Monday, April 24, 2023

សុបិនរបស់កម្ពុជាឆ្ពោះទៅរកទីក្រុងសិនជិន? (ភាគទី ១)

លិខិតមិត្តអ្នកអាន, ខ្មែរថាមស៍, ២៤ មេសា ២០២៣ (តំណភ្ជាប់)

ចូរមានមហិច្ឆតាធំ!”

បិតានៃទំនើបភាវូបនីយកម្ម កំណែទម្រង់ និងការបើកទូលាយរបស់ប្រទេសចិន គឺឧបនាយករដ្ឋមន្ត្រី តេង ស៊ាវភីង បានបំពេញទស្សនកិច្ចផ្លូវការនៅសហរដ្ឋអាមេរិកក្នុងខែមករា ឆ្នាំ ១៩៧៩។ គាត់គឺជាមេដឹកនាំចិនដំបូងគេដែលបានធ្វើទស្សនកិច្ច​ បន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងប្រទេសទាំងពីរ។ លោក​បាន​សង្កត់​ធ្ងន់​ថា លោក​មក​អាមេរិកគឺ​ដើម្បី​រៀន​សូត្រ​អ្វីៗ​គ្រប់​យ៉ាងដែល​​ជឿនលឿន។ គាត់បានទៅទស្សនាគម្រោងឧស្សាហកម្មទំនើប និងបច្ចេកវិទ្យាជឿនលឿន​មួយចំនួនរបស់​អាមេរិក។

គាត់ស្តាប់​ដោយ​យកចិត្តទុកដាក់បណ្តើរ​គាត់ស្រមៃឃើញ​ទំនើបកម្មឧស្សាហកម្មផ្ទាល់របស់ប្រទេសចិនបណ្តើរ​។ នៅរោងចក្រក្រុមហ៊ុន Ford គាត់បាននិយាយថា ប្រទេសចិនត្រូវការអភិវឌ្ឍឧស្សាហកម្មរថយន្តរបស់​ខ្លួន ហើយគាត់កំណត់ថា នឹងត្រូវការ​រយៈពេល​២០ឆ្នាំ។ នៅមជ្ឈមណ្ឌលអវកាស Johnson ក្នុងទីក្រុងហ៊ូស្តុន គាត់បានចាប់ផ្តើមស្រមៃមើលពីរបៀបដែលប្រទេសចិនអាចតាមទាន់ប្រទេសជឿនលឿនក្នុងកម្មវិធីអវកាសរបស់ខ្លួន។ នៅឯរោងចក្រដំឡើងយន្តហោះ Boeing 747 លោកបានចង្អុលបង្ហាញថា នៅពេលដែលសេដ្ឋកិច្ចរបស់ខ្លួនរីកចម្រើន វាមានសារៈសំខាន់សម្រាប់ប្រទេសចិនក្នុងការរចនា និងផលិតយន្តហោះ jumbo ដោយ​ខ្លួនឯង​។

គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលរោងចក្រ Ford អាចផលិតរថយន្តបាន ៥០ គ្រឿងក្នុងមួយម៉ោង ដែលនៅពេលនោះ ប្រទេសចិនអាចផលិតបានត្រឹមតែ ១៣.០០០ គ្រឿងក្នុងមួយឆ្នាំ។

តេង ស៊ាវភីង មានមហិច្ឆតាក្នុងការនាំយកអ្វីៗទាំងអស់ដែលគាត់បានឃើញទាក់ទងនឹងបច្ចេកវិទ្យាទំនើបនៅសហរដ្ឋអាមេរិក មក​កាន់ប្រទេសចិន។

ដើម្បីសម្រេចបាននូវក្តីសុបិនទាំងនេះ តេង ស៊ាវភីង​ គឺជាអ្នកដឹកនាំគន្លឹះ​ក្នុងការបើកឱ្យប្រទេសចិនស្រូបយកមូលធនបរទេស ប្រព័ន្ធគ្រប់គ្រងសហគ្រាស និងបច្ចេកវិទ្យាពីបរទេស​ ទោះបីជាមានការភ័យខ្លាចពីផលប៉ះពាល់អវិជ្ជមានលើប្រព័ន្ធសង្គមនិយមក៏ដោយ។ ក្រោមការឃ្លាំមើលរបស់គាត់ ប្រទេសចិនបានចាប់ផ្តើមកំណែទម្រង់ដ៏ក្លាហាន រួមទាំងការបង្កើត "តំបន់សេដ្ឋកិច្ចពិសេស" ចំនួន ៤ នៅតាមបណ្តោយឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសចិន រួមមាន​ទីក្រុងសិនជិន (Shenzhen)សានថូវ (Shantou) និង ជូហៃ (Zhuhai) ដែលមានទីតាំងនៅខេត្តក្វាងតុង (Guangdong) និងសែមិន (Xiamen) ដែល​ស្ថិតនៅក្នុងខេត្តហ្វូជាន (Fujian)។

