វារីអគ្គិសនី: ឥទ្ធិពលចិន
និង បញ្ហាបរិស្ថាន?
ដោយស៊ឹម វីរៈ
កាសែតប៉ុស្តិ៍ខ្មែរ លិខិតមិត្តអ្នកអាន ចុះថ្ងៃទី ២៦ ខែ កក្កដា
ឆ្នាំ ២០១៤
តម្លៃអគ្គិសនីនៅកម្ពុជាគឺមានតម្លៃថ្លៃជាងគេនៅក្នុងតំបន់ដែលជារបាំងមួយក្នុងការទាក់ទាញវិនិយោគិនបរទេស។
រដ្ឋាភិបាលរំពឹងថា បញ្ហានេះនឹងត្រូវបានដោះស្រាយនៅពេលថាមពលពីវារីអគ្គិសនីចាប់ដំណើរការ។
នៅក្នុងការពិភាក្សាទាក់ទងទៅនឹងរោងចក្រថាមពលវារីអគ្គិសនីយើងសង្កេតឃើញមានលក្ខណពិសេសពីរយ៉ាង
ទី១ គឺ“ការបន្ទោសប្រទេសចិន” និង ទី២ ការផ្តោតអារម្មណ៍ខ្លាំងទៅលើផលប៉ះពាល់បរិស្ថាន
ពោលគឺសុទ្ធតែជាទ្រឹស្តីអវិជ្ជមាន។
លក្ខណពិសេស ទី១ “ការបន្ទោសប្រទេសចិន”
ចំណុចនេះកើតឡើងដោយសារថា ភាគច្រើននៃគម្រោងរោងចក្រថាមពលវារីអគ្គិសនីសុទ្ធតែពាក់ព័ន្ធជាមួយនឹង
ប្រទេសចិន។ យោងតាមក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុនរបស់ចិន បានវិនិយោគជាង ១៦០០
លានដុល្លារ លើការសាងសង់ទំនប់វារីអគ្គិសនីចំនួន ៦ ដែលអាចផ្គត់ផ្គង់ថាមពលបាន
៩២៨ មេហ្គាវ៉ាត់។ តួលេខនេះហាក់ក្លាយជាមូលដ្ឋានចម្បងក្នុងការទាញសេចក្តីសន្និដ្ឋានថា
កម្ពុជាប្រហែលជាផ្តល់អភ័យឯកសិទ្ធិពិសេសផ្តាច់មុខដល់ ប្រទេសចិន។ ប៉ុន្តែ ផ្ទុយទៅវិញ
យើងក៏គួរតែឆ្ងល់ដែរថា ហេតុអ្វីបានជាប្រទេសដទៃទៀតមិនធ្វើ ឬ មិនចង់ធ្វើគម្រោងបែបនេះ។
ជប៉ុន ដែលជាប្រទេសផ្តល់ជំនួយធំបំផុតមួយរបស់កម្ពុជាមិនដែលមានគម្រោងទាក់ទងនឹងរោងចក្រថាមពលវារីអគ្គិសនីទ្រង់ទ្រាយធំនៅកម្ពុជានោះឡើយ
តាំងពីជប៉ុនចាប់ផ្តើមឡើងវិញនូវជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជានៅ ឆ្នាំ១៩៩២។
តើនេះបណ្ដាលមកពីមូលហេតុអ្វី?
គម្រោងទំនប់វារីអគ្គិសនី
ណាម៉ាដា នៅ ឥណ្ឌា និង កូតូប៉ានចាំង នៅឥណ្ឌូនេស៊ី គឺជាចម្លើយចំពោះសំណួរខាងលើ។
គម្រោងទាំងនេះគឺជាបទពិសោធដ៏ជូរចត់របស់រដ្ឋាភិបាលជប៉ុន ដែលធ្វើឲ្យជប៉ុនមានការរារែកក្នុងការប្រឡូកជាមួយនឹងគម្រោងបែបនេះ
ដែលតែងតែបញ្ឆេះនូវការប្រទូសរ៉ាយមិនចេះចប់រវាងក្រុមដែលការពារបរិស្ថាន
និងអាជ្ញាធរ ហើយនៅទីបញ្ចប់គឺធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្លួនដែលជាម្ចាស់ជំនួយទៅវិញ។