរាជ័យ ហើយបំផ្លាញសង្គមនោះដោយឯកឯង៕
No comments:
Post a Comment