ក្តីសុបិនដែលហាក់ដូចជាមិនអាចទៅរួចរបស់គាត់ កាល​ពីឆ្នាំ ១៩៧៩ នៅពេលដែលប្រទេសចិននៅមិនទាន់ជឿនលឿននៅឡើយ​បាន​ក្លាយជាការពិតទាំងអស់នៅ​ ៤ទសវត្សរ៍ ក្រោយមក ឬក៏មុននឹងទៅទៀត។​

នៅពេលដែលប្រធានាធិបតី ស៊ី ជីនភីង បានទៅទស្សនាតំបន់​ឈានហៃ (Qianhai) ដែលជាតំបន់ឈូងសមុទ្រតូចមួយនៅក្នុងទីក្រុងសិនជិន​ ក្នុងឆ្នាំ ២០១២ គាត់បានលើកទឹកចិត្តឱ្យតំបន់នេះ​ ហ៊ានក្លាយជាអ្នក​ដំបូងគេ និងជាអ្នកត្រួសត្រាយផ្លូវនៃនវានុវត្តន៍​។​ធ្វើ​ខ្លួន​​ជា​ក្រដាស ស​ ដែលអាច​ឱ្យ​គេ​គូសវាស​​រូបភាព​ដ៏ស្រស់ស្អាត។ លោក​ប្រធានាធិបតី ស៊ី បានកំណត់យកសង្កាត់ឈានហៃ​​ជាគោលដៅ​ដំបូងនៃដំណើរត្រួតពិនិត្យរបស់គាត់ ដោយសង្កត់ធ្ងន់លើបេសកកម្មរបស់​ឈានហៃ​​ នៅក្នុងការ "ប្រើប្រាស់ហុងកុងជាឃ្នាស់​ជំរុញ​កំណើន (leverage), បម្រើចិនដីគោក, និងជះឥទ្ធិពលទៅលើពិភពលោក"។

ត្រលប់ទៅទសវត្សរ៍ឆ្នាំ១៩៨០ តំបន់នេះមានតែភក់ ហើយគ្មានអ្វីក្រៅពីថ្ម។ ពោលគឺថ្ម និងដីទទេស្អាត នេះ​បើយើងមើលតាមរូបថត​ដែល​មាន​តាំងបង្ហាញ​នៅមជ្ឈមណ្ឌលពិព័រណ៍ឈានហៃ​។

ឥឡូវនេះ តំបន់នេះបានក្លាយ​ជាមូលដ្ឋាន​នៃ​“តំបន់​កិច្ចសហប្រតិបត្តិការ​ឧស្សាហកម្មសេវាកម្ម​ទំនើប ឈានហៃ សិនជិន និងហុងកុង” (Qianhai Shenzhen-Hong Kong Modern Service Industry Cooperation Zone)។ វាគឺជាតំបន់ធុរកិច្ច​ឈាន​មុខ​ ក្នុងការ​លើកកម្ពស់ឧស្សាហកម្មសេវាកម្មទំនើប រួមទាំងហិរញ្ញវត្ថុ ភស្តុភារ បច្ចេកវិទ្យាព័ត៌មាន និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងខេត្តក្វាងតុង​ ហុងកុង និងម៉ាកាវ នៅក្នុងមហាអនុ​តំបន់ឆ្នេរ (Greater Bay Area: GBA)។ ដំបូងឡើយលាតសន្ធឹងលើផ្ទៃដី ១៥, គីឡូម៉ែត្រការ៉េ​ប៉ុន្តែ គេគ្រោង​អភិវឌ្ឍ​តំបន់កិច្ចសហប្រតិបត្តិការនេះដោយ​ពង្រីកឱ្យធំជាងនេះ​ប្រាំបីដង គឺរហូត​ដល់ ១២១ គីឡូម៉ែត្រការ៉េ​។

ក្នុងស្មារតីដូចគ្នា បើយើងនិយាយអំពីសុបិន តើមេដឹកនាំកម្ពុជាគួរតែប្រាប់មេដឹកនាំចិនថា កម្ពុជាចង់បញ្ជូនជនជាតិខ្មែរ​ ទៅលំហអវកាស ជាមួយអវកាសយានិកចិន ក្នុងរយៈពេល ២០ ឬ ៣០ឆ្នាំខាងមុខដែរ​ឬយ៉ាងណា?

