Thursday, April 27, 2023

សុបិនរបស់កម្ពុជាឆ្ពោះទៅរកទីក្រុងសិនជិន? (ភាគទី ៣)

លិខិតមិត្តអ្នកអាន, ខ្មែរថាមស៍, ២៧ មេសា ២០២៣ (តំណភ្ជាប់)

តើសុបិន​របស់​កម្ពុជាឆ្ពោះទៅ​រកក្រុងសិនជិនអាចទទួលជោគជ័យ​ដែរឬទេ?”

ពិតជាគ្មានដាវទិព្វ ឬ​វេទមន្ត ដែលអាចសម្រេចគ្រប់រឿងរ៉ាវនោះឡើយ នៅក្នុងដំណើរការអភិវឌ្ឍ និងឧស្សាហូបនីយកម្ម។

ជាការពិត មានការប៉ុនប៉ងជាច្រើនដើម្បីយកតម្រាប់តាម​ទីក្រុងសិនជិន។ ជាឧទាហរណ៍ ប្រធានាធិបតីឥណ្ឌូនេស៊ី ស៊ូហារតូ​ បានទៅទស្សនាទីក្រុងសិនជិន​ ក្នុងឆ្នាំ ១៩៩០ ហើយគាត់​ចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសស្រដៀងគ្នានេះនៅកោះ Batam ដើម្បីទាញយកអត្ថប្រយោជន៍ពីចំងាយភូមិសាស្ត្រជិតបង្កើយជាមួយប្រទេសសិង្ហបុរី ប្រៀបបីដូចជាករណី​ដែល​ទីក្រុងសិនជិន បាន​លូតលាស់ដោយសារទីក្រុង​ហុងកុង​។ ប៉ុន្តែ​គម្រោង​នេះ​មិន​បាន​ដំណើរការ​ល្អ​ដូច​ការ​រំពឹង​ទុក​នោះ​ទេ។

ទីក្រុងសិនជិន​ត្រូវបានបង្កើតឡើងនៅពេលដែលប្រទេសចិនមានការអភិវឌ្ឍតិចតួច។ ជាមួយនឹងធនធានមានកម្រិត ប្រទេសចិន​មិន​អាច​យកធនធានទៅ​ចែករាយប៉ាយ​​នៅ​គ្រប់តំបន់បានឡើយ។​ ប្រទេសចិនបានសម្រេចចិត្តប្រមូលផ្តុំ​ធនធានដែលកំពុងតែខ្វះខាត យក​ទៅផ្ចុងផ្តើម​ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសសិនជិន​ រួមជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេសចំនួនបីផ្សេងទៀតគឺ​ជូហៃ (Zhuhai), សានថូវ (Shantou) និង សែមិន (Xiamen) ដើម្បីបង្កើតជាគម្រូជោគជ័យ​ដល់តំបន់ផ្សេងទៀតផង និង​អាចចែករំលែក សាយភាយ​ និងតភ្ជាប់​ផលពីការរីកចម្រើននោះទៅតំបន់ជុំ​វិញផង​។ សូម្បីតែក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសទាំងបួនក៏ដោយ ក៏មាន​ជោគជ័យមិនស្មើគ្នាដែរ។

កិច្ចខិតខំប្រឹងប្រែង ៤០ ឆ្នាំគឺពិត​ជា​ពិបាកក្នុងការចម្លង និងយកតម្រាប់តាម​។ ប៉ុន្តែ ក៏​មិន​មែន​ថា មិន​អាចទៅរួចទាំងស្រុងនោះដែរ​។​

អ្វី​ដែល​យើង​អាច​និយាយ​បាន​ច្បាស់​លាស់នោះ​គឺ​ថា គម្រូ​ក្រុងសិនជិន​ ក៏​ត្រូវ​ប្រឈម​មុខ​នឹង​ “ការ​សាកល្បងបណ្តើរ ខុសបណ្តើរ” ដែរ ឬ​ដូចជា​​ពាក្យ​ចិន​ដែល​និយាយ​ថា "ឆ្លង​ស្ទឹងស្ទាបថ្ម”។

ការអភិវឌ្ឍទីក្រុងសិនជិន​ គឺជាការពិសោធន៍ ដែលមានលក្ខណៈ "ជាជំហានៗ​ និងសម្របខ្លួនតាមកាលៈទេសៈ" ប៉ុន្តែ មិនមែនដោយគ្មានផែនការត្រឹមត្រូវនោះទេ។ ជាឧទាហរណ៍ នៅក្នុងផែនការមេទីក្រុង​សិនជិន រដ្ឋាភិបាលតែងតែបានផ្លាស់ប្តូរ និងធ្វើបច្ចុប្បន្នភាព​នូវ​អ្វីដែលគេហៅថា "ឧស្សាហកម្មយុទ្ធសាស្ត្រ​ដែលកំពុងលេច​ឡើងថ្មី​" ស្របតាមដំណាក់កាលនៃ​ការអភិវឌ្ឍជាជំហានៗនៃទីក្រុងសិនជិន​ នៅក្នុងខ្សែច្រវ៉ាក់​តម្លៃសកល។

