Monday, March 17, 2014

What are the implications of Cambodia's success at ICJ?

Letter to Editor, Phnom Penh Post Newspaper in Khmer, 26 November, 2013 (Original Link)

តើ​ជ័យជម្នះ​សាលដីកា ឡាអេ មាន​អត្ថន័យ​ដូចម្តេច​ខ្លះ?
Tuesday, 26 November 2013 ស៊ឹម វីរៈ
ជូនចំពោះលោកការីនិពន្ធ!
ខ្ញុំ សូម​បញ្ចេញ​មតិ​តប​ទៅ​លិខិត​ក្រោម​ចំណង​ជើង​ថាហេតុ​អ្វី​ក៏​ចាត់ ទុក​ការ​បកស្រាយ​សាលដីកា ឡាអេ ជា ជ័យជម្នះ? ដោយ​លោក នន ណេធិន។
ពិត​ណាស់​ថា តុលាការ​ពុំ​បាន​អារ កាត់​ឲ្យ​ដាច់​ស្រេច​លើ​ខ្សែ​បន្ទាត់​ព្រំដែន​រវាង កម្ពុជា-ថៃ ដោយ​ហេតុ​ថា តុលាការ​គ្មាន​យុត្តាធិការ​ក្នុង​ការ​វិនិច្ឆ័យ​ដែនដី​ជម្លោះ លើស​ពី​អ្វី​ដែល​បាន​សម្រេច​កាល​ពី​ឆ្នាំ ១៩៦២ ឡើយ។ ប៉ុន្តែ ខ្ញុំ​សូម​បដិសេធ​ទាំង​ស្រុង​ចំពោះ​ការ​អះអាង​ថា «សាលដីកា​នេះ គឺជា​រង្វាន់​របស់​តុលាការ​អន្តរជាតិទៅ​ឲ្យ​ថៃ»។ ទាំង​ក្នុង​ន័យ​ចង្អៀត ទាំង​ក្នុង​ន័យ​ទូលាយ សាលដីកា​នេះ គឺជា​ជ័យជម្នះ​យ៉ាង​ច្បាស់​របស់​កម្ពុជា។
ក្នុង​ន័យ​ចង្អៀត ពិត​ណាស់​ថា សាលដីកា​នេះ​គ្មាន​អ្វី​ថ្មី​ក្រៅ​ពី​ការ​បកស្រាយ​សាលដីកា​ឆ្នាំ ១៩៦២ នោះ​ទេ ប៉ុន្តែ អ្វី​ដែល​ជា​ចំណុច​ខុស​គ្នា​ចម្បង គឺ​ការ​សម្រេច​ជា​ឯកច្ឆ័ន្ទ​ក្នុង​ចំណោម​ចៅក្រម​ទាំង ១៧ រូប (បូក​រួម​ទាំង​ចៅក្រម​បម្រុង ២ រូប)។ សូម​បញ្ជាក់​ថា កាល​ពី​អំឡុង​ឆ្នាំ ១៩៦២ បើ​និយាយ​ដោយ​សង្ខេប​គឺ​តុលាការ​បាន​សម្រេច () សំឡេង ៩ ទល់​នឹង ៣ ថា ប្រាសាទ ព្រះវិហារ ស្ថិត​ក្នុង​ទឹក​ដី​ក្រោម​អធិបតេយ្យ​កម្ពុជា () សំឡេង ៩ ទល់​នឹង ៣ ថា ថៃ​មាន​កាតព្វកិច្ច​ដក​ទ័ព​ឬ​ឆ្មាំ () សំឡេង ៧ ទល់​នឹង ៥ ថា ថៃ​មាន​កាតព្វកិច្ច សង​មក​កម្ពុជា​នូវ​វត្ថុ​ទាំង​ឡាយ​ដែល​ត្រូវ​បាន​យក​ចេញ​ពី​ប្រាសាទ ឬ តំបន់​ប្រាសាទ​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ថៃ។ ដោយ​ឡែក ក្នុង​សាលដីកា​ឆ្នាំ ២០១៣ នេះ​វិញ គឺ​តុលាការ​បាន​សម្រេច​នូវ​ខ្លឹមសារ​ដដែល​នេះ​ដោយ​សំឡេង​ជា​ឯកច្ឆ័ន្ទ។ នេះ​គឺជា​ការ​បញ្ជាក់​សា​ជា​ថ្មី​ដោយ​គ្មាន​មន្ទិល។
ក្នុង​ន័យ​ទូលាយ គឺ​កម្ពុជា​បាន​ជោគជ័យ​លើ ២ ចំណុច​ធំៗ។ ទី១ គឺ​ជោគជ័យ​ក្នុង​ការ​ទាញ​ថៃ​ឲ្យ​មក​ឈ្លោះ​គ្នា​តាម​ផ្លូវ​តុលាការ បញ្ឈប់​ការ​បង្ហូរ​ឈាម​របស់​ប្រជា​ពលរដ្ឋ​ទាំង​សង​ខាង។ កម្ពុជា​បាន​ឆ្លង​កាត់​សង្រ្គាម​ជាង ៣០ឆ្នាំ ហើយ ហើយ​គ្មាន​នរណា​ដឹង​ពី​ទុក្ខ​លំបាក​នៃ​សង្រ្គាម​ជាង​ប្រជាជន​ខ្មែរ​នោះ​ទេ ដូច្នេះ ការ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ផ្នែក​យោធា គឺ​ជា​ជោគជ័យ​ដ៏​ធំ​មួយ​សម្រាប់​សន្តិភាព និង​សម្រាប់​ប្រជាជន​ខ្មែរ​យើង។ ទី.២ កម្ពុជា​បាន​ជោគជ័យ​ក្នុង​ការ​បង្ហាញ​ទៅ​សហគមន៍​អន្តរជាតិ​អំពី​ភាព​ចាស់​ ទុំ​របស់​កម្ពុជា ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​មាន​ឆន្ទៈ​រក្សា​សន្តិភាព​តាម​ព្រំដែន និង​ដោះស្រាយ​ជម្លោះ​តាម​ក្របខ័ណ្ឌ​ច្បាប់​អន្តរជាតិ និង​ដោយ​សន្តិវិធី។
ទោះ​មាន​ជ័យជម្នះ​ដូច​ខាង​លើ​នេះ​ក្តី ក្រោយ​ពី​មាន​សាលដីកា​ឆ្នាំ ២០១៣ នេះ សំណួរ​ដែល​យើង​ត្រូវ​សួរ​បន្ត​មាន ២ គឺ () តើ​ថៃ​អាច​អនុវត្ត​សាលដីកា​នេះ​បាន​កម្រិត​ណា? () ចុះ​បញ្ហា​ដែន​អធិបតេយ្យ​ដែល​នៅ​សេស​សល់​ត្រូវ​ដោះស្រាយ​យ៉ាង​ដូចម្តេច?
ចំពោះ​សំណួរ () ជា​ទូទៅ យើង​មិន​អាច​រំពឹង​ថា ថៃ​អនុវត្ត​តាម​សាលដីកា​ភ្លាមៗ​នោះ​ទេ ព្រោះ​ថៃ​មាន​តួអង្គ​នយោបាយ​ច្រើន ដូចជា រដ្ឋាភិបាល បក្ស​ប្រឆាំង និង​យោធា ហើយ​តួអង្គ​នីមួយៗ​មិន​សូវ​ជា​មាន​ជំហរ​ដូច​គ្នា​នោះ​ឡើយ។ សេណារីយោ អាក្រក់​បំផុត​គឺ​ការ​បន្ត​ប្រើ​ប្រាស់​នយោបាយ​ជាតិ​និយម​ជ្រុល​របស់ អ្នក​នយោបាយ​ថៃ​ដែល​ជា​កត្តា​ចម្បង​នាំ​យក​ភ្លើង​ជម្លោះ​ផ្ទៃ​ក្នុង​របស់ ថៃ​មក​ដុត​បំផ្លាញ​តុ​ចរចា​ដោយ​សន្តិវិធី។
ទាក់ទង​នឹង​សំណួរ () យើង​ត្រូវ​ចងចាំ​ថា ស្ទើរ​តែ​គ្រប់​ប្រទេស​ទាំង​អស់​ក្នុង​ពិភពលោក​សុទ្ធ​តែ​មាន​បញ្ហា​ជម្លោះ​ ដែន​អធិបតេយ្យ ហើយ​កម្រ​នឹង​មាន​ប្រទេស​ណា​មួយ​អះអាង​ថា បាន​ដោះស្រាយ​ស្រេច​បាច់​ណាស់។ ហេតុ​ដូច្នេះ ចម្លើយ​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​បន្ត​ចរចា​នោះ​ឡើយ ហើយ​ដើម្បី​ចរចា​បាន​ទាល់​តែ​មាន​សន្តិភាព​ទាំង​សង​ខាង។ នៅ​ពេល​ដែល​កម្ពុជា​មាន​សង្រ្គាម​ស៊ីវិល ហើយ​ថៃ​មានរដ្ឋ​ប្រហារ តើ​យើង​នឹង​អាច​ចរចា​ដូចម្តេច​បាន? ទាក់ទង​នឹង​ចំណុច​នេះ យើង​កុំ​ភ្លេច​ថា កម្ពុជា​មិន​ដែល​មាន​សន្តិភាព​ផ្ទៃ​ក្នុង​ស្រួល​បួល ដើម្បី​ចរចា​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​នោះ​ឡើយ។ យើង​ទើប​តែ​មាន​សន្តិភាព​ប្រមាណ ១ ទសវត្សរ៍​តែ​ប៉ុណ្ណោះ។ ដូច្នេះ ការ​រក្សា​សន្តិភាព គឺជា​អាទិភាព​ចម្បង​របស់​កម្ពុជា។
ក្នុង​បរិបទ​បែប​នេះ ទាំង​កត្តា​ច្បាប់ ទាំង​កត្តា​នយោបាយ ការ​ដែល​អះអាង​ថា «សាលដីកា​នេះ​គឺជា​រង្វាន់​របស់​តុលាការ​អន្តរជាតិ​ទៅ​ឲ្យ​ថៃ» គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ៕