សំណួរនេះមានលក្ខណៈជ្រុលនិយម​។ វាប្រាប់យើង​ពីគម្លាតរវាងការពិត និងសុបិន។ តាមពិត សុបិនអាចមានទម្រង់ និងកម្រិតផ្សេងៗ​។ សុបិន​អាចជាការស្រមើស្រមៃអន្លង់អន្លោច តែសុបិន​ក៏អាចជាមហិច្ឆិតាដែលមានគោលដៅច្បាស់លាស់ផងដែរ។ យ៉ាងណាក្តី នៅពេលដែលយើងនិយាយអំពីសុបិន វារមែង​តែងតែមានធាតុដែលមិនអាចសម្រេចបាន ឬអ្វីមួយដែលហួសពីលទ្ធភាព ឬឆ្ងាយពីការពិត។

ក្នុង​ចំណោម​សុបិន​ជា​ច្រើន​ក្នុង​ការ​កសាង​ប្រទេស​ជាតិ កម្ពុជា​មាន​សុបិន​មួយ​គឺ​កសាង​ខេត្ត​ព្រះសីហនុឱ្យដូច​ជា​​ក្រុងសិនជិន​។

យើង​អាច​ដាក់សញ្ញាសួរជាច្រើនចំពោះសុបិននេះ ប៉ុន្តែ បើ​សុបិន​នេះ​គ្រាន់តែជាទឹកចិត្ត​ប៉ង​ប្រាថ្នា ពុំ​គួរ​ឡើយនឹង​​ត្រូវទទួលការបន្ទុចបង្អាក់នោះដែរ​​ទោះបច្ចុប្បន្ននៅឆ្ងាយពីការពិតក្តី។​

តាំងពីយូរយារណាស់មកហើយ រាជ​រដ្ឋាភិបាលបានកំណត់យកខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ច​មួយ នៅ​ក្នុងចំនោមត្រីកោណនៃ​កំណើនសេដ្ឋកិច្ច​ បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ប៉ុន្តែ កំណើននៃខេត្តព្រះសីហនុ​មាន​ភាពយឺតយ៉ាវជាងគេ បើធៀបនឹងប៉ូលសេដ្ឋកិច្ចពីរផ្សេងទៀត។

នៅ​ក្នុងឆ្នាំ ២០១២-២០១៣ នៅពេលដែលអ្នករៀបចំ​គោលនយោបាយបានចាប់ផ្តើមតាក់តែង “​គោលនយោបាយអភិវឌ្ឍន៍វិស័យ​ឧស្សាហកម្មកម្ពុជា”​(IDP) ទីក្រុងព្រះសីហនុនៅតែជាទីក្រុងដែលស្ងប់ស្ងាត់​។ ដោយប្រមើល​មើលពីឧស្សាហូបនីយកម្មរបស់ប្រទេសកម្ពុជាពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២៥ អ្នករៀបចំ​គោលនយោបាយបានពិភាក្សាគ្នាយ៉ាងច្រើន​អំពី​យុទ្ធសាស្ត្រអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។

គោលនយោបាយអភិវឌ្ឍន៍វិស័យ​ឧស្សាហកម្មបាន​ដាក់ចេញ​នូវ​វិធានការគន្លឹះ​ជាក់ស្តែង៤យ៉ាង​ហើយ​វិធានការ​ទី៤ គឺបានកំណត់ឱ្យមានការ​ “អភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ច​គំរូ​ពហុបំណង ដែល​គ្រោងអនុវត្ត​តាមគោលការណ៍តំបន់​រដ្ឋបាល​ពិសេស ដោយ​រៀបចំ​ផែនការ​មេសម្រាប់​ការ​អភិវឌ្ឍ ក្របខណ្ឌច្បាប់ និងនិយតកម្ម ព្រមទាំងយន្តការ​គ្រប់គ្រងចាំបាច់នានា​ ដែល​នឹង​ផ្តល់​សិទ្ធិអំណាច​និង​យុត្តាធិការពេញលេញ​ សម្រាប់​ការកៀរគរ​ ទាក់ទាញ និងការប្រមូលផ្តុំ​នូវប្រភពធនធាន បញ្ញាញាណ សកម្មភាពធុរកិច្ច និងការ​វិនិយោគ ដើម្បីអភិវឌ្ឍ​ខេត្តព្រះសីហនុ ឱ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចសំខាន់មួយ និងជាមជ្ឈមណ្ឌល​ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ស្របតាមទស្សនាទាននៃការ​អភិវឌ្ឍប្រកបដោយ​ចីរភាព​និងមាន​តុល្យភាពបរិស្ថាន ព្រមទាំងប្រែក្លាយជា ទីក្រុងឧស្សាហកម្ម​បៃតង​អាស៊ាន នាពេល​អនាគត។”

កថាខណ្ឌមួយ​នេះគឺជាចំណុច​ដែល​យោងដោយ​ផ្ទាល់ជាមួយ​នឹង​គម្រូ​ទីក្រុងសិនជិន​បើទោះបីជានៅក្នុងគោលនយោបាយ​បាយ​នេះ​មិនបានលើកឈ្មោះទីក្រុងសិនជិន ឱ្យ​ចំៗ​ក៏ដោយ​។

ឥឡូវ​ យើង​ក្រឡេក​មក​មើលបញ្ហា​ក្នុងតថភាពជាក់ស្តែងវិញម្តង។​

ទោះបីជា IDP បានចាប់​ផ្តើម​អនុវត្ត​នៅឆ្នាំ២០១៥ ក៏ដោយ ការអភិវឌ្ឍផែនការមេសម្រាប់ខេត្តព្រះសីហនុ មិនទាន់​បានចាប់ផ្តើម​ភ្លាមៗ​នោះទេ រហូតដល់ឆ្នាំ២០១៩ ព្រោះមានការ​លំបាក​ក្នុងការស្វែងរកអ្នកអភិវឌ្ឍន៍ផែនការ​មេ ដែល​មាន​សមត្ថភាពជំនាញ​ច្បាស់លាស់ និង​ការស្វែងរកធនធាន​ដើម្បីអភិវឌ្ឍផែនការមេ​។ ទាល់តែ​ដល់​ឆ្នាំ ២០១៩​ ទើប​រាជរដ្ឋាភិបាលបានសម្រេច​ប្រគល់ភារកិច្ច​ឱ្យ​វិទ្យាស្ថាន​រៀបចំ​ក្រុង​​និងឌីហ្សាញ​ទីក្រុងសិនជិន​ (UPDIS) ដើម្បីអភិវឌ្ឍផែនការមេ។ នេះមិនមែនជារឿងចៃដន្យទេ។ UPDIS ត្រូវបានណែនាំដោយអង្គការសហប្រជាជាតិដើម្បី​អភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ឱ្យបំពេញកិច្ចការនេះ ពីព្រោះស្ថាប័ននេះមានបទពិសោធន៍ជាក់ស្តែងក្នុងការអភិវឌ្ឍផែនការមេទីពីរសម្រាប់ទីក្រុងសិនជិន (១៩៩៦-២០១០) ហើយផែនការមេមួយនេះ​បានឈ្នះពាន​រង្វាន់ Patrick Abercrombie សម្រាប់ការរៀបចំទីក្រុង និងឌីហ្សាញ​នៅឆ្នាំ ១៩៩៩។

នៅពេលដែល UPDIS កំពុងចាប់ផ្តើមរៀបចំផែនការមេ ជំងឺកូវីដ-១៩ បានចាប់ផ្តើមវាយលុក និង​បំផ្លាញពិភពលោកទាំងមូល។ យោងតាមគម្រោង​ដើម គេរំពឹងថា សេចក្តីព្រាងផែនការមេនឹងត្រូវបានបង្កើតឡើងក្នុងឆ្នាំនេះ ប៉ុន្តែ នៅមិនទាន់ច្បាស់ទេថា តើនឹង​ត្រូវការពេលវេលាបន្ថែមទៀតឬយ៉ាងណា ដើម្បីផ្តល់ពេលវេលា​គ្រប់គ្រាន់សម្រាប់​ការពិគ្រោះយោបល់ផ្ទៃក្នុង ក្នុងចំណោមក្រសួង និងរដ្ឋបាលថ្នាក់ក្រោមជាតិ មុននឹងឈានទៅសម្រេចបាន​នូវ​ជំហររួម ទាក់ទងនឹងទិសដៅ​អនាគតនៃផែនការមេ។ ក្រៅ​ពី​នេះក៏​​ប្រហែល​ជា​មាន​តម្រូវ​ការ​ដើម្បី​បំពេញ​ចន្លោះ​ពេល​វេលា​ដែល​ត្រូវ​បានបង់ខាត​ដោយសារការវាយលុក​នៃ​​ជំងឺកូវីដ-១៩ផងដែរ​។

"តើអ្វីទៅជាគម្រូ​ទីក្រុងសិនជិន​?"

មិនមានការឯកភាពគ្នាក្នុងចំណោមអ្នកស្រាវជ្រាវ​ក៏ដូចជាអ្នកអនុវត្តគោលនយោបាយ អំពីអ្វីដែលគេហៅថា គម្រូ​ទីក្រុងសិនជិននោះទេ​។

ការពន្យល់សាមញ្ញមួយបានលើកឡើងថា ក្នុងរយៈពេល៤០​ឆ្នាំ ការវិវឌ្ឍ​នៃសេដ្ឋកិច្ចរបស់ក្រុងសិនជិន​ គេអាចបែងចែកជាបួនទសវត្សរ៍។ ក្នុងរយៈពេលដប់ឆ្នាំដំបូង ទីក្រុងសិនជិន​ពឹងផ្អែកលើការផលិតទំនិញប្រើប្រាស់អេឡិចត្រូនិកដូចជា ទូរទស្សន៍ កុំព្យូទ័រយួរដៃ និងទូរសព្ទដៃជាដើម​។ ទសវត្សរ៍ទីពីរផ្តោតលើអចលនទ្រព្យ។ ទសវត្សរ៍​ទីបីពឹងផ្អែកលើបច្ចេកវិទ្យាទំនើប ខណៈដែលទសវត្សរ៍ទីបួន​ មាន​លក្ខណៈពឹងផ្អែក​ច្រើន​ទៅលើ​ឧស្សាហកម្មហិរញ្ញវត្ថុ ផ្សារ​មូលប័ត្រ​និងការ​ធានារ៉ាប់រង។

ការពន្យល់នេះគឺប្រៀប​ដូចជាការឡើងកាំ​ជណ្តើរនៃឧស្សាហូបនីយកម្ម និងខ្សែច្រវ៉ាក់​តម្លៃសកល។

ប្រសិនបើយើងចង់​ស្វែងរកការពន្យល់ដែលមាន​សង្គតិភាពជាងនេះ ដែល​អាច​ទុកចិត្តបាន​ជាងនេះ យើង​គួរតែ​ពិចារណាវិភាគទៅលើផែនការរបស់រដ្ឋាភិបាល​​​សម្រាប់ការអភិវឌ្ឍទីក្រុងសិនជិនវិញ។ រហូតមកដល់សព្វថ្ងៃនេះ ទីក្រុងសិនជិន​បាន​រៀបចំ​ផែនការមេចំនួនបួន។ ផែនការមេទី១ (១៩៨៦-២០០០) ផែនការមេទី២ (១៩៩៦-២០១០) ផែនការមេទី៣ (២០១០-២០២០) និងផែនការមេទី៤ (២០២០-២០៣៥)។

ចំណុច​រួមនៃផែនការមេនីមួយៗ ស្ថិតនៅត្រង់​ការ​ព្យាយាម​កំណត់អត្តសញ្ញាណនៃអ្វីដែលគេហៅថា "ឧស្សាហកម្មយុទ្ធសាស្រ្តដែលកំពុងលេច​ឡើង​ថ្មី​" (strategic emerging industries) និងការខិតខំប្រឹងប្រែងជាប់ជាប្រចាំ​ដើម្បីធ្វើយ៉ាងណា​ឱ្យទីក្រុង​សិនជិន​មាន​លក្ខណៈ "ពិសេស" ជាងតំបន់រដ្ឋបាលផ្សេងៗទៀត។ តាមរយៈការកំណត់អត្តសញ្ញាណឧស្សាហកម្មជាយុទ្ធសាស្ត្រដែលកំពុងលេច​ឡើងថ្មី​ ទីក្រុងសិនជិន​ចង់បោះជំហាន​នៅមុនគេជានិច្ច តាមរយៈការទាក់ទាញការវិនិយោគថ្មីៗ ដែលសមស្របនឹងដំណាក់កាលនៃ​ការ​អភិវឌ្ឍរបស់ទីក្រុង​។ ក្នុងទិសដៅនេះ រដ្ឋាភិបាលតែងតែ​បានរៀបចំ និងកែសម្រួលជាបន្តបន្ទាប់នូវការលើកទឹកចិត្តផ្សេងៗ ស្របតាមតម្រូវការនៃឧស្សាហកម្មយុទ្ធសាស្ត្រដែលកំពុងលេច​ឡើងថ្មី។

 


No comments: