Wednesday, April 26, 2023

សុបិន​របស់​កម្ពុជា​ឆ្ពោះទៅ​រក​ទីក្រុង​សិន​ជិន​? (​ភាគ​ទី​ ​២​)

លិខិតមិត្តអ្នកអាន, ខ្មែរថាមស៍, ២៦​ មេសា ២០២៣ (តំណភ្ជាប់)

"ហេតុអ្វីបានជាគ​ម្រូ​ក្រុង​សិនជិន​មានភាពទាក់ទាញ?"

ទីក្រុងសិនជិន​មានភាពទាក់ទាញមិនត្រឹមតែសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍បរទេស​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់រដ្ឋបាលក្នុងស្រុកជាច្រើននៅក្នុងប្រទេសចិនផងដែរ រហូតដល់សព្វថ្ងៃនេះ។ រដ្ឋបាល​មូលដ្ឋាន​​របស់​ចិន​ជា​ច្រើន ​នៅ​តែ​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ទៅ​រៀន​ពី​បទពិសោធន៍​ក្នុង​ទីក្រុងសិនជិន​។

ការពន្យល់ដ៏សាមញ្ញបំផុតគឺថា សិនជិនមាន​ភាពទាក់ទាញ​ដោយសារ​អច្ឆរិយៈសេដ្ឋកិច្ចដែលទីក្រុងនេះ​ សម្រេចបាន​ក្នុងអំឡុងពេល៤០ឆ្នាំ​នៃកំណែទម្រង់ និងការអភិវឌ្ឍ។

ស្ថានភាពដើមនៃទីក្រុងសិនជិន​គឺក្រីក្រខ្លាំងណាស់ ហើយហេដ្ឋារចនាសម្ព័ន្ធក៏មិនមានដែរ សូម្បីតែហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋានបំផុតដូចជាភ្លើងស្តុបជាដើម។

ក្នុងឆ្នាំ១៩៧៨ ទីក្រុងសិនជិន​មានរោងចក្រត្រឹមតែ ១៧៤ ដែលមានតម្លៃទិន្នផលឧស្សាហកម្មសរុបតិចជាង ១០,២៥ លានដុល្លារ។

បន្ទាប់ពី៤០​ឆ្នាំនៃការអភិវឌ្ឍ ទីក្រុងសិនជិន​បានក្លាយជា​មូលដ្ឋាន​ស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើប និង​ជាមូលដ្ឋានផលិតកម្មដ៏សំខាន់បំផុតមួយរបស់ប្រទេសចិន។ គិតត្រឹមឆ្នាំ ២០១៨​ ទីក្រុងនេះ​មាន​សហគ្រាសបច្ចេកវិទ្យាទំនើបរហូតដល់ទៅជាង ១១.០០០ក្រុមហ៊ុន​។

ទីក្រុងសិនជិន​មាន​កំណើន​ផលិតផល​ក្នុងស្រុកសរុប​​(ផ.ស.ស) កើនឡើងជាមធ្យម​ ២០,៧% ប្រចាំឆ្នាំក្នុងរយៈពេល៤០​ឆ្នាំកន្លងមកនេះ។

ឥឡូវនេះសិនជិន​គឺជាទីក្រុងធំជាងគេទី ៣ របស់ប្រទេសចិនបើគិតពីទំហំ ផ.ស.ស. បន្ទាប់ពីទីក្រុងសៀង​ហៃ និងប៉េកាំង។ ក្នុងឆ្នាំ ២០២២ ផ.ស.ស. របស់សិនជិន​មានទំហំ​៣,២៤ទ្រីលានយាន់​ (៤៧៨,៥៨ប៊ីលានដុល្លារ) ខណៈពេលដែលទីក្រុងសៀង​ហៃ និងប៉េកាំងមានទំហំ ៤,៤៧ទ្រីលានយាន់​ (៦៦០,១៨ប៊ីលានដុល្លារ​) និង៤,១៦ទ្រីលានយាន់​ (៦១៤,៤៧ប៊ីលានដុល្លារ)​រៀងគ្នា។

ទីក្រុងសិនជិន​បានអភិវឌ្ឍទៅជាសេដ្ឋកិច្ចដែលមាន​ឧស្សាហកម្មសេវាកម្ម​​ជាចម្បង និងជាដុំ​កង់រង្វិល (hub) សេដ្ឋកិច្ចដ៏សំខាន់​សម្រាប់ “មហាអនុតំបន់ឆ្នេរក្វាងតុង ហុងកុង ម៉ាកាវ” (Guangdong-Hong Kong-Macao Greater Bay Area) ក្នុងវិស័យ​បច្ចេកវិទ្យា និងស្រាវជ្រាវ និងអភិវឌ្ឍន៍​ (R&D)។ ស្លាក​យីហោធំៗ​មួយចំនួននៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាសុទ្ធតែ​មានទីស្នាក់ការកណ្តាលនៅទីក្រុងសិនជិន​ដូចជា Huawei, Tencent, ZTE និង DJI (ផលិតដ្រូន)។

ឧស្សាហកម្មកម្មន្តសាល​នៅតែជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់សិនជិន។ ឧស្សាហកម្ម​នេះ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន​ជាងគេបំផុត គឺ​ជាង៤លាននាក់​នៅចុងឆ្នាំ ២០២០ ក្នុងចំណោម​ប្រជាជនសរុបប្រមាណ ១២,៥លាននាក់​។

ទីក្រុងសិនជិន​គឺជាទីក្រុងនាំចេញធំបំផុតរបស់ប្រទេសចិន ដែលជាប់ចំណាត់ថ្នាក់ទីមួយក្នុងចំណោមទីក្រុងសំខាន់ៗរបស់ប្រទេសចិនក្នុងរយៈពេល ២៩ឆ្នាំ ជាប់ៗគ្នា។ កំពង់ផែសិនជិន​គឺជាកំពង់ផែធំជាងគេទី ៤ នៅលើពិភពលោក ជាមួយនឹងបរិមាណកុងតែន័រឆ្លងកាត់ចំនួន ២៨,៧៧​លាន​ TEUs ក្នុងឆ្នាំ ២០២១។ កំពង់ផែក្រុងព្រះសីហនុមាន​បរិមាណកុងតែន័រឆ្លងកាត់ចំនួន ៧៣២.៣៨៧ TEUs ក្នុងឆ្នាំ២០២១​។

ទាំងនេះគឺជារឿងបំផុសគំនិតទាក់ទាញចំណាប់អារម្មណ៍របស់កម្ពុជាក្នុងការខិតខំអភិវឌ្ឍខេត្តព្រះសីហនុ។

 

"តើទីក្រុងសិនជិន​សព្វថ្ងៃ​មាន​ទិដ្ឋភាពដូចម្តេច​?"

ទីក្រុងមានសភាពទូលាយ​។ ​ជា​ទីក្រុង​ដែល​ទើប​នឹង​សាងសង់​ថ្មី និង​មាន​ការ​រៀបចំ​ផែនកា​រយ៉ាង​ល្អ​។

យើង​មើល​ឃើញពណ៌​បៃតងស្ទើរតែគ្រប់ទីកន្លែង។ ច្បាប់តំបន់សេដ្ឋកិច្ចពិសេស​ក្នុងឆ្នាំ ២០០៥ តម្រូវឱ្យរក្សា​ទុកដី​មិន​មាន​សាងសង់អ្វី​យ៉ាង​តិច​៤៩%។ នេះគឺស្របតាមយុទ្ធសាស្ត្រសំខាន់ៗនៅក្នុងផែនការមេ ទីបី (ឆ្នាំ២០១០-២០២០ដែលផ្តោតលើការ​បង្កើត​វេទិកា​សម្រាប់​បច្ចេកវិទ្យាទំនើប និងឧស្សាហកម្ម​នវានុវត្តន៍ ការកែលម្អបរិស្ថាន និងការផ្តល់សម្ទុះ​ដល់ក្រុងឡើងវិញ​។

ផ្លូវធំទូលាយលំអ​ដោយ​ផ្លូវថ្មើរជើង​ដែលមាន​ដើមឈើខៀវខ្ចី។ ផ្កាដ៏ស្រស់ស្អាតចម្រុះពណ៌ បានរំលេចតាំងលំអនៅទីតាំង​ផ្លូវបំបែក​សំខាន់ៗ។ យើង​ស្ទើរតែមិន​ឃើញ​មាន​រថយន្តចតនៅតាមដងផ្លូវ ព្រោះភាគច្រើនគេទុកនៅក្រោមដី។

មានទីធ្លាសាធារណៈ សួនច្បារ និងទីលានបាល់បោះជាច្រើនកន្លែង។

ទីក្រុងនេះក៏ជាទីក្រុងវៃឆ្លាតផងដែរ​។ បច្ចេកវិទ្យា 5G ត្រូវបានគ្របដណ្តប់​ពាសពេញទីក្រុង។ ប្រជាជន​អាចតាមដានរយៈពេលនៃស្តុបចរាចរណ៍របស់ពួកគេតាមរយៈកម្មវិធីប្រាប់ផ្លូវ និង​ផែនទី នៅក្នុងទូរស័ព្ទដៃរបស់ពួកគេ។ គឺជា​សង្គមដែលឈានទៅ​លែងប្រើសាច់ប្រាក់ (cashless) ដោយសារមនុស្សទាំងឡាយ​ពឹងផ្អែកលើទូរស័ព្ទដៃសម្រាប់ការទូទាត់​ប្រចាំថ្ងៃ។

ការទស្សនា​តំបន់ឧស្សាហកម្មមួយចំនួន​នឹង​ប្រាប់យើងបន្ថែមទៀតថា តើទីក្រុងសិនជិន​មានភាពជឿនលឿន និងរីកចម្រើនយ៉ាងណាលើ​វិស័យចម្រុះ​។

កំពង់ផែ Mawan Smart Port មានចំណតផែកុងតែន័រស្វ័យប្រវត្តិកម្មពេញលេញដំបូងគេនៅក្នុងប្រទេសចិន នៅឆ្នាំ ២០២១។ ការធ្វើឌីជីថលូបនីយកម្ម​កំពង់ផែនេះបានចាប់ផ្តើមនៅឆ្នាំ ២០១៧ ដោយពឹងផ្អែកលើបច្ចេកវិទ្យាអភិវឌ្ឍក្នុងស្រុក ដូចជា​ “ប្រព័ន្ធប្រតិបត្តិការចំណតផែ​កុងតែន័រ” (Container Terminal Operating System) ជាដើម។ កំពង់ផែនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន China Merchants Group (CMG) ដែល​មាន​ប្រវត្តិចាប់​តាំង​ពី​ឆ្នាំ​១៨៧២​ ឬស្មើ​នឹង​អាយុ ១៥១ឆ្នាំ​គិតត្រឹមពេលបច្ចុប្បន្ន​។ ក្រុមហ៊ុន​ CMG គឺជាសហគ្រាសរដ្ឋគ្រប់គ្រងដោយ​រដ្ឋបាល​កណ្តាលរបស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើង និងមានទីស្នាក់ការកណ្តាលនៅទីក្រុងហុងកុង។ ក្រុមហ៊ុននេះក៏ជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលប័ត្រ​ទីក្រុង​ហុងកុងផងដែរ ហើយមានធុរកិច្ច​​ទូលំទូលាយមិនកម្រិត​តែទៅលើ​ការគ្រប់គ្រងកំពង់ផែប៉ុណ្ណោះទេ គឺមាន​ថែមទាំងអាជីវកម្ម​ហិរញ្ញវត្ថុ និងអចលនទ្រព្យផងដែរ។

ក្រុងសិនជិន​គឺជាមូលដ្ឋាន​​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យាទំនើប​​ជាច្រើន​។ ក្រៅពីក្រុមហ៊ុនយីហោធំៗផ្នែកបច្ចេកវិទ្យា​​ ដូចជា Huawei, ZTE ឬ DJI (ក្រុមហ៊ុនផលិតដ្រូន) ទីក្រុងសិនជិន​ ក៏មានក្រុមហ៊ុនជាច្រើនដែលមានអាយុ​តិចជាងពីរ ឬបីទសវត្សរ៍​ ដែរ ប៉ុន្តែពួកគេគឺជាក្រុមហ៊ុនដែលមានសមត្ថភាព​អភិវឌ្ឍ​បច្ចេកវិទ្យាទំនើប ដើម្បីប្រកួតប្រជែងក្នុងទីផ្សារពិភពលោក ជាមួយ​នឹង​សាជីវកម្មពហុសាសន៍​ធំៗ ហើយ​ដែល​មាន​អាយុកាល​ច្រើន​ជាង។

ជាឧទាហរណ៍ ក្រុមហ៊ុន Hytera ដែលមានអាយុទើបតែ​សាមសិបឆ្នាំកំពុងប្រកួតប្រជែងជាមួយក្រុមហ៊ុន​Motorola លើផ្នែក​វិទ្យុទាក់ទង​ចល័តឌីជីថល (DMR) ហើយក្រុមហ៊ុននេះស្ថិតក្នុងចំណោមសហគ្រាសបច្ចេកវិទ្យាទំនើប​មួយចំនួន​ដែលត្រូវបានហាមឃាត់មិន​ឱ្យ​ចូលទីផ្សារ​អាមេរិក មានដូចជា Huawei, ZTE, Hikvision និង Dahua នៅ​ឆ្នាំ ២០២០។

ក្រុមហ៊ុន UBTech មានអាយុ​ក្មេងជាងហ្នឹងទៅទៀត។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ហើយមានឯកទេសផលិតរ៉ូបុតដែលមានទម្រង់ជា​មនុស្ស​។ ក្រុមហ៊ុននេះ​ថែមទាំងបានបង្កើតកម្មវិធីសិក្សាផ្នែកបញ្ញាសិប្បនិម្មិត​ (AI) សម្រាប់សាលាបឋមសិក្សា ហើយ​នៅ​ក្នុង​ការិយាល័យរបស់ពួកគេមាន​ដាក់តាំង​រ៉ូបុត ដែលផលិតដោយសិស្សបឋមសិក្សាទាំងនោះ។

ក្រុមហ៊ុននេះមានទីតាំងនៅសួនបច្ចេកវិទ្យាទំនើប ឬឆ្លាតវៃណានសាន (Nanshan Intelligence/Smart Park) ដែលរដ្ឋបាលសិនជិន​បាន​បង្កើតឡើង​ ដើម្បីផ្តល់ទីតាំង​សម្រាប់​ធុរកិច្ច​ទើប​ចាប់ផ្តើមថ្មី​ដែល​ប្រើ​បច្ចេកវិទ្យាទំនើប​។ ការជួលទីតាំង​ការិយាល័យមានតម្លៃ ៦០យាន់ (៨,៧១ដុល្លារ) ក្នុងមួយម៉ែត្រ​ការ៉េ នៅពេល​ដែល​អត្រាទីផ្សារនៅក្នុងតំបន់ Nanshan នៅខាងក្រៅសួនបច្ចេកវិទ្យា​ មានតម្លៃប្រហែល ២០០យាន់ (២៩,០៥ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ ពោលគឺ​​ថ្លៃជាង​សួនរបស់រដ្ឋបាល​ក្រុង​ជាងបីដង។ អ្វីៗគ្រប់យ៉ាងនៅក្នុងសួនបច្ចេកវិទ្យា​ Nanshan ជាកម្មសិទ្ធិរបស់រដ្ឋបាល​ក្រុង​សិនជិន​។ រដ្ឋបាល​ក្រុង​ផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនដែលបុគ្គលិកវ័យក្មេង​មានសញ្ញាប័ត្របណ្ឌិតមួយចំនួន ហើយ​កំពុងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ។ ក្រុមហ៊ុនទាំងនោះអាចលើកជាគម្រោង ដើម្បីទទួល​បាន​ការផ្តល់ទុនអនុវត្ត​គម្រោង​ប្រហែល ៤ ទៅ ៥លានយាន់ (ប្រហែល ៥៨ម៉ឺន ទៅ ៧៣ម៉ឺនដុល្លារ) ទោះបីជាគម្រោងទាំងនោះ មិនជោគជ័យគ្រប់​គម្រោង​ក៏ដោយ។

រដ្ឋបាល​ក្រុងសិនជិន​ក៏បានបង្កើតសួនសាកលវិទ្យាល័យនិម្មិតសិនជិន​(Shenzhen Virtual University Park) ក្នុងឆ្នាំ ១៩៩៩ ដើម្បីទាក់ទាញសាកលវិទ្យាល័យល្បីៗ ដែលមានបច្ចេកវិទ្យាខ្ពស់ និងសាស្រ្តាចារ្យរបស់ពួកគេឱ្យបង្កើតសាខានិម្មិតរបស់ពួកគេនៅក្នុងទីក្រុងសិនជិន​តាមគំរូនៃបរិវេណមួយសម្រាប់សាកលវិទ្យាល័យជាច្រើន។

នេះជាវិធីសាស្ត្រ​ដែលរដ្ឋបាល​ក្រុងសិនជិន ផ្តល់ការគាំទ្រដល់ធុរកិច្ច​។

អ្វីដែលសំខាន់ដែរនោះ គឺចំណុចទាំងនេះក៏បាន​បង្ហាញ​ពី​លទ្ធភាពធនធាន​ដ៏សម្បើមដែល​​ក្រុងអាចផ្តល់ជូន​ នៅ​ក្នុងការគាំទ្រ​ដល់ធុរកិច្ច​។

សហគ្រិនក្នុងស្រុកបាននិយាយថា នៅទីក្រុងប៉េកាំង ក្រុមហ៊ុនត្រូវស្តាប់រដ្ឋាភិបាល។ ប៉ុន្តែ បើ​នៅ​ក្រុងសិនជិន​ រដ្ឋាភិបាល​ស្តាប់​ក្រុមហ៊ុន​ឯកជន​ច្រើនជាង​។ រដ្ឋបាលក្រុងសិនជិន​ បានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីធានាថា សិនជិន​ក្លាយជាឋានសួគ៌សម្រាប់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ។ រដ្ឋបាលក្រុង​តែងតែព្យាយាមគាំទ្រ​ និងសម្របសម្រួលជាជាងដើរតួជានិយតករ។ រដ្ឋាភិបាលផ្តល់វេទិកាសម្រាប់កំណើន និងការកសាងបណ្តាញធុរកិច្ច រួមទាំងនៅក្រៅប្រទេសផងដែរ។

ជាឧទាហរណ៍ ក្រុមហ៊ុន Mindray ដែលផលិតឧបករណ៍វេជ្ជសាស្ត្រ ដែលមាន​តាំងពី​កម្រិត​ថែទាំបឋមរហូតដល់ប្រព័ន្ធរោគវិនិច្ឆ័យគ្រប់ជ្រុងជ្រោយ​ដែល​ប្រើ​បច្ចេកវិទ្យាខ្ពស់បំផុត គឺសុទ្ធតែ​ពឹងផ្អែកលើការគាំទ្ររបស់រដ្ឋាភិបាលក្នុងការភ្ជាប់ក្រុមហ៊ុនរបស់ខ្លួន​ជាមួយទីផ្សារក្រៅប្រទេស។ ក្រុមហ៊ុននេះនៅក្មេងណាស់ បង្កើតឡើងក្នុងឆ្នាំ ១៩៩១ ឬមាន​អាយុ ៣២ឆ្នាំ ប៉ុន្តែក្រុមហ៊ុននេះកំពុងប្រកួតប្រជែងជាមួយតួអង្គ​ធំៗរបស់ពិភពលោកក្នុងវិស័យឯកទេសនេះ ទាំងលើ​ប្រសិទ្ធភាពចំណាយ​ និងគុណភាព។

ក្រៅពីក្រុមហ៊ុនធំៗ និងបច្ចេកវិទ្យាទំនើប​យើងក៏មិនត្រូវ​មើលរំលងសារៈសំខាន់នៃធនធានមនុស្សដែលមានជំនាញខ្ពស់ និងមានការប្តេជ្ញាចិត្តខ្ពស់នោះដែរ។