រដ្ឋបាលក្រុងសិនជិន​ បានដើរតួនាទីយ៉ាងសំខាន់​ក្នុងនាមជាអ្នកជួយឧបត្ថម្ភ​​គាំទ្រ ជាជាងការដើរតួជា​និយតករនៃវិស័យឯកជន។ រដ្ឋាភិបាល​បានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ សម្ភារបរិក្ខារ និងសកម្មភាពផ្ចុងផ្តើមគាំទ្រដល់ការជំរុញសហគ្រិនភាព​។ ការវិនិយោគបែបនេះ​មិនមានភាពទាក់ទាញសម្រាប់វិស័យឯកជនទេ ដោយសារវិស័យឯកជន​គឺផ្តោតលើប្រាក់ចំណេញ ប៉ុន្តែ ការវិនិយោគសាធារណៈ វាមានសារៈសំខាន់សម្រាប់ឧស្សាហូបនីយកម្មរយៈពេលវែងរបស់ប្រទេស។

ពិត​ណាស់ថា ​បើ​ទោះ​ជា​គោលគំនិតមាន​ភាពឧត្តុង្គឧត្តមយ៉ាងណាក៏ដោយ ប៉ុន្តែ វា​​ក៏​​មាន​ហានិភ័យ​សម្រាប់​រដ្ឋាភិបាល​ដែរ។ ការវិនិយោគសាធារណៈត្រូវការដើមទុនច្រើន។ ជាឧទាហរណ៍ ប្រសិនបើប្រទេសកម្ពុជាមានបំណងចង់បង្កើតសាកលវិទ្យាល័យនិម្មិតដូចនៅទីក្រុងសិនជិន​ តើយើងធ្វើដូចម្តេចដើម្បីប្រាកដថាសាកលវិទ្យាល័យនានាយល់ព្រមបង្កើតសាលានិម្មិត​របស់ពួកគេនៅខេត្តព្រះសីហនុ? តើ​យើង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ប្រាកដ​ថា ក្រុង​ព្រះសីហនុ​នឹង​មាន​ក្រុមហ៊ុន​ច្រើន​ ដែល​អាច​​បង្កើត​តម្រូវ​ការ​ខ្លាំង​សម្រាប់​និស្សិត​បញ្ចប់​ការ​សិក្សាពីសាកលវិទ្យាល័យនិម្មិត​នោះ? ចុះ​បើ​ការ​សាងសង់​រួចរាល់​ហើយ​បែរជា​មិនអាចទាក់ទាញសិស្សពូកែមកបាន ដោយសារ​ក្រុង​​ព្រះសីហនុពុំ​មាន​ការងារ​ល្អ និងមានកម្រៃច្រើននោះ តើយើងត្រូវធ្វើ​ដូចម្តេច?

វិធីសាស្រ្ត "ជាជំហានៗ និងសម្របខ្លួនតាមកាលៈទេសៈ" គឺប្រហែលជាគោលការណ៍មូលដ្ឋាន​។

ការផ្សងព្រេងដែលមានតម្លៃខ្ពស់​ហួសហេតុ​គួរតែត្រូវចៀស​វាង។

សម្រាប់​រាជ​រដ្ឋាភិបាល បើ​ទោះ​ជា​យើង​អាច​មាន​ផែនការ​មេ​ដ៏​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ ប៉ុន្តែ​ ការ​អនុវត្ត​គឺ​ជា​បញ្ហា​មួយ​ដោយឡែកផ្សេងទៀត​។ ការសម្របសម្រួលឆ្លងកាត់​ក្រសួង និងរវាង​ស្រទាប់ផ្សេងៗនៃស្ថាប័ន​ អនុវត្ត គឺជាបញ្ហាប្រឈមជាក់ស្តែងសម្រាប់រដ្ឋាភិបាលទាំងអស់​នៅ​ក្នុងពិភពលោក។ ការប្រមូលផ្តុំសម្ទុះ​ជាតិឆ្ពោះទៅរកទិសដៅជាក់លាក់ណាមួយ ទាមទារឱ្យមាន​ការប្តេជ្ញាផ្នែក​ថវិកាដ៏រឹងមាំ មានការកំណត់​ដែនសមត្ថកិច្ច​ និងការទទួលខុសត្រូវ​សម្រាប់​ស្ថាប័ន​អនុវត្តច្បាស់លាស់​ ហើយសំខាន់ផងដែរនោះ គឺ​ស្ថាប័នដ៏មានអំណាច​ឥទ្ធិពលដែលមានធនធានមនុស្សគ្រប់គ្រាន់​ ដើម្បីដឹកនាំ​ជំរុញដំណើរការអនុវត្ត។

ក្រៅពីរដ្ឋាភិបាលដែលសកម្ម និងគាំទ្រ វិស័យឯកជនក៏មានតួនាទីពិសេសរបស់ខ្លួនដែរ។ វិស័យឯកជន​ត្រូវដើរ​ឈានមុខគេ លើ​នវានុវត្តន៍ផ្នែក​ធុរកិច្ច និងបច្ចេកវិទ្យា។ សំណួរនៅត្រង់ថា តើប្រទេសកម្ពុជាអាចពង្រីក "ធាតុចូល​" របស់ខ្លួន​បាន​ដល់កម្រិតណា នៅពេលដែលខេត្តព្រះសីហនុ ត្រូវបានផ្សារភ្ជាប់កាន់តែខ្លាំងជាមួយនឹងខ្សែច្រវ៉ាក់តម្លៃពិភពលោក? តើយើងមានក្រុមហ៊ុនក្នុងស្រុកល្អច្រើនគ្រប់គ្រាន់ ដើម្បីគាំទ្រដល់​ប្រព័ន្ធទ្រទ្រង់​នៃតំបន់សេដ្ឋកិច្ចពិសេសដែរឬទេ? តើយើងមានធនធានមនុស្សដែលមានជំនាញគ្រប់គ្រាន់តាមតម្រូវការរបស់ក្រុមហ៊ុនដែរឬទេ? តើ​កម្ពុជា​អាច​ផ្គត់​ផ្គង់​សម្ភារ​ផលិត​ក្នុង​ស្រុក​បាន​ប៉ុន្មាន​ក្នុង​ខ្សែ​ច្រវ៉ាក់​​តម្លៃ​សាកល ដោយ​ប្រើ​ប្រាស់​ខេត្ត​ព្រះសីហនុ​ជា​ច្រក​ចេញ?

ចុងក្រោយ ការយល់ឃើញ និងផ្នត់គំនិតរបស់ប្រជាជន​ក៏មានសារៈសំខាន់ផងដែរ​។ តើ​កម្ពុជា​អាច​បង្កើត​បរិយាកាស​វិនិយោគ ដែល​ប្រជាជន​មាន​អារម្មណ៍ថាខ្លួន​ទើបរកឃើញរ៉ែមាសដែរឬទេ? តើប្រជាជនរបស់យើងអាចទទួលយកអនុវត្ត​ពេញលេញ នូវ​គោល​គំនិត "ពេលវេលាជាមាសប្រាក់​" ហើយសុខចិត្តធ្វើការរហូតដល់យប់ជ្រៅដូចយុវជននៅទីក្រុងសិនជិន ដោយលះបង់ថ្ងៃឈប់សម្រាកជាសាធារណៈដ៏វែងរបស់ពួកគេដែរឬទេ?

វិស្វកម្មបញ្ច្រាស (reverse engineering) ឬការកសាងឡើងវិញនូវ​គម្រូទីក្រុងសិនជិន​ អាចតម្រូវ​អោយ​មាន​ការពាក់ព័ន្ធចូលរួម​ពី​គ្រប់តួអង្គស្ថាប័នរាជ​រដ្ឋាភិបាល​ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយជាក្បាលម៉ាស៊ីន​ដឹកនាំ​កំណើនពិតប្រាកដ និងជាបង្គោលសេដ្ឋកិច្ចដ៏រឹងមាំ ដោយ​ប្រើប្រាស់​សក្តានុពល​របស់ខ្លួន​ដល់កម្រិតអតិបរមា​។ ក្នុងទិសដៅនេះ យើងគួរតែចៀស​វាងកុំ​អោយ​មាន​ការរំពឹងទុកហួសហេតុ ប៉ុន្តែ យើងក៏​មិនគួរកាត់​បន្ថយក្តីសុបិនរបស់យើងខ្លាំងពេក រហូតដល់​កម្រិត​ដែល​យើង​មើលឃើញតែការពិត ហើយ​បាត់​បង់​ក្តីសុបិនទាំងស្រុង​នោះដែរ​។

សុបិន​ទាំងនោះត្រូវមាន​ការ​រៀបចំផែនការត្រឹមត្រូវ​ ហើយកែប្រែ និងសម្របខ្លួនតាមតថភាព និងបច្ចុប្បន្នភាព​ថ្មីៗជានិច្ច។

ទៅថ្ងៃអនាគត​ ប្រហែលជាប្រជាជនខ្មែរ​ក៏អាចឡើង​ទៅឋានព្រះច័ន្ទបានដែរ។ នេះគឺជាសុបិនមួយរបស់​កម្ពុជា។​

  

No comments: