Monday, 13 January 2014 ស៊ឹម វីរៈ
ជូនចំពោះលោកការីនិពន្ធ
នៅពេលដែលកម្មករធ្វើបាតុកម្មទាមទារឲ្យមានការដំឡើងប្រាក់ខែ ១០០% ឲ្យបានដល់ ១៦០ ដុល្លារ ក្នុងឆ្នាំនេះតែម្តង ខ្ញុំតែងតែនឹកភ្នកក្នុងចិត្តថា តើមន្ត្រីរាជការ និងនិស្សិតបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យដែលរកចំណូលបានតិចជាង ១០០ ដុល្លារពួកគេមានអារម្មណ៍យ៉ាងម៉េចដែរនៅពេលដែលគេឃើញទិដ្ឋភាពបែប នេះ?
ជារៀងរាល់ឆ្នាំ យុវជនប្រមាណ ៣០ ម៉ឺននាក់ ចូលប្រឡូកក្នុងទីផ្សារការងារ ដែលធ្វើឲ្យទីផ្សារការងារ មានភាពចង្អៀតទោះបីបញ្ចប់ការសិក្សាពីមហាវិទ្យាល័យក្តី ហើយយុវជនខ្លះ ត្រូវបង្ខំចិត្តទទួលយកការងារដែលមានប្រាក់ខែស្តួចស្តើងជាមុន សិន ដើម្បីសន្សំបទពិសោធ និងកសាងជំនាញដើម្បីប្រកួតក្នុងទីផ្សារការងារ។សម្រាប់ពួកគេ តើពួកគេត្រូវចេញមកធ្វើបាតុកម្មដែរឬយ៉ាងណា ឬមួយក៏ពួកគេត្រូវដូរការងារទៅធ្វើការនៅរោងចក្រវិញ?
ប្រសិនបើយើងធ្វើការប្រៀបធៀបបែបនេះ អ៊ីចឹងតើមានន័យថា ការទាមទារប្រាក់ខែ ១៦០ ដុល្លារ របស់កម្មករជាការទាមទារដ៏ហ៊ឺហាហួសហេតុឬ? ប្រាកដជាមិនមែនហើយ។ ប៉ុន្តែ បើគិតលើប្រាក់ចំណូលបច្ចុប្បន្ន គេអាចនិយាយបានថា កម្មកររោងចក្រមានចំណូលគ្រាន់បើជាងពេលដែលពួកគេធ្វើជាកសិករ ដែលអាស្រ័យលើទឹកភ្លៀង ឬកម្មករសំណង់។ បើយើងប្រៀបធៀបនឹង ១០ ឬ ២០ ឆ្នាំមុនមានការទទួលស្គាល់ជាទូទៅថា រោងចក្រវាយនភ័ណ្ឌបច្ចុប្បន្ន (ដែលមានជាង ៤០០ ដែលផ្តល់ការងារដល់ប្រជាជនជាង ៦០ ម៉ឺននាក់ និងទ្រទ្រង់ផលទុនជាតិប្រហែល ៣៥%) បានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។
កម្មករទាំង ៦០ ម៉ឺននាក់នោះ ពឹងផ្អែកលើការងារទាំងនេះ មិនមែនតែដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគេប៉ុណ្ណោះទេ តែថែមទាំងទ្រទ្រង់ដល់ជីវភាពគ្រួសារនៅស្រុកកំណើតរបស់គេទៀតផង។ ជាទូទៅ កម្មករអាចរកចំណូលបានលើសពី ១០០ ដុល្លារក្នុងមួយខែ ហើយពួកគេភាគច្រើនតែងតែត្រឡប់ទៅលេងស្រុកកំណើតក្នុងពេលបុណ្យ ទាន និងថ្ងៃឈប់សម្រាក។ គេអាចនិយាយបានថា ប្រសិនបើពួកគេមិនមានប្រាក់ក្នុងហោប៉ៅគ្រប់គ្រាន់ ប្រហែលជាគ្មានកម្មករណាទៅលេងស្រុកកំណើតនោះទេ ព្រោះពួកគេត្រូវមានលុយខ្លះៗទៅជូនឪពុកម្តាយ ហើយត្រូវចំណាយលើការធ្វើដំណើរទៀត។
ដោយឡែក បើយើងត្រឡប់មកមើលពីទស្សនៈរបស់និយោជកវិញ ប្រសិនបើយើងជាម្ចាស់ក្រុមហ៊ុន យើងប្រាកដជាគិតថា ការដំឡើងប្រាក់ខែទ្វេដងក្នុងមួយឆ្នាំ គឺជាការទាមទារដែលមិនអាចឆ្លើយតបបានឡើយ ជាពិសេសសម្រាប់ក្រុមហ៊ុនដែលត្រូវចំណាយច្រើនលើកម្លាំងពលកម្ម។ ប្រសិនបើពិនិត្យមើលនិន្នាការក្នុងតំបន់ ជាទូទៅកម្មករ មានការទាមទារឲ្យដំឡើងប្រាក់ខែម្តងតែ ១០ ទៅ ២០% ប៉ុណ្ណោះ ដូច្នេះ ការទាមទារម្តងឲ្យដំឡើងដល់ ១០០% គឺពិបាកនឹងទទួលយកណាស់។ នេះធ្វើឲ្យបរិយាកាសវិនិយោគរបស់កម្ពុជាមានហានិភ័យខ្ពស់ដែលធ្វើ ឲ្យមានភាពរកេតរកូតដល់ការគ្រប់គ្រងអាជីវកម្មរបស់វិនិយោគិនដែល មានស្រាប់ និងបន្លាចវិនិយោគិនដែលមានចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា ឲ្យពិចារណាឡើងវិញនូវផែនការវិនិយោគរបស់ខ្លួន។
ក្នុងនាមជាអ្នកការទូតដែលមានតួនាទីចម្បងក្នុងការទាក់ទាញ វិនិយោគ បទពិសោធជាក់ស្តែងបានបង្ហាញប្រាប់ថា ការកសាងទំនុកចិត្តវិនិយោគគឺជាការងារមួយដ៏សែនលំបាក និងទាមទារពេលវេលាច្រើនណាស់ ប៉ុន្តែទំនុកចិត្តដែលបានកសាងរួច គឺអាចរលាយសូន្យតែមួយប៉ប្រិចភ្នែក។ រដ្ឋាភិបាលគ្រប់ប្រទេសទាំងអស់មានកាតព្វកិច្ចខិតខំប្រឹងប្រែង ទាក់ទាញវិនិយោគ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច បង្កើតការងារដល់ប្រជាជន និងកាត់បន្ថយភាពក្រីក្រ។ ក្នុងខណៈដែលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ដឹកជញ្ជូនរបស់កម្ពុជានៅមានការខ្វះខាតហើយថាមពលអគ្គិសនីមានតម្លៃ ខ្ពស់ វិនិយោគិនបរទេសភាគច្រើនគេតែងតែចាប់អារម្មណ៍លើកម្លាំងពលកម្ម ដែលមានតម្លៃទាបនៅឡើយរបស់កម្ពុជា ដើម្បីទូទាត់ជាមួយនឹងការចំណាយរួមរបស់ពួកគេមុននឹងគេវិនិយោគនៅ កម្ពុជា។
ប៉ុន្តែ បាតុកម្មបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាលែងជាជម្រកនៃពលកម្ម ដែលមានតម្លៃទាបទៀតហើយ។គ្រប់ភាគីពាក់ព័ន្ធទាំងអស់គួរតែយល់ឲ្យច្បាស់អំពីចំណុចនេះ។ យ៉ាងណាក្តី ដើម្បីឲ្យមានតុល្យភាពនឹងកំណើនថ្លៃពលកម្ម កម្ពុជាមានជម្រើសពីរសំខាន់ៗគឺ ទី១ ខិតខំកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ ដើម្បីឲ្យការវិនិយោគមានតម្លៃសមរម្យអាចប្រកួតប្រជែងបានក្នុង តំបន់ និង ទី២ ខិតខំកសាងជំនាញរបស់កម្មករ ដើម្បីឲ្យក្រុមហ៊ុនពេញចិត្តនឹងដំឡើងប្រាក់ខែ។ ជម្រើសទាំងពីរនេះ ត្រូវដើរទន្ទឹមគ្នា ហើយយើងត្រូវចងចាំថា ជម្រើសទាំងនេះ មិនមែនជាការងារដែលអាចសម្រេចបានភ្លាមៗនោះទេ។
សេដ្ឋកិច្ច គឺវិវត្តពីពលករគ្មានជំនាញប្រាក់ខែទាបទៅរកសេដ្ឋកិច្ចដែលពលករ មានជំនាញ និងប្រាក់ខែខ្ពស់ ហើយកម្ពុជាបច្ចុប្បន្ន កំពុងតែស្ថិតនៅក្នុងដំណាក់កាលអន្តរកាលនេះ ដែលយើងត្រូវតែប្រយ័ត្នប្រយែងមិនត្រូវរត់លឿនពេក ទម្រាំតែយើងមានទំនុកចិត្តថា កម្មករយើងមានជំនាញប្រសើរជាងមុន និងហេដ្ឋារចនាសម្ព័ន្ធប្រសើរជាងមុនក្នុងកម្រិតដែលអាចប្រកួត ប្រជែងបានក្នុងតំបន់។
ក្នុងកាលៈទេសៈបែបនេះ យើងគួរតែបោះជំហានបន្តិចម្តងៗ ដើម្បីរក្សាជំនឿទុកចិត្តចំពោះបរិយាកាសវិនិយោគរបស់កម្ពុជា ដើម្បីធានាបានថា ដំណាក់កាលអន្តរកាលវិវត្តទៅដោយរលូន និងអាចទទួលយកបាន សម្រាប់គ្រប់ភាគីពាក់ព័ន្ធ និងសំខាន់ជាងគេបំផុតនោះ គឺដើម្បីរក្សាវិបុលសុខ នៃសេដ្ឋកិច្ចប្រទេសជាតិយើងទាំងមូល៕