នៅទីក្រុងសិនជិន​ មានបុគ្គលិកជំនាញ​វ័យក្មេង និងស្វាហាប់ជាច្រើននាក់ក្នុងវ័យ២០ ឬ៣០ ឆ្នាំ។ ក្នុង ពេលសម្រាកអាហារថ្ងៃត្រង់ នៅក្នុងសួនបច្ចេកវិទ្យា យើងអាចមើលឃើញបុគ្គលិកជំនាញទាំងនោះ ចេញមកខាងក្រៅអគារ​ ពាក់​អាវយឺត ខោខូវប៊យ និងស្បែកជើងប៉ាតាកីឡា ជំនួសឱ្យការស្លៀកពាក់អាវធំផ្លូវការ​។ ពួកគេដើរពេញផ្លូវក្នុងសួន​បច្ចេកវិទ្យា ដែល​យក​គម្រូតាមតំបន់បច្ចេកវិទ្យាទំនើប Silicon Valley របស់អាមេរិក។

នៅពេលដែលភោជនីយដ្ឋានមួយចំនួននៅក្នុងក្រុងក្វាងចូវ​បិទនៅម៉ោង ៩យប់​ នៅក្នុងសួន​បច្ចេកវិទ្យាទំនើបរបស់សិនជិន ម៉ោងស្ទះផ្លូវ​គឺនៅ​ម៉ោង ១១យប់ នៅពេល​ដែលបុគ្គលិកទាំងនោះចេញពីក្រុមហ៊ុននៅថ្ងៃធម្មតា។​

នេះ​គឺ​ស្រប​នឹង​ពាក្យ​ស្លោក​របស់​ចិន​ដែល​បាន​ប្រើ​ក្នុងពេល​ដំបូង​នៃ​កំណែទម្រង់​​បើកទូលាយ និង​ឯកជនភាវូបនីយកម្ម ដែល​និយាយ​ថា “ពេលវេលា​គឺ​ជាមាសប្រាក់​, ប្រសិទ្ធភាពគឺជាអាយុជីវិត”។ កម្មករដែលមានជំនាញខាងបច្ចេកវិទ្យា និងសមត្ថភាពប្រកួតប្រជែងខ្ពស់ សុទ្ធ​តែ​មានស្មារតីស្រេកឃ្លានដូចសម័យកាលដែលទើបរកឃើញរ៉ែមាសថ្មីៗ​ហើយពួកគេសុខចិត្តធ្វើការបន្ថែមម៉ោង​លើសពីការកំណត់ ដើម្បីសម្រេចបាននូវភាពប្រសើរឡើងនៃសេដ្ឋកិច្ចរបស់ពួកគេ

 

តើកម្ពុជារំពឹង​អ្វីពីគម្រូក្រុងសិនជិន​?”

បើ​ដាក់ការអភិវឌ្ឍខេត្តព្រះសីហនុចូលទៅ​ក្នុងបរិបទនៃការអភិវឌ្ឍរយៈពេល ៤០ ឆ្នាំនៃតំបន់សេដ្ឋកិច្ចពិសេសសិនជិន​ យើង​អាចមើលឃើញថា ខេត្តព្រះសីហនុ​ទើបតែស្ថិតក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ ប៉ុន្តែ មិនមែនមានន័យថា ខេត្តនេះពុំដែល​​មាន​រំញោចនៃការ​អភិវឌ្ឍសោះនោះដែរ។​ ​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់ និងផ្លូវ (BRI) និងការហូរចូលដ៏គំហុគ​នៃដើមទុនវិនិយោគ និងអ្នកទេសចរចិន​នៅចុងទសវត្សរ៍ឆ្នាំ ២០១០​ គឺជាកត្តា​ជំរុញដ៏សំខាន់មួយ​ ធ្វើ​ឱ្យមានក្តីប្រាថ្នាអភិវឌ្ឍ​កាន់តែខ្លាំងឡើងថែមទៀត​នៅខេត្តព្រះសីហនុ​។ ផលប៉ះពាល់អវិជ្ជមានដែល​កើត​ចេញ​ពីការអភិវឌ្ឍលឿន​ជ្រុល និងមិនមាន​ផែនការ​គ្រោងទុកមុន បានបង្ខំឱ្យរាជ​រដ្ឋាភិបាលចូលធ្វើអន្តរាគមន៍ជាមួយផែនការច្បាស់លាស់ជាងមុន ដែល​ស្តែងឡើង​តាមរយៈការ​​រៀបចំ​​អភិវឌ្ឍផែនការមេខេត្តព្រះសីហនុ​ តាមគំរូទីក្រុងសិនជិននេះឯង​។

បើប្រៀបធៀបជាមួយនឹងការអភិវឌ្ឍទីក្រុងសិនជិន​ប្រទេសកម្ពុជាមិនមានការរឹតត្បិត​ខាងមនោគមវិជ្ជាដើម្បី​អនុវត្ត​គម្រូ​ទីក្រុងសិនជិននោះឡើយ​ដោយសារប្រទេសកម្ពុជាជាសេដ្ឋកិច្ចទីផ្សារតាំងពីដើមមក ហើយរបបវិនិយោគរបស់ខ្លួនក៏​មានភាព​សេរីខ្លាំង​បើប្រៀបធៀបជាមួយ​ប្រទេសក្នុងតំបន់​។

ក្នុង​ដំណាក់កាល​នៃ​ការ​អភិវឌ្ឍ​នេះ យើង​អាច​សង្កេត​ឃើញ​ថា ​មាន​ហេតុផល​សំខាន់​បី​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការ​ចង់យកគម្រូ​ក្រុងសិនជិន​មក​ប្រើ​ប្រាស់​។

ទីមួយគឺកត្តាទាក់ទាញពីគម្រូជោគជ័យ​​។ កម្ពុជា​មិន​បាន​យកកត្តាមនោគមវិជ្ជា​មកពិចារណានោះទេ ប៉ុន្តែ កម្ពុជាផ្តោតសំខាន់លើ​ភាពទាក់ទាញ​នៃ​គម្រូជោគជ័យ​ និងភាពជាក់ស្តែង​និយម​។ កម្ពុជាចង់អនុវត្តធាតុផ្សំនៃភាពជោគជ័យរបស់ក្រុងសិនជិន នៅ​ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ។ កម្ពុជាមាន​អត្ថប្រយោជន៍ជាអ្នក​រៀនសូត្រតាមក្រោយ​ពីមេរៀនរបស់ទីក្រុងសិនជិន ដូច្នេះ​ យើង​គួរតែ​អាចរៀបចំខ្លួន និងសម្របសម្រួលបានល្អប្រសើរ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងន័យនេះ យើងអាចនិយាយបានថា រាជរដ្ឋាភិបាលមានបំណងធ្វើអន្តរាគមន៍ម៉ាក្រូសេដ្ឋកិច្ច ការរៀបចំ​ផែនការ និងនិយ័ត​ការអភិវឌ្ឍ ជំនួសឱ្យឥរិយាបទ​ទុកសេដ្ឋកិច្ច​អោយដំណើរការទាំងស្រុង​តាម​អំណាចទីផ្សារ​។ យ៉ាង​ណា​ក៏​ដោយ ​នៅមិនទាន់ច្បាស់ទេ​ថា ​តើរាជ​​រដ្ឋាភិបាល​មាន​បំណង​ធ្វើ​អន្តរាគមន៍កម្រិតណា នៅ​​ក្នុង​ដំណើរ​ការ​អភិវឌ្ឍដែលប្រើ​​​​រយៈ​​ពេលយូរមួយនេះ។ ថាតើរាជ​រដ្ឋាភិបាលនឹង​ដើរតួជានិយតករ អ្នកត្រួតពិនិត្យ អ្នករៀបចំផែនការ ឬអ្នកពាក់ព័ន្ធដោយ​ផ្នែក ឬយ៉ាងណានោះ គឺអាស្រ័យទៅលើ​ការពិភាក្សាបន្ថែមទៀតរវាង​ស្ថាប័នសំខាន់ៗ ដោយ​យោងទៅ​លើ​ឆន្ទៈនយោបាយ សមត្ថភាពស្ថាប័ន និងធនធានដែលអាចប្រើប្រាស់បាន​។ ការបែងចែកការងាររវាង​ស្ថាប័នក្នុងកម្រិតផ្សេងៗរបស់​រាជ​រដ្ឋាភិបាល និងការកំណត់ដែន​សមត្ថកិច្ច​ និងទំនួលខុសត្រូវស្នូលរបស់ពួកគេក៏ជាប្រធានបទសម្រាប់ការពិភាក្សានាពេលអនាគតផងដែរ។

ទីពីរ​គឺ​អំពី​ប្រភពទុន​​នៃ​ការ​វិនិយោគ។ តាមរយៈការភ្ជាប់ជាមួយគម្រូ​ទីក្រុងសិនជិន​ កម្ពុជាកំពុងព្យាយាមប្រាប់​ទៅ​ដល់អ្នកវិនិយោគចិនថា ពួកគេអាចរំពឹងថា ខេត្តព្រះសីហនុ​នឹងមានបរិយាកាសស្រដៀងគ្នាដូចនៅសិនជិន​ដែរ​ ប្រសិនបើពួកគេត្រូវការស្វែងរកគោលដៅ​វិនិយោគថ្មី ឬបន្ថែម។ ទីក្រុងសិនជិនត្រូវការមូលធន​វិនិយោគពីក្រុង​ហុងកុង ហើយសិនជិន​ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីលក្ខណៈភូមិសាស្ត្រជិតក្រុងហុងកុង និង​ទំនាក់ទំនងសែលោហិតរបស់ជនជាតិចិននៅហុងកុង។ ដូចគ្នានេះដែរ ទីក្រុងសិនជិន​អាចនឹងដើរតួជាច្រកចេញចូល​របស់កម្ពុជា ទៅកាន់ប្រភពមូលធន​វិនិយោគរបស់ចិន ប្រសិនបើកម្ពុជាអាចប្តេជ្ញាធានា​យ៉ាងម៉ឺងម៉ាត់ថា នឹង​មាន​បរិយាកាសធុរកិច្ច និងវិនិយោគ ដូចនឹងស្ថានភាព​ដែល​បានទ្រទ្រង់ដល់អច្ឆរិយៈសេដ្ឋកិច្ច​នៃ​ក្រុង​សិនជិន​។

ទីបីគឺកត្តា​ប្រភពនៃនវានុវត្តន៍។ ការទទួលបានបច្ចេកវិទ្យាទំនើប និងនវានុវត្ត​ន៍គឺជាភាពទាក់ទាញ​ដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការផ្សារភ្ជាប់ជាមួយនឹងទីក្រុងសិនជិន​ ដែលមានប្រវត្តិ​ដ៏អស្ចារ្យក្នុងការស្រូបយកបច្ចេកវិទ្យាទំនើបក្នុងការអភិវឌ្ឍសេដ្ឋកិច្ច​ក៏ដូចជាការអភិវឌ្ឍទីក្រុង។ យើង​តោងរំលឹកថា ដូចករណីទីក្រុងសិនជិន​ដែរ​ ការអភិវឌ្ឍ និងទាក់ទាញ​បច្ចេកវិទ្យា​ទំនើប ត្រូវការពេលវេលាយូរ​។ តើអ្វីទៅដែលកំណត់ថា​ ​ទំនើប ហើយ​បច្ចេកវិទ្យាកម្រិតណាដែលកំណត់ថា កម្រិតខ្ពស់ គឺត្រូវបន្តពិភាក្សាតទៅទៀត។ យ៉ាងណាក្តី នៅដំណាក់កាលដំបូង កម្ពុជាអាចនឹង​ត្រូវការបច្ចេកវិទ្យាកម្រិត​សមស្រប និងចាំបាច់​ ដែល​មិនមែនជាបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់​ភ្លាមៗនោះទេ ដើម្បីលើកស្ទួយ​ឧស្សាហកម្មរបស់ខ្លួនចេញ​ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន​ និងផ្អែកលើជំនាញកាន់តែខ្ពស់ជាងមុន នៅ​ក្នុងដំណើរទៅមុខបន្តិចម្តងៗរបស់ខ្លួន​។


No comments: